ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ ត្រូវបានក្រុមគ្រួសារនារីរងគ្រោះប្ដឹងប៉ូលិសឱ្យចាប់ខ្លួនពាក់ព័ន្ធករណីចាប់នារីម្នាក់រំលោភសេពសន្ថវៈ ខណៈភាគីទាំង២នាក់បានទាក់ទងគ្នាតាមទូរស័ព្ទ រួចណាត់ជួបគ្នាដើម្បីសាសងស្នេហានៅវាលស្រែ តែត្រូវក្រុមគ្រួសារតាមទាន់ កាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី១៣ មីនា ស្ថិតនៅចំណុចវាលស្រែខាងត្បូង ភូមិស្លាខាងលិច ឃុំស្លា ស្រុកសំរោង ។
លោក មឿង សារុន អធិការនគរបាលស្រុកសំរោង បានឲ្យដឹងថា ជនសង្ស័យឈ្មោះ សុខ សម្បត្តិ អាយុ១៩ឆ្នាំ រស់នៅស្រុកសំរោង ។ ចំណែកនារីរងគ្រោះអាយុ១៧ឆ្នាំ រស់នៅក្នុងខេត្តតាកែវ ។
លោកអធិការស្រុក បានបន្តថា យោងតាមពាក្យបណ្តឹងរបស់ក្រុមគ្រួសារនារីរងគ្រោះថា មុនពេលកើតហេតុ នារីរងគ្រោះជិះកង់មកពីផ្ទះបងប្អូន លុះមកដល់ចំណុចកើតហេតុបានជួបជនសង្ស័យហើយក៏ឈប់ ពេលនោះជនសង្ស័យឃើញឱកាសល្អ ក៏ចាប់នាងផ្តួលទៅលើដីរួចរំលោភនៅវាលស្រែ ខណៈនោះក្រុមគ្រួសារក៏មកទាន់ ហើយនារីរងគ្រោះក៏ស្រែកចោទថា ជនសង្ស័យចាប់រំលោភនាងតែម្តង ។
នៅចំពោះមុខប៉ូលិស ជនសង្ស័យបាននិយាយថា គ្មានការចាប់រំលោភអ្វីឡើយ ព្រោះពួកគេស្រឡាញ់គ្នាដោយបាននិយាយទាក់ទងគ្នាតាមទូរស័ព្ទអស់រយៈពេល២ឆ្នាំមកហើយ មុនពេលកើតហេតុនាងនិងរូបគេបានណាត់ជួបគ្នានិយាយគ្នាលេងយ៉ាងសប្បាយរីករាយបំផុត លុះពេលក្រុមគ្រួសារនាងមកដល់នាងបែរជាស្រែកថា រូបគាត់ជាអ្នកចាប់នាងរំលោភទៅវិញ គាត់មិនយល់សោះ ។
ទោះបីជាយ៉ាងណាក្តី ជនសង្ស័យត្រូវបានប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