ខេត្តកណ្ដាល ៖ ជនសង្ស័យម្នាក់ត្រូវនគរបាលក្រុងតាខ្មៅឃាត់ខ្លួន កាលពីថ្ងៃទី១០ មីនា ២០១៦ តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ ដែលបានប្ដឹងថា បានលួចទូរសព្ទ័ដៃចំនួន២០គ្រឿង និងឡេបថបមួយគ្រឿង ពីក្នុងតូបជួសជុល និងលក់ទូរស័ព្ទមួយកន្លែង នៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ កាលពីយប់ថ្ងៃទី២១ កុម្ភៈ កន្លងមក ។
ជនសង្ស័យខាងលើ ឈ្មោះឯម ហុងគ្រី អាយុ២៩ឆ្នាំ ជាអ្នកម៉ូតូឌុប មានទីលំនៅនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានី ភ្នំពេញ ។ ចំណែកជនរងគ្រោះជាម្ចាស់ឈ្មោះសេង រតនា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិកំពង់សំណញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
មន្ត្រីនគរបាលបានឱ្យដឹងទៀតថា កាលពីព្រឹកថ្ងៃទី២១ កុម្ភៈ កន្លងទៅ ពេលដែលជនរងគ្រោះមកបើកតូប ស្រាប់តែឃើញសម្ភារនៅក្នុងតូបមានភាពរាយប៉ាយ បន្ទាប់មកជនរងគ្រោះក៏បានដឹងថា បានបាត់បង់ទូរសព្ទ័ដៃចំនួន២០គ្រឿង និងឡេបថបមួយគ្រឿង ។ ជនរងគ្រោះ ក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ ។ រហូតដល់ថ្ងៃទី១០ មីនា វេលាម៉ោងប្រហែល៩ព្រឹក ជនរងគ្រោះបានឃើញទួរស័ព្ទរបស់ខ្លួន ដែលបាត់នោះមួយគ្រឿងនៅនឹងខ្លួនរបស់ជនសង្ស័យ និងមួយគ្រឿងទៀត ជនសង្ស័យយកមកជួសជុលនៅហាងលក់ទួរស័ព្ទមួយកន្លែងជិតហាងជនរងគ្រោះ ស្ថិតនៅក្បែរផ្សារតាខ្មៅចាស់ ។
ភ្លាមនោះ ជនរងគ្រោះមកប្តឹងសមត្ថកិច្ចឱ្យទៅឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងទូរសព្ទ័២គ្រឿង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីសាកសួរ ត្រូវជនសង្ស័យឆ្លើយបំភ្លឺថា ទូរសព្ទ័នេះ ខ្លួនបានមកពីបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ដែលឱ្យមកខ្លួនជាថ្នូរនឹងឈ្នួលម៉ូតូឌុប ។
ចែករំលែកព័តមាននេះ