ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លំ​ហាត់​ឆ្មាំ​អង្គរ​ឆ្នាំ​2016 កង​យោធពលខេមរភូមិន្ទ និង​កងទ័ពជើងគោក​អា​មេ​រិ​ក

10 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែមីនា នៅ​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព ACO មាន​រៀបចំ​បើក​វគ្គ​ហ្វឹកហ្វឺន​លំ​ហាត់​ឆ្មាំ​អង្គរ​ឆ្នាំ​២០១៦ ក្រោម​វត្តមាន​របស់​លោក​ឧត្តមសេនីយ៍ឯក ជា សា​រ៉​ន មេបញ្ជាការ​រង

ខេត្តកំពង់ស្ពឺ ៖ នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែមីនា នៅ​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព ACO មាន​រៀបចំ​បើក​វគ្គ​ហ្វឹកហ្វឺន​លំ​ហាត់​ឆ្មាំ​អង្គរ​ឆ្នាំ​២០១៦ ក្រោម​វត្តមាន​របស់​លោក​ឧត្តមសេនីយ៍ឯក ជា សា​រ៉​ន មេបញ្ជាការ​រង និង​ជា​នាយសេនាធិការ​កងទ័ពជើងគោក លោក​ជំទាវ ជូ​លី ជុង​(JULIE CHUNG) តំណាង​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា លោក​ឧត្តមសេនីយ៍ទោ EDWARD F.DOORMAN មេបញ្ជាការ​ទីបញ្ជាការ​ទ្រទ្រង់​ទី​៨​នៃ​កងទ័ពជើងគោក​សហរដ្ឋអាមេរិក​ប្រចាំ​តំបន់​ប៉ា​ស៊ី​ហ្វិ​ក ។
ក្នុង​ឱកាស​នោះ ក៏​មានការ​ចូលរួម​ពី​អនុព័ន្ធយោធា អាជ្ញាធរ​ដែនដី និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ផង​ដែរ ។

ពិធី​បើក​វគ្គ​ហ្វឹកហ្វឺន​លំ​ហាត់​ឆ្មាំ​អង្គរ​ឆ្នាំ​២០១៦ គឺជា​លំ​ហាត់​ទ្វេភាគី រវាង​កង​យោធពលខេមរភូមិន្ទ​ជាមួយ​កងទ័ពជើងគោក​សហរដ្ឋអាមេរិក​ប្រចាំ​តំបន់​ប៉ា​ស៊ី​ហ្វិ​ក ដែល​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៤ ខែមីនា ដល់ទី​២៦ ខែមីនា ឆ្នាំ​២០១៦ ។ កម្មសិក្សាការី​ដែល​ចូលរួម​ក្នុង​លំ​ហាត់​ឆ្មាំ​អង្គរ​នេះ មាន​ចំនួន​សរុប​៥០៨​នាក់​ក្នុង​នោះ​កងទ័ពជើងគោក​សហរដ្ឋអាមេរិក​១០៨​នាក់ និង​កង​យោធពលខេមរភូមិន្ទ​៤០០​នាក់ ។

លោក​ឧត្តមសេនីយ៍ទោ EDWARD F.DOORMAN មាន​ប្រសាសន៍​ថា សមយុទ្ធ​ឆ្មាំ​អង្គរ​២០១៦​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ គឺជា​សមយុទ្ធ​ដែល​ឧបត្ថម្ភ​ដោយ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​សហរដ្ឋអាមេរិក​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក (USARPAC) និង​ជា​សមយុទ្ធ​ទ្វេភាគី​ប្រចាំឆ្នាំ​ដែល​ធ្វើ​ឡើង​ដោយ​កងកម្លាំង​កងទ័ព​សហរដ្ឋអាមេរិក និង​កម្លាំង​ទ័ព​កម្ពុជា​។​សមយុទ្ធ​នេះ លើកកម្ពស់​ភាព​ត្រៀម​ជា​ស្រេច​និង​អន្តរ​ប្រតិបត្តិការ ។

