រាជធានីភ្នំពេញ ៖ ស្ត្រីជាបុគ្គលិកធនាគារម្នាក់ បានរងរបួសធ្ងន់ខណៈដែលកំពុងជិះម៉ូតូ ក៏ត្រូវក្រុមចោរធ្វើសកម្មភាពឆក់កាបូបនិងបានប្រវាយប្រតប់គ្នាដួលម៉ូតូទៀត ហេតុការណ៍នេះកើតឡើង កាលពីម៉ោង០៦ និង១០នាទីព្រឹកថ្ងៃទី១៤ មីនា ២០១៦ ស្ថិតនៅចំណុចលើស្ពាន៥មករា ហៅស្ពានតិចណូផ្នែកខាងកើត ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ។
ស្ត្រីរងគ្រោះឈ្មោះង៉ែត ស្រីនាង អាយុ២២ឆ្នាំ ជាបុគ្គលិកធនាគារ ស្នាក់នៅភូមិក្រាំងលាវ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល របួសបោកក្បាលបែក កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ។
បើតាមស្ត្រីរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុ នាងបានជិះម៉ូតូមួយគ្រឿង ម៉ាកស្គូពី ពណ៌.ស ស៊េររី២០១៥ ពាក់ស្លាកលេខភ្នំពេញ1FG-3242 តែម្នាក់ឯង ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចលើស្ពាន៥មករា ក៏ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង ពណ៌ខ្មៅ មិនចាំម៉ាក មកអែបហើយធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់នាង ។
នៅក្នុងសកម្មភាពឆក់ ពុំបានសម្រេចនោះទេ ព្រោះមានការប្រទាញប្រទង់គ្នា បណ្តាលឱ្យដួលម៉ូតូនៅលើស្ពានរងរបួសតែម្តង ។ចំណែកជនសង្ស័យ បានជិះម៉ូតូគេចខ្លួនបាត់ស្រមោល ។ បន្ទាប់ពីមានហេតុការណ៍នេះ ត្រូវបានអ្នកស្គាល់គ្នាជិះម៉ូតូឆ្លងកាត់ ឃើញក៏បានបញ្ជូនទៅសង្គ្រោះ ៕
ចែករំលែកព័តមាននេះ