ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​សៀមរាប ចុះ​សួរសុខទុក្ខ​កងទ័ពសមរភូមិមុខ

10 ឆ្នាំ មុន

ខេត្តសៀមរាប ៖ លោក​បណ្ឌិត ឃឹម ប៊ុ​ន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប និង​លោក នូ ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត នៅ​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០១៦​នេះ

ខេត្តសៀមរាប ៖ លោក​បណ្ឌិត ឃឹម ប៊ុ​ន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប និង​លោក នូ ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត នៅ​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០១៦​នេះ បាន​ដឹកនាំ​គណៈប្រតិភូ​ខេត្ត និង​នាំ​យក​នូវ​គ្រឿង​ឧបភោគបរិភោគ ដែល​ជា​អំណោយ​របស់​រដ្ឋបាល​ខេត្តសៀមរាប ជូន​ដល់​នាយទាហាន ពល​ទាហាន កងពលតូច​អន្តរាគមន៍​លេខ​៥  នៃ​កងពលធំ​អន្តរាគមន៍​លេខ​២ ឈរជើង​នៅ​ភូមិ​ពោធិ៍​ចាស់ ឃុំ​បេង ស្រុក​បន្ទាយ​អម្ពិល ខេត្តឧត្តរមានជ័យ សមរភូមិ​មុខ​ទិស​ទី​៣ នៃ​សមរភូមិ​មុខ​ទិស​យោធភូមិ​ភាគ​ទី​៤  ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ខាង​មុខ  ដែល​អមដំណើរ​ដោយ ឯកឧត្តម លោក​ឧកញ៉ា លោក​ជំទាវ ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត អស់លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ​មន្ទីរ ស្ថាប័ន អង្គភាព មន្ត្រីរាជការ ក្នុង​នាម​ជា​ខេត្ត​សម្ព័ន្ធមេត្រីភាព​ជាមួយ​កងពលតូច​អន្តរាគមន៍​លេខ​៥ ។ ក្នុង​កិច្ច​ស្វាគមន៍​របស់​លោក​ឧត្តមសេនីយ៍ទោ សំរឹទ្ធ សា​រ៉េ​ត  មេបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​៥ បាន​ធ្វើ​សេចក្តីរាយការណ៍​អំពី​សភាពការណ៍​សន្តិសុខ តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ​មាន​សភាព​ស្ងប់ស្ងាត់​ល្អ ប៉ុន្តែ​កងកម្លាំង​នៃ​កង​យោធពលខេមរភូមិន្ទ​នៅ​តែ​បន្ត​ការ​ប្រុង​ប្រយ័ត្ន​ជាប់​ជា​និច្ច ដើម្បី​ត្រៀមលក្ខណៈ​ទប់ទល់​ទៅ​នឹង​ល្បិច កល​គ្រប់​រូបភាព​របស់​បច្ចាមិត្ត ដែល​មាន​បំណង​ចង់​ឈ្លានពាន​បូរណភាព​ទឹកដី​របស់​កម្ពុជា ។

ម្យ៉ាងទៀត​លើ​ភារកិច្ច​ថែរក្សា​សន្តិសុខ កងពលតូច​អន្តរាគមន៍​លេខ​៥ បាន​យកចិត្តទុកដាក់​ប្រើប្រាស់​កម្លាំង​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ធ្វើ​សកម្មភាព​ការពារ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ និង​កម្មវិធី​នានា​របស់​រាជរដ្ឋាភិបាល​ទាំង​ថ្នាក់​ជាតិ និង អន្តរជាតិ​ក្នុង​ខេត្តឧត្តរមានជ័យ​ផង​ដែរ ក្នុង​នោះ​លោក​សេនីយ៍​ទោ សំរឹទ្ធ សា​រ៉េ​ត ក៏​បាន​សម្តែង​នូវ​អំណរ​គុណ​ចំពោះ​គណៈប្រតិភូ​ខេត្តសៀមរាប​ដែល​ជា​ខេត្ត​សម្ព័ន្ធមេត្រីភាព​ដោយ​កន្លង​មក​បាន​ធ្វើ​កិច្ច​សហប្រតិបត្តិការ​គ្នា​បាន​ល្អ ព្រមទាំង​បាន​ធ្វើការ​ផ្គត់ផ្គង់ ឧបត្ថម្ភ​គាំទ្រ ក្នុង​ការ​កសាង​ទីតាំង​អង្គភាព​ផង​ដែរ ។

មាន​ប្រសាសន៍​សំណេះសំណាល​ជាមួយ​នាយទាហាន និង​ពល​ទាហាន​នា​ឱកាស​នោះ លោក​បណ្ឌិត ឃឹម ប៊ុ​ន​សុង ក៍បាន​បញ្ជាក់​ថា កន្លង​មក​ប្រមុខ​រាជរដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​យកចិត្ត​គិត​គួរ ចំពោះ​សុខភាព និង ជីវភាព​រស់នៅ​របស់​បងប្អូន​កង​យោធពលខេមរភូមិន្ទ ឈរជើង​នៅ​សមរភូមិ​មុខ និង​ក្រុម​គ្រួសារ​ទ័ព​នៅ​តំបន់​ទិស​ទី​៣ នៃ​យោធភូមិ​ភាគ​ទី​៤ ក៏​ដូច​កងកម្លាំងប្រដាប់អាវុធ ការពារ​តាម​បណ្តោយ​បន្ទាត់​ព្រំដែន​កម្ពុជា ថៃ ។

