ក្រុមហ៊ុនស៊ូជីងផ្គើន មិនព្រមរុះរើព្រះពុទ្ធរូបចេញពីចិញ្ចើមផ្លូវ
ខេត្តសៀមរាប ៖ ក្រុមមន្ត្រីអាជ្ញាបានអះអាងថាក្រុមហ៊ុនវិនិយោគកំពុងផែតំបន់រមណីយដ្ឋានមាត់បឹងទន្លេសាបចុងឃ្នៀស ស៊ូជីង
ខេត្តសៀមរាប ៖ ក្រុមមន្ត្រីអាជ្ញាបានអះអាងថាក្រុមហ៊ុនវិនិយោគកំពុងផែតំបន់រមណីយដ្ឋានមាត់បឹងទន្លេសាបចុងឃ្នៀស ស៊ូជីង
ខេត្តសៀមរាប ៖ ក្រុមមន្ត្រីអាជ្ញាបានអះអាងថាក្រុមហ៊ុនវិនិយោគកំពុងផែតំបន់រមណីយដ្ឋានមាត់បឹងទន្លេសាបចុងឃ្នៀស ស៊ូជីង កំពុងតែផ្គើនទៅនឹងសេចក្តីណែនាំរបស់ខ្លួនជុំវិញការបង្គាប់បញ្ជាឲ្យមានការរៀបចំឲ្យបានប្រសើឡើងវិញនូវកន្លែងតម្កល់ព្រះពុទ្ធរូបថ្មមួយអង្គ ដែលក្រុមហ៊ុននេះបានដាក់នៅលើចិញ្ចើមផ្លូវ និងបែរព្រះភក្រ័ទៅទិសខាងលិច ហើយបង្កឲ្យមានរលកនៃការរិះគន់ខ្លាំងពីមហាជន អំពីការរំលោភបំពានទៅលើវិស័យព្រះពុទ្ធសាសនា ។
ប្រធានមន្ទីរធម្មការ និងសាសនា លោក វណ្ណ ប៊ុនណា បានអះអាងនៅព្រឹកថ្ងៃអាទិត្យទី១៣ ខែមីនានេះថា ពេលវេលាបានកន្លងផុតទៅជិតមួយឆ្នាំហើយ គិតចាប់ពីតំណាងក្រុមហ៊ុនស៊ូជីង បានសន្យាថានឹងធ្វើការកែសម្រួល ឬរុះរើព្រះពុទ្ធរូបថ្មមួយអង្គដែលខ្លួនបានដាក់នៅកន្លែងមិនសមរម្យ ក៏ប៉ុន្តែរហូតដល់ពេលនេះ នៅតែមិនមានការប្រែប្រួលអ្វីសូម្បីតែបន្តិច។ លោកបានបន្ថែមយ៉ាងដូច្នេះថា ចំពោះករណីនេះខាងមន្ទីរ មិនបញ្ចប់ត្រឹមហ្នឹងទេ ហើយយើងនឹងចាត់តាំងឲ្យមន្ត្រីក្រោមឳវាទមន្ទីររួមទាំងមន្ត្រីសង្ឃនិមន្តទៅកាន់ក្រុមហ៊ុនតែម្តងទៀតនៅពេលឆាប់ៗខាងមុខ ដើម្បីស្វះស្វែងឲ្យមានការអនុវត្តន៏តាមអ្វីដែលតំណាងក្រុមហ៊ុនបានសន្យាកាលពីអំឡុងពាក់កណ្តាលឆ្នាំ២០១៥កន្លងទៅ ។
គួរម្លឹកថា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ កន្លងទៅតំណាងក្រុមហ៊ុនស៊ូជីង លោក រឿង វុទ្ធី ដែលមានការអះអាងថាជាឪពុកក្មេករបស់លោក វ៉ា ឈូដា អគ្គនាយកក្រុមហ៊ុនស៊ូជីង និងជាទីប្រឹក្សាសម្តេចសង្ឃនាយកមួយរូបបានថ្លែងនូវចំពោះមន្ត្រីសង្ឃ រួមទាំងមន្ត្រីពាក់ពន្ធ័នឹងកិច្ចការសាសនាថាលោកមានការសោកស្តាយចំពោះការដាក់តាំងព្រះពុទ្ធដែលបង្កើតឲ្យមានការខឹងសម្បាពីមហាជន ហើយលោកបានសន្យាថានឹងធ្វើការរៀបចំកន្លែងតម្កល់ព្រះពុទ្ធរូបឲ្យបានប្រសើរឡើងវិញនៅពេលឆាប់បំផុត។