លោក​មេបញ្ជាការ​បន្ត​ថា សមយុទ្ធ​ឆ្មាំ​អង្គរ​២០១៦ បន្ត​ការ​ខិតខំ​ដ៏​សំខាន់​មួយ​ដែល​មាន​រយៈពេល​៧​ឆ្នាំ​មក​ហើយ ដោយ​USARPAC និង​បញ្ជាការដ្ឋាន​នៃ​កងទ័ព​សហរដ្ឋ​អាមេ​រិក​នៅ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វឹក (PACOM) សមត្ថភាព​ក្នុង​ការ​ធ្វើ​សកម្មភាព​ផ្តល់​ជំនួយ​មនុស្សធម៌​និង​ជំនួយ​សង្គ្រោះ​បន្ទាន់​នៅ​ប្រទេស​កម្ពុជា ។ សមយុទ្ធ​នេះ រួមចំណែក​ដោយ​ផ្ទាល់​ដល់​ការ​សម្រេច​គោលបំណង​សន្តិសុខ​របស់​សហរដ្ឋអាមេរិក​និង​ប្រទេស​កម្ពុជា ដោយ​មានការ​ហ្វឹក​ហ្វឹ​ន​ដ៏​តឹងតែង​សម្រាប់​ប្រទេស​ទាំង​ពីរ ។ កងកម្លាំង​កម្ពុជា​ដែល​ចូលរួម មក​ពី​កង​យោធពលខេមរភូមិន្ទ មជ្ឈមណ្ឌល​ជាតិ​សម្រាប់​ថែរក្សា​សន្តិភាព មជ្ឈមណ្ឌល​កម្ចាត់​មីន​និង​យុទ្ធភណ្ឌ​សល់​ពី​សង្គ្រាម និង​កងរាជអាវុធហត្ថ ។

លោក​ជំទាវ ជូ​លី ជុង តំណាង​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​ថា ការ​ហ្វឹកហ្វឺន​នឹង​ផ្តោត​សំខាន់​ទៅ​លើ​ប្រតិបត្តិការ​ផ្តល់​ជំនួយ​មនុស្សធម៌ និង​ជំនួយ​សង្គ្រោះ​បន្ទាន់ ជាមួយនឹង​ដំណើរការ​សិក្សា​ស៊ីជម្រៅ ការ​កសាង​និង​ពង្រីក​ក្រុម​បុគ្គលិក​យា់ង​ម៉ត់ចត់ ហើយ​និង​ធ្វើការ​ហ្វឹកហ្វឺន​តាម​ប្រព័ន្ធ​ទំនាក់ទំនង និង​ការ​ធ្វើ​ត្រាប់​តាម​កុំព្យូទ័រ​ជាក់ស្តែង ដែល​មាន​ភាព​ចាំបាច់់​សម្រាប់​បេសកកម្ម​សន្តិសុខ​ដ៏​ស្មុគស្មាញ ។

សមយុទ្ធ​ឆ្មាំ​អង្គរ​២០១៦​នេះ លើកកម្ពស់​យ៉ាង​សកម្ម​ដល់​ស្ថិរភាព​តំបន់ និង​កិច្ច​សហប្រតិបត្តិការ​តំបន់ ដោយ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​ដៃគូ​ក្នុង​តំបន់ ។ នេះ​ជា​ការ​ផ្លាស់​ប្តូរ​គ្នា​ទៅ​វិញ​ទៅ​មក ។ បុគ្គលិក​យោធា​សហរដ្ឋអាមេរិក​ដែល​ចូលរួម​ក្នុង​សមយុទ្ធ​ឆ្មាំ​អង្គរ​២០១៦ នឹង​ទទួល​បទ​ពិសោធន៍​តាម​រយៈ​ការ​ធ្វើការ​ជាមួយ​សម​ភាគី​កម្ពុជា ហើយ​ភាគី​កម្ពុជា​ក៏​នឹង​ទទួល​បាន​បទ​ពិសោធន៍​ពី​បុគ្គលិក​យោធា​សហរដ្ឋអាមេរិក​ដូច​គ្នា ។

