រាជធានីភ្នំពេញ ៖ ក្រោយពេលកោះសន្តិភាពចេញផ្សាយមួយឈុត លើគេហទំព័ររបស់ខ្លួន ស្តីពីឧកញ៉ា ប៉ែន នួន គេចវេសមិនបង់ប្រាក់ថ្លៃចុះផ្សាយសារជូនពរ ក៏មានព័ត៌មានលេចចេញមកហូរហែរ ស្តីពីសកម្មភាពមិនប្រក្រតីរបស់ឧកញ៉ាម្នាក់នេះ ដែលកោះសន្តិភាពសន្យាចុះផ្សាយម្តងមួយៗ…ឬម្តង២ ឱ្យតែមានព័ត៌មានបញ្ជូនមកដល់ ។
ឱ!អ្នកក្រសែតទាំងឡាយអើយ…មិនគួរនាំគ្នាចាញ់បោកឧកញ៉ា ប៉ែន នួន ដែលកន្លងមក មនុស្ស និងសត្វតិចណាស់ដែលបានស្គាល់ បែរជានាំគ្នាលើកគាត់ឱ្យគេស្គាល់ ។
ប៉ុន្តែណ្ហើយចុះ…បានជានាំគ្នាជួយលើកគាត់ដូចលើកដុំថ្មបង្ហាញឱ្យគេស្គាល់ក៏ដោយចុះ…យ៉ាងហោចក៏មហាជនបានស្គាល់មារយាទល្អរបស់គាត់នៅពេលនេះដែរ ។
ខាងក្រោមនេះ និងបន្តបន្ទាប់ទៀត យើងនឹងចុះផ្សាយពាណិជ្ជកម្មជូនឧកញា៉ ប៉ែន នួន ឱ្យល្បីល្បាញដោយមិនគិតថ្លៃ ។
មិនគួរទៅបោកប្រាស់ក្រុមសិល្បករ
កាលពីថ្ងៃទី២៩ តុលា ឆ្នាំ២០១៥ កន្លងទៅ មហាជនភាគច្រើនសុទ្ធតែបានដឹងថា លោកឧកញ៉ា ប៉ែន នួន អគ្គនាយកក្រុមហ៊ុនស៊ីខេអេ ចំរើនកសិឧស្សាហកម្ម អភិវឌ្ឍន៍(កម្ពុជា) អ៊ីមផតអិចផត ដែលជាក្រុមហ៊ុនធ្វើការទៅលើវិស័យសាងសង់ បានប្រកាសប្រគល់ប្រាក់ក្នុងមួយខែ៥០០ដុល្លារ ដោយប្រកាសសុំបង់មួយឆ្នាំមុនតែម្ដង ឧបត្ថម្ភដល់សមាគមសិល្បករខ្មែរ ដើម្បីឲ្យសមាគមនេះមានលទ្ធភាពជួយដល់ក្រុមសិល្បករចាស់ៗក្រីក្រ ។
ពិធីនោះមានការចូលរួមយ៉ាងច្រើនកុះករ ពីក្រុមអ្នកសារព័ត៌មាន ទាំងកាសែត វេបសាយ និងទូរទស្សន៍ ដោយឈ្មោះលោក និងភរិយាឈ្មោះ កាយ សុជាតា មិនទាន់ដឹងភរិយាទីប៉ុន្មានទេ ត្រូវគេផ្សាយពីទឹកចិត្តសប្បុរសធម៌នោះយ៉ាងគគ្រឹកគគ្រេង ។ ប៉ុន្តែក្រោយការផ្ទុះដំណឹងថា លោកមិនព្រមបង់ប្រាក់ថ្លៃចុះផ្សាយសារជូនពរសម្ដេចតេជោ ហ៊ុន សែន នៅលើទំព័រកោះសន្ដិភាព ក៏មានការទម្លាយថា ថវិកាឧបត្ថម្ភដែលលោកបានប្រកាសយកមុខយ៉ាងធំថ្លោសកាលនោះ គឺបង់ឲ្យបានតែមួយខែប៉ុណ្ណោះ ក្រោយមកក៏ចេះតែថាថ្ងៃនេះថ្ងៃនោះ ហើយមិនប្រគល់ដល់សមាគមឡើយគឺម៉ាងតែម្រ៉ង ។
ព័ត៌មានពិស្តារនឹងចេញផ្សាយនៅលើទំព័រសារព័ត៌មានកោះសន្តិភាពព្រឹកថ្ងៃទី១២ មីនា ។
ចែករំលែកព័តមាននេះ