ក៏ប៉ុន្តែការសន្យារបស់តំណាងក្រុមហ៊ុនខាងលើត្រូវបានគេចាត់ទុកថាជាការសន្យាខ្យល់ ខណៈពេលវេលាបានកន្លងផុតជិតមួយឆ្នាំហើយ នៅតែមិនមានការកែប្រែប្រួលទាល់តែសោះ ។ ទោះជាយ៉ាងនេះក្តីប៉ុន្មានថ្ងៃចុងក្រោយនេះគេមិនអាចសុំការពន្យល់បន្ថែមពីលោករឿង វុទ្ធី តំណាងក្រុមហ៊ុនស៊ូជីង បានទេដោយរាល់ពេលទូរសព្ទ័ម្តងៗលោកតែងតែត្អូញត្អែថាឈឺ ឬជាប់រវល់ប្រជុំ ដូច្នេះគេមិនដឹងថាការសន្យារបស់គាត់ជុំវិញការរៀបចំកន្លែងតម្កល់ព្រះពុទ្ធរូបដែលបង្កើតបានជាភាពចម្រូងចម្រាសខាងលើនឹងត្រូវពន្យារហូតដល់ពេលណានោះទេ?
ចំណែកលោកអភិបាលខេត្តសៀមរាបលោក ឃឹម ប៊ុនសុង បានមានប្រសាសន៏នៅវេលាថ្ងៃត្រងទី១៣ ខែមិនា ដដែលថា ករណីនេះលោកបានណែនាំឲ្យក្រុមមន្ត្រីពាក់ពន្ធ័ចុះទៅពិនិត្យជាក់ស្តែងម្តងទៀត ដើម្បីរកទីតាំងសមរម្យមួយ សម្រាប់រៀបចំតម្កល់ព្រះពុទ្ធរូបឡើងវិញ មិនអាចបន្តទុកស្ថានការណ៏បែបហ្នឹងទៀតទេ។ សូមបញ្ចាក់ថា កាលពីដើមខែឧសភា ឆ្នាំ២០១៥ កន្លងទៅមានការរិះគន់ខ្លាំងៗពីក្រុមអ្នកលេងបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក ក៏ដូចជាមហាជនទូទៅ ទៅលើក្រុមហ៊ុនប្រមូលចំណូលពីភ្ញៀវទេសចរណ៏ចូលទៅទស្សនារមណីយដ្ឋានបឹងទន្លេសាបខាងលើ ជុំវិញការនាំយកព្រះពុទ្ធរូបមួយអង្គមានទំហំធំបង្គួរ សាងឡើងពីថ្មភក់ ទៅដាក់នៅលើចិញ្ចើមថ្នល់បែរព្រះភក្ត័ទៅទិសខាងលិច ហាលភ្លៀង ហាលក្តៅ ស្ថិតនៅមាត់ច្រកចេញចូលកំពុងផែរបស់ខ្លួន នាសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប។
ការដាក់តាំងរូបសំណាក់ព្រះពុទ្ធរូបនៅកន្លែងស្មោគរោគបែបហ្នឹងត្រូវបានគេគិតថា ជាការប្រមាថយ៉ាងធ្ងន់ធ្ងរទៅលើវិស័យព្រះពុទ្ធសាសនា និងទទូចឲ្យអាជ្ញាធរពាក់ពន្ធ័មានចំណាត់ការទៅលើក្រុមហ៊ុនហ្នឹងជាបន្ទាន់។ប៉ុន្មានថ្ងៃក្រោយមកខាងមន្ទីរជំនាញបានដឹកនាំមន្ត្រីសង្ឃចុះទៅពិនិត្យកន្លែងដែលក្រុមហ៊ុនស៊ូជីង ដាក់ព្រះពុទ្ធរូបនោះ និងបានរកឃើញកំហុសឆ្គងដូចអ្វីដែលគេរិះគន់យ៉ាងដូច្នេះមែន ហើយបានធ្វើការណែនាំឲ្យក្រុមហ៊ុននោះរៀបចំកន្លែងតម្កល់ព្រះពុទ្ធរូបឲ្យបានសមរម្យឡើងវិញ៕
ចែករំលែកព័តមាននេះ