លោក​ឧត្តមសេនីយ៍ឯក ជា សា​រ៉​ន មាន​ប្រសាសន៍​ថា តាង​នាម​ក្រសួងការពារជាតិ អគ្គបញ្ជាការ មេបញ្ជាការ​កងទ័ពជើងគោក​នៃ​កង​យោធពលខេមរភូមិន្ទ សូម​សម្តែង​ការ​សាទរ​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​របស់​លោក​ជំទាវ​តំណាង​ស្ថានទូត លោក​មេបញ្ជាការ និង​សហការី ព្រមទាំង​កម្មសិក្សាការី​ទាំងអស់​ដែល​បាន​ចូលរួម​ក្នុង​លំ​ហាត់​ហ្វឹក​ហ្វឺន​ឆ្មាំ​អង្គរ​២០១៦​នេះ ។ ក្នុង​ឱកាស​នេះ​ដែរ លោក​ក៏​សូម​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ និង​នឹករឭក​ដ៏​ជ្រាលជ្រៅ​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ពី​លោក​ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោកនាយ​ឧត្តមសេនីយ៍​អគ្គមេបញ្ជាការ​-​អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ ចំពោះ​ថ្នាក់ដឹកនាំ​លំ​ហាត់ យោធា​ចា​រ្យ និង​កម្មសិក្សាការី​ទាំងអស់​ក្នុង​មនោសញ្ចេតនា​គោរព​ស្រឡាញ់ ជូន​ដល់​ថ្នាក់ដឹកនាំ យោធា​ចា​រ្យ និង​កម្មសិក្សាការី​កម្ពុជា និង​អា​មេ​រិ​ក ទទួល​បាន​នូវ​សុខភាព​ល្អ​បរិបូរណ៍ កម្លាំង​ពលំ​មាំមួន ក្នុង​ការ​ចូលរួម​ធ្វើ​លំ​ហាត់ ពិសេស​សូម​ឱ្យ​ការ​ស្នាក់​នៅ​លើ​ទឹកដី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​របស់​កងទ័ព​សហរដ្ឋអាមេរិក​ប្រកប​តែ​សេចក្តីសុខ​សុវត្ថិភាព ។

លោក​ឧត្តមសេនីយ៍ឯក ជា សា​រ៉​ន ក៏​បាន​ថ្លែង​នូវ​ការ​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​អនុ​គណៈកម្មការ​ក្រុមការងារ​ធ្វើ​លំ​ហាត់​ទាំង​ពីរ​កម្ពុជា​និង​សហរដ្ឋអាមេរិក ដែល​បាន​ធ្វើ​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ល្អ​ប្រសើរ ពាក់ព័ន្ធ​នឹង​ការងារ​ត្រៀម​រៀបចំ​ធ្វើ​លំ​ហាត់ តាំងពី​ដំណាក់កាល​ដំបូង​រហូត​ដល់​មាន​ពិធី​បើក​វគ្គ​លំ​ហាត់​ឆ្មាំ​អង្គរ​នៅ​ពេល​នេះ ។ នេះ​គឺជា​លំ​ហាត់​ហ្វឹកហ្វឺន​ឆ្មាំ​អង្គរ​លើក​ទី​៧ ហើយ​ក៏​ជា​លំ​ហាត់​ហ្វឹកហ្វឺន​ឆ្មាំ​អង្គរ​លើក​ទី​៣​ដែរ ដែល​កងទ័ពជើងគោក​នៃ​កង​យោធពលខេមរភូមិន្ទ ដើរតួ​ជា​ស្នូល​ក្នុង​ការ​ចូល​រួម​ធ្វើ​លំ​ហាត់​ជាមួយ​កងទ័ពជើងគោក​សហរដ្ឋអាមេរិក​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ។ លោក​ឧត្តមសេនីយ៍ឯក បន្ត​ថា ប្រទេស​កម្ពុជា​គឺជា​ប្រទេស​មួយ​ដែល​មាន​សង្គ្រាម​ផ្ទៃ​ក្នុង​អូស​បន្លាយ​ដ៏​រ៉ាំ​រ៉ៃ​ជាងគេ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ៕