រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសរសេរលើកឡើងពីសារហ្វេសប៊ុកបុរសពិការម្នាក់ នៅលើបណ្តាញទំនាក់ទំនងសង្គម (Facebook) របស់សម្តេចបង្ហោះនៅ១ម៉ោងមុននេះ នាព្រឹកថ្ងៃទី១២ មីនា ២០១៦ ដែលមានខ្លឹមសារទាំងស្រុងថា ៖
«កាលពីយប់កន្លងទៅ ខ្ញុំបានអានសារដែលក្មួយពិការម្នាក់តែងតែសរសេរមកខ្ញុំរៀងរាល់ពេលតាម Facebook ។ សារដែលក្មួយពិការសរសេរមក គឺជាការចូលរួមក្នុងន័យលើកតម្កើង និងចែករំលែកក្តីស្រឡាញ់។ ខ្ញុំបានអោយក្រុមការងារចុះទៅពិនិត្យស្ថានភាពរស់នៅជាក់ស្តែង គឺឃើញថាក្មួយពិការតាំងពីកំណើត រស់នៅជាមួយប្រពន្ឋ និងកូន២នាក់ កូនស្រីអាយុ ១៤ ឆ្នាំ និងកូនប្រុសអាយុ៤ឆ្នាំ។
ក្មួយប្រុសនៅផ្ទះមើលកូនតូច១ និងពេលខ្លះឆ្លៀតទៅសុំទាន និងគូសគំនូរលក់អោយភ្ញៀវទេសចរណ៌មុខវាំង រីឯប្រពន្ឋគឺដើររើសអេតចាយរកលុយមកបង់បន្ទប់ជួល១ខែ ២៥ដុល្លារ និងផ្គត់ផ្គង់អាហារនិងការរស់នៅប្រចាំថ្ងៃ។ ក្មួយប្រុស ទោះបីពិការតែរាងកាយពិតមែន តែក្មួយខិតខំគ្រប់អស់លទ្ឋភាពដើម្បីចិញ្ចឹមថែទាំអាយុជីវិតខ្លួនឯងផង និងដើម្បីកូនជាទីស្រឡាញ់បានចូលរៀនផង ។
ដោយសារការព្យាយាមនិងតាំងចិត្តរបស់ក្មួយ ខ្ញុំបានសម្រេចផ្តល់ផ្ទះធ្វើអំពីថ្ម១ខ្នង និងមានដីសម្រាប់ដាំបន្លែបង្ការ នៅភូមិអភិវឌ្ឍន៍តាកែនកោះស្លា ខេត្តកំពត ដើម្បីក្មួយមានឱកាសបានកសាងជីវភាពរស់នៅនិងដើម្បីអនាគតល្អជាមួយកូនប្រពន្ឋនៅទីនោះ។
ខ្ញុំសូមជូនពរក្មួយ និងគ្រួសារ ព្រមទាំងជនពិការទូទាំងប្រទេស សូមតស៊ូអំណត់ព្យាយាម។ ទោះបីយើងពិការរាងកាយពិតមែន តែអ្វីផ្សេងទៀត គឺមិនពិការឡើយ។ ហើយសូមបងប្អូនជនរួមជាតិ ជាពិសេសអ្នកដែលមានធនធានធូរធារ សូមចូលរួមចែករំលែកជួយដល់អ្នកទន់ខ្សោយ ដូចជាជនពិការជាដើម» ៕
ចែករំលែកព័តមាននេះ