នៅពេលដែលសហគមន៍សេដ្ឋកិច្ចអាស៊ាន ត្រូវបានប្រកាសកាលពីចុងឆ្នាំ២០១៥ វាបានបើកលំហថ្មី ដើម្បីឱកាសពាណិជ្ជកម្ម វិនិយោគ និងការងារ សម្រាប់មនុស្សទាំងអស់ នៅក្នុងសមាគមអាស៊ាន ដែលមាន១០ប្រទេស ។
ការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន បាននាំទៅដល់ការបង្កើតទីផ្សាររួមមួយ ដែលមានប្រជាជនជាង៦២២លាននាក់ ដែលនឹងមានលំហូរសេរីទំនិញ សេវា និងការវិនិយោគ ព្រមទាំងកម្លាំងពលកម្មជំនាញ និងការចរន្តសេរីនៃមូលធននៅក្នុងតំបន់ ។
បច្ចុប្បន្ន ប្រជាជនកម្ពុជាភាគច្រើន បានសម្លឹងមើលឱកាសការងារ ឬជំនួញត្រឹមនៅក្នុងប្រទេសរបស់ខ្លួន ដោយមិនបានគិតដល់
ឱកាសជាច្រើន នៅប្រទេសជិតខាង ពិសេសប្រទេស៩ផ្សេងទៀត នៅក្នុងសមាគមអាស៊ានដូចគ្នា ។ ខណ:ដែលសហគមន៍សេដ្ឋកិច្ចអាស៊ាន ត្រូវបានប្រកាសហើយនោះ ប្រជាជនកម្ពុជា ត្រូវប្រកាន់យកផ្នត់គំនិតថ្មីមួយ ដែលទូលាយជាងមុន ដោយមិនត្រូវគិតត្រឹមព្រំដែនប្រទេស ដែលមានប្រជាជនប្រមាណ១៥លាននាក់ឡើយ ។
ខណ:ដែលការងារនៅក្នុងប្រទេសកម្ពុជា នៅមានកំណត់ និងចំណូលទាបជាងប្រទេសភាគច្រើន នៅក្នុងតំបន់អាស៊ាននោះ បញ្ញជនកម្ពុជាអាចនឹងចាប់ផ្តើមស្វែងរកការងារធ្វើនៅក្នុងប្រទេសផ្សេងដូចដែលប្រជាជននៃប្រទេសផ្សេងសម្លឹងមើលឱកាសធុរកិច្ច និងការងារនៅក្នុងប្រទេសកម្ពុជាដែរ ។
ការស្វែងរកការងារធ្វើនៅក្រៅប្រទេស មិនត្រឹមតែអាចឱ្យពួកគេរកប្រាក់ចំណូលបានច្រើនឡើយ ប៉ុន្តែវាក៏ជាឱកាសសម្រាប់ពួកគេទទួលយកបទពិសោធន៍ថ្មី និងចំណេះថ្មីសម្រាប់យកមកអនុវត្ត ដើម្បីការអភិវឌ្ឍន៍ប្រទេសកម្ពុជាផងដែរ ។
ដើម្បីចាប់យកឱកាសថ្មីនេះ ចំណេះដឹងផ្នែកភាសាអង់គ្លេស និងចំណេះដឹងពិតប្រាកដ គឺជាដើមទុនដ៏សំខាន់សម្រាប់យុវវ័យកម្ពុជាទាំងអស់ ដែលមានបំណងទៅធ្វើការក្រៅប្រទេស ។
វាដល់ពេលវេលាហើយ ដែលប្រជាជនកម្ពុជា ត្រូវប្រកាន់យកផ្នត់គំនិតដ៏ទូលាយមួយសម្រាប់ការងារ និងធុរកិច្ចនានា ។
ដោយ ៖ រ័ត្ន ធីយ៉ា
ចែករំលែកព័តមាននេះ