ខេត្តប៉ៃលិន ៖ ស្ត្រីម្នាក់អះអាងថា ត្រូវក្រុមចោរស្រីប្រហែល២ទៅ៣នាក់ នាំគ្នាចូលទៅសួរនាំទិញឥវ៉ាន់នៅក្នុងតូបលក់ដូររបស់គាត់ ដោយអ្នកខ្លះទិញពងទា ខ្លះទិញត្រីងៀត ប្រហុក អំបិល ស្ករស និងសម្ភារៈផ្សេងៗមួយចំនួន ធ្វើឱ្យគាត់វិលក្បុងអស់រយៈពេលជិត១ព្រឹក លុះស្ត្រីម្នាក់រើសបានរបស់របរគ្រប់គ្រាន់ហើយ រួចប្រាប់ឱ្យម្ចាស់តូបធ្វើបញ្ជីគិតលុយក៏ដើរគេចខ្លួនចូលក្នុងផ្សារបាត់ស្រមោលតែម្តង ។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៣ មីនា ២០១៦ ស្ថិតនៅក្នុងផ្សារសាមគ្គី ហៅប៉ាហ៊ី ក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។
រំឮកកាលពី១អាទិត្យមុន មានក្រុមស្ត្រីមួយចំនួនបានចូលទៅទិញឥវ៉ាន់ នៅក្នុងផ្សារតូចមួយនៅក្បែរនោះដែរ បន្លំយកលុយអ្នកលក់ចាប់ហួយអស់ជាង៣០ម៉ឺនរៀល ហើយកាលពីជាង១ខែមុន មានក្រុមចោរស្រីចូលដាក់ថ្នាំយកលុយអ្នកចាប់ហួយនៅផ្សារសាលាក្រៅ ស្រុកសាលាក្រៅ អស់ជាង៣ពាន់ដុល្លារ រត់គេចខ្លួនយ៉ាងរលូន ។ តែគេមិនទាន់ឃើញមានសមត្ថកិច្ចនគរបាលណាម្នាក់ តាមចាប់យកទៅផ្តន្ទាទោសតាមច្បាប់នោះឡើយ ឃើញមានតែនគរបាលគៀបស៊ីលុយពីអ្នករត់ម៉ូតូឌុប ដោយចោទថា ប្រើប្រា ស់គ្រឿងញៀន រួចហៅទៅកន្លែងស្នងការលូកយកលុយពីហោបៅអស់ជាង១០ម៉ឺនរៀល លុះម្ចាស់សួរនាំ គេប្រាប់ថា ចាយវាយអស់ហើយ បើចង់បានទៅសួរនាំកន្លែងហាងស៊ីបាយទៅ ។
ប្រភពព័ត៌មានបានឱ្យដឹងថា ស្ត្រីរងគ្រោះដែលត្រូវក្រុមចោរស្រីបន្លំលួចលុយ ឈ្មោះ ហេង គាង អាយុ៤៥ឆ្នាំ ជាអាជីវករលក់ដូរក្នុងផ្សារ រស់នៅភូមិកើតហេតុខាងលើ ។
ប្រភពព័ត៌មា ពីស្ត្រីរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុគាត់ឃើញមានស្ត្រីក្មេងចាស់ចំនួនពីរទៅបីនាក់បាននាំគ្នាចូលទៅទិញគ្រឿងស្លរ នៅឯតូបរបស់គាត់ ដោយអ្នកខ្លះឈរនៅមុខតូប ខ្លះនៅខាងក្រោយតូបសួរទិញពងទា ខ្លះទិញប្រហុក អំបិល ស្ករស និងសម្ភារៈផ្សេងៗមួយចំនួន ធ្វើឱ្យគាត់រត់ចុះឡើងៗស្ទើរវង្វេង ។ ជួនពេលនោះគាត់បានដាក់កាបូបលុយ ដែលមានប្រាក់ខ្មែរជាង២លានរៀល ហើយក៏ទុកនៅលើគ្រែក្នុងតូប ស្រាប់តែពួកគេសួរទិញនេះ ទិញនោះ ធ្វើឱ្យគាត់រត់ទៅមុខ ទៅក្រោយ ស្ទើរវិលមុខ ។ គាត់បន្តទៀតថា ពេលនោះនៅសល់ស្ត្រីចំណាស់ម្នាក់ អាយុប្រហែល៥០ឆ្នាំ បានឱ្យគាត់ធ្វើបញ្ជីគិតលុយ ដោយប្រាប់ថា រូបគេចូលទៅទិញឥវ៉ាន់នៅក្នុងផ្សារ១ភ្លែត លុះចាំបាត់ៗមិនឃើញត្រឡប់មកវិញ គាត់ក៏ឆ្ងល់ ហើយជួនពេលរកប្រាក់អាប់ឱ្យគេមិនឃើញ ទើបមានការភ្ញាក់ផ្អើលសង្ស័យថា ក្រុមចោរស្រីទាំងនោះបន្លំចូលទៅទិញឥវ៉ាន់ រួចយកដេកវែងឆ្កឹះយកកាបូបប្រាក់របស់គាត់ទៅបាត់ស្រមោល ។ ពេលនេះគាត់មិនបានដាក់ពាក្យប្តឹងទៅសមត្ថកិច្ចអីនោះទេ ព្រោះខ្លាចអស់លុយថែមទៀត ហើយរកចោរអត់ឃើញ នាំឱ្យខាតពេលវេលាកាន់តែច្រើន មានតែប្រុងប្រយ័ត្នដោយខ្លួនឯងនៅពេលក្រោយប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