ខេត្តស្វាយរៀង ៖ ស្ត្រីស៊ីឈ្នួលលើកទឹកសុទ្ធម្នាក់ត្រូវខ្សែភ្លើងឆក់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីថ្ងៃទី១៣ មីនា ២០១៦ ស្ថិតនៅក្នុងរោងសិប្បកម្មផលិតទឹកសុទ្ធគ្មានយីហោមួយកន្លែង ត្រង់ចំណុចផ្លូវជាតិលេខ១ ក្នុងភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ។
ស្ត្រីដែលស្លាប់ឈ្មោះចាន់ សារ៉េន អាយុ៤៤ឆ្នាំ ជាកម្មករលើកទឹកសុទ្ធ មានទីលំក្នុងភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ។ ចំណែកខាងម្ចាស់សិប្បកម្មទឹកសុទ្ធមានឈ្មោះថោង ជីវី ភេទប្រុស អាយុ៥៤ឆ្នាំ និងប្រពន្ធឈ្មោះព្រំ សារិន អាយុ៤៣ឆ្នាំ បានបើកលួចលាក់ ពុំបានសុំច្បាប់អនុញ្ញាតត្រឹមត្រូវស្របច្បាប់ ក៏ប៉ុន្តែម្ចាស់សិប្បកម្មមួយនេះ បានដំណើការផលិតទឹកសុទ្ធលក់ជិត១ឆ្នាំមកហើយ ។
ប្រភពដដែលបន្តថា ចំពោះមូលហេតុធ្វើឱ្យជនរងគ្រោះស្លាប់ គឺមកពីដៃសើម ហើយទៅបិតបារ៉ែតភ្លើងនៅសសររោងសិប្បកម្មបណ្តាលឱ្យខ្សែភ្លើងឆក់ ដួលសន្លប់ទៅលើដី និងធ្វើឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ រត់មកឆោឡោ និងបាចដីខ្សាច់ចាក់ទឹក ជួយធ្វើចលនាបេះដូង ។
បន្ទាប់មក ក៏បានហៅរថយន្តដឹកបញ្ជួនជនរងគ្រោះទៅកាន់មន្ទីរពេទ្យស្រុកស្វាយទាប ដើម្បីសង្គ្រោះ ក៏ប៉ុន្តែលោកគ្រូពេទ្យបានប្រាប់ថា ស្ត្រីរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ ។
ចែករំលែកព័តមាននេះ