រាជធានីភ្នំពេញ ៖ តារាចម្រៀងលី អីុវ៉ាធីណា ហាក់មិនចាត់ទុកការក្រាបសំពះផ្ទឹមចង ដៃក្រោមសំឡេងភ្លេងការជារឿងសំខាន់ប៉ុន្មានទេ ។ តារាចម្រៀងរូបនោះមានជំហរថាបើមានគូអនាគត នាងប្រហែលជាមិនរៀបការទេ ចង់រស់នៅរួមគ្នាដូចនៅអឺរ៉ុប ។
ក្នុងសម្តីរួសរាយជាមួយអ្នកសារព័ត៌មាន ខណៈកញ្ញាលី អីុវ៉ាធីណា ប្រារព្ធពិធីខួបកំណើតគម្រប់វ័យ៣១ឆ្នាំ របស់ខ្លួនបានបញ្ជាក់ឱ្យដឹងថា មកទល់ពេលនេះនាងទើបតែទទួលយកបុរសម្នាក់សម្រាប់ការពិចារណាឲ្យល្អិតល្អន់អំពីអនាគត ។ ធីណាបានទាក់ទងជាមួយបុរសវ័យ៣០ក្រាស់ម្នាក់រស់នៅសហរដ្ឋអាមេរិកមួយរយៈមកហើយ ។ ទោះជាយ៉ាងណាក្តី ជាមួយបុរសនោះ ធីណានៅមិនទាន់ដឹងទៅមុខបែបណាទៀតទេគ្រាដែល អ្វីៗស្ថិតនៅក្នុងការពិចារណា ។

តារាចម្រៀងតូចច្រឡឹងរូបនេះលើកឡើងថា «តាមចំណូលចិត្តរបស់នាងខ្ញុំ បើនិយាយពីបញ្ហារៀបការនោះ គឺដូចជាមិនសូវសំខាន់ពេកទេ ។ បើគិតពិចារណាទៅមានគូស្នេហ៍ ឬប្តីប្រពន្ឋមួយចំនួនរៀបការនៅជាមួយគ្នាហើយ បែរជាបែកគ្នា ផុយៗ មើលទៅដូចជា លេងៗទេ ។ ម៉្លោះហើយនាងខ្ញុំចង់បានជីវិតស្នេហាដូចអឺរ៉ុប យល់ថាល្អម្យ៉ាង ។ លើសពីនេះប្រសិនបើថ្ងៃក្រោយនៅជាមួយគ្នាមានកូនចៅអាចគិតរៀបការនោះក៏មិនទាស់អ្វីដែរ ។ ទោះបីជាយ៉ាងណាក្តី ដ្បិតតែអាយុនាងខ្ញុំឈានដល់វ័យ៣១ឆ្នាំ ប៉ុន្តែបើនិយាយពី ប្រុសៗសុំស្រឡាញ់ក៏មានច្រើនដែរ ប៉ុន្តែមកពីគិតថា ខុសចិត្តខុសគំនិតគ្នា ។
មុនពេលស្គាល់បុរសម្នាក់នៅអាមេរិកនាងខ្ញុំធ្លាប់ជួបរឿងបែកបាក់គូស្នេហ៍ម្តងដែរ មកពីមានគំនិតខ្វែងគ្នាច្រើន» ។
មិនចង់រៀបការ ហើយមិនខ្លាចមជ្ឈដ្ឋាននានារិះគន់ក្នុងនាមស្ត្រីខ្មែរ លី អីុវ៉ាធីណា និយាយថា «នាងខ្ញុំមិនផ្តោតលើសម្តីរិះគន់របស់អ្នកណានោះទេ ពីព្រោះនោះជាជីវិតនាងខ្ញុំ ហើយជាការរស់នៅជាមួយមនុស្សតែពីរនាក់ គ្មានអ្នកណាមកជួយយើងនៅពេលយើងជួបទុក្ខលំបាកទេ ដូច្នេះហើយទើបនាងខ្ញុំមិនផ្តោតការយកចិត្តទុកដាក់រឿងគេថាប៉ុន្មានឡើយ» ។
ទាក់ទិននឹងការប្រារព្ធខួបកំណើតអាយុ៣១ឆ្នាំ កាលពីរាត្រីថ្ងៃទី១០ មីនា ឆ្នាំ២០១៦នោះលី អីុវ៉ាធីណា ឲ្យដឹងថា ពិធីនេះនាងមិន អញ្ជើញភ្ញៀវច្រើនទេ ។ ប៉ុន្មានឆ្នាំមកហើយធីណាមិនដែលនឹកនាធ្វើខួបកំណើតទេ ព្រោះហត់ពេក ។ ទើបតែឆ្នាំនេះមិត្តភក្តិមួយចំនួនជំរុញថា គួរតែធ្វើកុំឱ្យស្ងាត់ពេកព្រោះអាយុច្រើនហើយ។ ពិធីខួបកំណើតរបស់ធីណានោះមិនអញ្ជើញភ្ញៀវច្រើននាំឲ្យស្ទះរថយន្តទេ គឺតែប្រមាណ១០០នាក់ប៉ុណ្ណោះទាំងមិត្តសិល្បៈជិតដិត និងមិត្តភក្តិក្រៅសិល្បៈ ព្រមទាំងក្រុមការងារប្រចាំផលិតកម្មថោនផងដែរ ។
គូស្នេហ៍នៅក្រៅប្រទេសមិនបានចាត់ចែងកម្មវិធីខួបកំណើតជូន តែអីុ វ៉ាធីណាមិនអន់ចិត្តទេ ព្រោះយល់ពីការងាររបស់គេ ។ ធីណាចំណាយប្រាក់ខ្លួនឯង ក្នុងន័យចង់ឲ្យបានសុខសប្បាយ ក្រុមគ្រួសារមានសេចក្តីសុខ ។ កញ្ញាលី អីុវ៉ាធីណា នៅអំឡុងបុណ្យចូលឆ្នាំខ្មែរខាងមុខនាងគ្រោងចេញបទចម្រៀងប្រជាប្រិយមួយចំនួននៅផលិតកម្មថោន។ ក្រៅពីបទចម្រៀងចូលឆ្នាំ ធីណាត្រៀមចេញបទចម្រៀង មនោសញ្ចេតនាផងដែរ៕
ចែករំលែកព័តមាននេះ