ខេត្តព្រៃវែង ៖ បទបញ្ជានេះត្រូវបានដាក់ចេញ ពេលលោក ជា សុមេធី អភិបាលខេត្ត អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា ក្នុងវត្ត មហាគង្គារតនារាម (ហៅវត្តអ្នកលឿង) កាលពីព្រឹកថ្ងៃទី១២ ខែមីនា ម្សិលមិញនេះ ស្ថិតនៅឃុំអ្នកលឿង ស្រុកពាមរក៍ ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ទាំងខាងអាជ្ញាធរស្រុក មន្ទីរសាធារណការ និងដឹកជញ្ជូន និងសមត្ថកិច្ចទាំងអស់ ត្រូវបើកភ្នែកមើលផង ចំពោះក្រុមរថយន្តដឹកលើសទម្ងន់ដែលធ្វើឲ្យខូចស្ពានផ្លូវ ទាំងផ្លូវជាតិ និងផ្លូវលំ នៅទូទាំងខេត្តព្រៃវែង ព្រោះមិនងាយកសាងឡើងបានដោយស្រួលៗនោះទេ ។ ជាក់ស្តែង ដូចជាស្ពានត្សឹបាសា ហៅស្ពានអ្នកលឿងនេះជាដើម ។ ដូច្នេះដើម្បីការពារ ស្ពាន ផ្លូវ ឱ្យគង់វង្សប្រើប្រាស់យូរអង្វែងជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនោះ ក្នុងនាមអាជ្ញាធរ និងសមត្ថកិច្ច ដែលជាអ្នកផ្តល់សេវា ត្រូវតែខិតខំការពារសមិទ្ធផលទាំងនេះឱ្យបាន ។
នៅក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត ក៏បានសង្កត់ធ្ងន់ទៅលើបញ្ហាល្បែងស៊ីសងគ្រប់ប្រភេទ និងការជួញដូរថ្នាំញៀននៅគ្រប់ក្រុង-ស្រុកទូទាំងខេត្ត ទាំងអាជ្ញាធរ សមត្ថកិច្ច រួមទាំងប្រជាពលរដ្ឋផងដែរ ត្រូវរួមគ្នាទប់ស្កាត់បទល្មើសទាំងនេះឱ្យខាងតែបាន ៕
ចែករំលែកព័តមាននេះ