ខេត្តមណ្ឌលគីរី ៖ មន្ត្រីរដ្ឋបាលព្រៃឈើបានឱ្យដឹងថា ក្នុងឆ្នាំ២០១៥ ដីតំបន់ព្រៃអភិរក្សជីវចម្រុះសីមា បានរងការកាប់ទន្ទ្រានយកពីប្រជាពលរដ្ឋ និងមន្ត្រីមានអំណាចចំនួនរហូតដល់៨១៩៨ហិកតា ហើយចំនួននេះ សព្វថ្ងៃបាននិងកំពុងកើនឡើងដល់ជាង១០.០០០ហិកតាទៅហើយ ។
ដីព្រៃអភិរក្សជីវចម្រុះសីមា ដែលលាតសន្ធឹងក្នុងស្រុកកែវសីមា និងស្រុកអូររាំងចំនួនជាង២៩០.០០០ហិកតា កំពុងរងការកាប់
ទន្ទ្រានយ៉ាងអនាធិបតេយ្យរាល់ថ្ងៃ ខណៈផ្ទៃដីព្រៃឈើចំនួនជិត១ម៉ឺនហិកតា បានក្លាយទៅជាវាលរហោស្ថានរួចទៅហើយ ។
ជាក់ស្តែង ដីព្រៃដែលទើបត្រូវគេកាប់ព្រៃយកដីចំនួន៩១៩ហិកតា ក្នុងភូមិស្រែអណ្តោល និងភូមិចក់ចារ ឃុំស្រែព្រះ ស្រុកកែវសីមាក្រោយពេលក្រុមយុវជនស្ម័គ្រចិត្ត ចុះវាស់វែងកាលពីអំឡុងឆ្នាំ២០១៣ រហូតមកដល់ពេលបច្ចុប្បន្ន ហើយតួលេខអាចនឹងបន្តកើនថែមទៀត។
ប្រភពដែលកោះសន្តិភាពទទួលបាន និងទុកចិត្តបំផុតថា នៅចំណុចអូររយ៉ង់ (កាយ៉ង់ក្រូច) និងចំណុចអូរគគីរនៃតំបន់អភិរក្សជីវចម្រុះសីមា ស្ថិតក្នុងភូមិចក់ចារ និងភូមិស្រែអណ្តោល ឃុំស្រែឈូក មានប្រជាពលរដ្ឋចំណាកស្រុកជាច្រើនគ្រួសារ មកពីខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងបណ្តាខេត្តមួយចំនួនទៀត បាននឹងកំពុងចូលកាប់រានដីព្រៃឈើទន្ទ្រានកាន់កាប់យកដី ដោយខុសច្បាប់ ។
ប្រភពបន្តថា ប្រជាពលរដ្ឋមានចំនួន៥៧គ្រួសារ ស្មើនិង១៦៦នាក់ និងប្រជាពលរដ្ឋមួយចំនួនទៀត បានចូលមកកាប់រានដីព្រៃឈើ
នៅពេលថ្ងៃ រួចវិលត្រឡប់ទៅផ្ទះវិញ នៅពេលយប់ ។
ប្រភពដដែលឱ្យដឹងថា កន្លងមក មន្ត្រីរដ្ឋបាលព្រៃឈើបានដាក់ពាក្យបណ្តឹងទៅតុលាការខេត្ត និងគណៈអភិបាលខេត្ត តាំងពីជំនាន់លោកអេង ប៊ុនហៀង ជាអភិបាលខេត្ត ប៉ុន្តែគេមិនដែលឃើញអាជ្ញាធរចាត់វិធានការ ចំពោះអ្នកកាប់ទន្ទ្រានដីព្រៃខុសច្បាប់ទាំងនោះទេ គឺបានត្រឹមឱ្យអាជ្ញាធរស្រុកចុះទៅធ្វើការហាមឃាត់ និងបិទសេចក្តីប្រកាសឱ្យអ្នកកាន់កាប់ដីខុសច្បាប់នោះ ចាកចេញពីដីរបស់រដ្ឋ ។ តែចំណាត់ការនេះ បានត្រឹមមួយចម្អិនកំពឹសប៉ុណ្ណោះ ព្រោះពួកគេបានក្រាញននាល មិនព្រមចេញពីតំបន់ព្រៃអភិរក្ស ។
ចែករំលែកព័តមាននេះ