លោក បណ្ឌិត​ក៏​បាន​ធ្វើការ​ក្រើនរំលឹក ដល់​នាយទាហាន ពល​ទាហាន​ទាំងអស់ ដោយ​បាន​បញ្ជាក់​ថា ទោះបី​ស្ថានការណ៍​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា ថៃ មាន​សភាព​ស្ងប់ស្ងាត់​យ៉ាងណា​ក៏​ដោយ  បងប្អូន​ត្រូវ​យកចិត្តទុកដាក់ ក្នុង​ការ​ហ្វឹកហាត់​ឱ្យ​បានជា​ប្រចាំ​នូវ​យុទ្ធវិធី​យុទ្ធសាស្ត្រ​របស់​កងទ័ព​ហើយ​បងប្អូន​ទាំងអស់​ត្រូវ​ត្រៀមលក្ខណៈ​នៅ​គ្រប់​វិនាទី ក្នុង​ការ​ជួយ​អន្តរាគមន៍​នូវ​ពេល​មាន​សភាពការណ៍​ណាមួយ​កើតឡើង​។​លោក បណ្ឌិត​ក៏​បាន​លើក​ឡើង​ថា ក្រោម​អនុសាសន៍​របស់​សម្តេច នាយក​រដ្ឋមន្ត្រី ដែល​បាន​បំផុស​ឱ្យ​មាន​ចលនា​ចងសម្ព័ន្ធ​មេត្រីភាព​រវាង​សមរភូមិ​ក្រោយ និង​ជាមួយ​សមរភូមិ​មុខ  ក្នុង​កាលៈទេសៈ​មួយ​ដូចដែល​ពាក្យស្លោក​បូរាណ​ខ្មែរ​បាន​ពោល​ថា  ធ្វើស្រែ​នឹង​ទឹក ធ្វើសឹក​នឹង​បាយ ដើម្បី​ពង្រឹង​ខឿន​ការពារ​ជាតិ​របស់​ប្រជាជន​។

លោក​បណ្ឌិត ឃឹម ប៊ុ​ន​សុង  ក៏​បាន​លើក​ពី​វីរភាព​អង់អាច​ក្លាហាន លះបង់​អ្វី​ៗ​គ្រប់​បែប​យ៉ាង រួម​ទាំង​ជីវិត និង​សេចក្តីសុខ​ផ្ទាល់ខ្លួន ដើម្បី​ជាតិ និង​បូរណភាព​ដែនដី​នៃ​មាតុភូមិ នៅ​តែ​មាន​តម្លៃ​ជា​ដរាប សម្រាប់​បុព្វហេតុ​បម្រើ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល លើ​ទស្សនវិស័យ ធ្វើ​ឱ្យ​សមរភូមិ​ប្រយុទ្ធ​នៅ​ព្រំដែន  បាន​ក្លាយជា​តំបន់​ព្រំដែន​សន្តិភាព កិច្ច​សហប្រតិបត្តិការ​ណ៍ និង​ការ​អភិវឌ្ឍន៍ ។ លោក​បណ្ឌិត ក៏​បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​កងកម្លាំង​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ទៅ​លើ​បញ្ហា​សុខភាព អនាម័យ និង​ធ្វើការ​កសាង ជម្រក​ក្នុង​អង្គភាព ព្រមទាំង​ធ្វើការ​ដាំ​ដុះ​ដំណាំ​បន្លែបង្ការ និង​ចិញ្ចឹមសត្វ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​កងទ័ព​ក្នុង​អង្គភាព និង​គ្រួសារ​កងទ័ព ជា​ពិសេស​លើ​ការ​គ្រប់គ្រង និង​ថែរក្សា​នូវ​គ្រឿង​បំពាក់​សម្ភារ​កងទ័ព​ឱ្យ​បាន​ល្អ ក្នុង​ការ​ទ្រទ្រង់​នៅ​ពេល​មាន​សភាពការណ៍​ណាមួយ​កើតឡើង ព្រមទាំង​ចូលរួម​អនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ មាន​សុវត្ថិភាព សំដៅ​ឆ្ពោះទៅ​ការ​អភិវឌ្ឍន៍​រីក​ចម្រើន​ជូន​ដល់​ប្រជាពលរដ្ឋ ឱ្យ​ដល់ត្រើយ​សុភ​ម​ង្គ​ម​តទៅ​ថ្ងៃ​អនាគត ។

លោក​បណ្ឌិត  ឃឹម ប៊ុ​ន​សុង ក៏​បាន​លើក​ឡើង​បន្ត​ថា ក្នុង​ឱកាស​ប្រជាពលរដ្ឋ​កម្ពុជា ទទួល​អំណរ​សាទរ បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​នា​ពេល​ខាង​មុខ ក្នុង​នាម​ខេត្ត​សម្ព័ន្ធមេត្រីភាព និង​កងពលតូច​អន្តរាគមន៍​លេខ​៥  គណៈ​អភិបាលខេត្ត​សៀមរាប ក៏​បាន​នាំ​យក​នូវ អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ ចំនួន​១៨​មុខ និង​ប្រេងម៉ាស៊ូត ១​ពាន់​លី​ត្រ​,​ស័ង្កសី ៥០០​សន្លឹក ,​តង់​០១​ផ្ទាំង ,​ពុ​យ​ដាក់​ប្រេង ៥ និង ថវិកា​១០​លាន​រៀល និង​ចែក​ជូន​កងទ័ព​ម្នាក់​ៗ ៤​ម៉ឺន​រៀល ព្រមទាំង​ឧបត្ថម្ភ​ដល់​កងពលធំ​អន្តរាគមន៍​លេខ​២ នូវ​ស្រា​បៀរ​៥០​កេស ថវិកា​៥​លាន​រៀល​ផង​ដែរ ៕​