ខេត្តកំពង់ចាម ៖ នៅក្នុងពិធីបុណ្យទន្លេក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដើម្បីរម្លឹកគុណដល់ព្រះគង្គា ដែលត្រូវបានចាប់ផ្តើមនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦នេះ មានស្តង់តាំងពិព័រណ៍ជិត៦០០ស្តង់ត្រូវបានគេដាក់លក់ផលិតផលក្នុងស្រុក និងក្រៅស្រុក។ ក្នុងឱកាសបុណ្យទន្លេដែលបានប្រព្រឹត្ត ទៅរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១១,១២ និង១៣ ខែមីនា ឆ្នាំ២០១៦ មានមនុស្សមកពីគ្រប់ទិសទីមកទស្សនា និងកម្សាន្ដ រួមទាំងមានភ្ញៀវបរទេសចូលរួមផងដែរ។
រហូតមកដល់ពេលរសៀលថ្ងៃដដែលមាន រៀបចំពិធីក្រុងពាលី ដើម្បីបួងសួងសុំសេចក្តីសុខ ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី លោក យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឈន៏វិស័យកសិកម្ម និងជនបទ។ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៏ ឯកឧត្តម លន់ លឹមថៃ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំអមដំណើរដោយសហការីនានា ក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំផងដែរ។
ក្រោយពីក្រុងពាលី បួងសួងសុំសេចក្តីសុខសម្រាប់ពិធីបុណ្យ ទន្លេចប់ ប្រតិភូបានអញ្ជើញយកកន្ទោងទៅបណ្តែត តាមខ្សែទឹកហូរនៃទន្លេមេគង្គ ។ ហើយបានបួង សួងដល់ទៅព្រះម៉ែគង្គា សូមឲ្យជួយតាមថែរក្សាដល់កូនចៅ ពលរដ្ឋខ្មែរទាំងអស់ ឱ្យមានសេចក្តីសុខ សេចក្ដីចម្រើន ជារៀងរហូត។ ក្នុងទិដ្ឋភាពនោះគេឃើញកម្លាំងសមត្ថកិច្ច មាននគរបាល និងកងរាជ អាវុធហត្ថ ត្រូវបានដាក់ពង្រាយនៅតាមទីតាំងសំខាន់ៗជាច្រើនកន្លែង ដើម្បីពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។ សម្រាប់ព្រឹត្តិការណ៍នៅថ្ងៃបុណ្យទន្លេដែលចាប់ផ្តើមនៅថ្ងៃទី១១ មីនា នេះគេឃើញមាន កម្មវិធីកីឡារត់ប្រណាំង ហែលទឹក ជិះក្តោង និងមានការជិះឆ័ត្រយោងហោះពីលើអាកាសមើលទេសភាពក្រុងកំពង់ចាម ពេលយប់មានការសម្ដែងសិល្បៈទស្សនាដោយសេរី។
មនុស្សម្នារាប់ម៉ឺននាក់ឡើងណែនណាន់តាន់តាប់ មកពីគ្រប់ទិសទីបានមកលេងកម្សាន្ត ចំណែករថយន្តវិញត្រូវបានចតយ៉ាងកកកុញ ចាប់ពីចំណុចចផ្សាររាត្រីរហូតដល់ផ្លូវបំបែកក្រោយសាលា ទក្សិណផងដែរ៕
ចែករំលែកព័តមាននេះ