រាជធានីភ្នំពេញ ៖ បើគ្មានការប្រែប្រួលនោះទេ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង គណៈប្រតិភូជាន់ខ្ពស់អមដំណើរ នឹងធ្វើមាតុភូមិនិវត្តន៍មកពីបំពេញទស្សនកិច្ចការងារនៅ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ វេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១៣ មីនា ២០១៦ ។
បើយោងតាមសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលសរសេរបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម (Facebook) បានឲ្យដឹងថា នៅរសៀលថ្ងៃទី១២ មិនាម្សិលមិញ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំកំពូលជាមួយប្រទេសឡាវ ដឹកនាំដោយ លោក ប៊ូញ៉ាង វ៉ូរ៉ាជីត (BounNhang VoraChith ) អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ នៅវិមានប្រធានាធិបតីឡាវ (Ho-Kham) ។ នៅក្នុងកិច្ចប្រជុំនេះ គឺភាគីកម្ពុជា-ឡាវ បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដើម្បីបង្កើននិងពង្រឹងនូវចំណងមិត្តភាព ទំនាក់ទំនងពាណិជ្ជកម្ម ដែលនាំមកនូវផលប្រយោជន៌សម្រាប់ប្រជាជាតិទាំងពីរ ។ ក្រោយពីបញ្ចប់កិច្ចប្រជុំ ភាគី កម្ពុជា-ឡាវ បានចុះកិច្ចព្រមព្រៀង សហប្រតិបត្តិការឆ្នាំ ២០១៦-២០១៧ និងកំណត់ហេតុនៃអង្គប្រជុំកំពូល។
បន្ទាប់មកនៅល្ងាចថ្ងៃដដែលគឺភាគី ឡាវ បានរៀបចំពិធីលៀងសាយភោជន៍ ជូន សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូទាំងអស់ ប្រកបដោយបរិយាកាសស្និទ្ឋស្នាលរីករាយក្រៃលែង ៕
ចែករំលែកព័តមាននេះ