ខេត្តមណ្ឌលគិរី ៖ ការប្រទះឃើញសាច់សត្វខ្ទីងជំទង់១ក្បាល នៅក្នុងតំបន់ព្រៃការពារមណ្ឌលគិរី ត្រង់ចំណុចអូរផ្លាយ ស្ថិតក្នុងឃុំស្រែហ៊ុយ ស្រុកកោះញែក កាលពីព្រឹកថ្ងៃទី៩ ខែមីនា រហូតមកដល់រសៀលថ្ងៃទី១០ ខែមីនា សាច់ខ្ទីងចំនួនប្រមាណ៥០គីឡូក្រាម ត្រូវបានប្រមូលយកទៅរក្សាទុកនៅស្នាក់ការដែលស្ថិតនៅតំបន់ព្រៃការពារ ខណៈអ្នកពាក់ព័ន្ធដែលជាមន្ត្រីយោធាក៏ត្រូវបានមេកោយហៅមកសាកសួរបំភ្លឺនៅវរសេនាតូចការពារព្រំដែនគោកលេខ១០៣ ។
តាមសេចក្តីរាយការណ៍បានឱ្យដឹងថា មន្ត្រីយោធាដែលជាប់ពាក់ព័ន្ធនឹងករណីបាញ់សម្លាញ់សត្វខ្ទីងខាងលើមាន ឈ្មោះ អ៊ុក សារុន ឈ្មោះឯក សំពៅ និងឈ្មោះ សុខ មករា ។ អ្នកទាំងបីនាក់ ជាមន្ត្រីយោធាប្រចាំនៅកងអនុសេនាធំលេខ៣ ចំណុះឱ្យវរសេនាតូចការពារព្រំដែនគោកលេខ១០៣ ។ ចំណែក២នាក់ទៀត ម្នាក់ឈ្មោះ លាង និងម្នាក់ឈ្មោះ យ៉ើល ចេក គឺជាប្រជាជនធម្មតា ។

ប្រភពដដែលបន្តថា ក្រោយពីប្រទះឃើញសាច់ខ្ទីងដែលគេពន្លះរួចហាលរណែងរណោងពេញគុម្ពឫស្សីក្នុងព្រៃ មន្ត្រីរដ្ឋបាលព្រៃឈើក៏បានប្រមូលសាច់ដែលគេហាលងៀតទាំងនោះ យកទៅរក្សាទុកដើម្បីធ្វើការស្រាវជ្រាវ ។ ចំណែកជនទាំង៥នាក់ដែលស្ថិតនៅកន្លែងហាលសាច់សត្វព្រៃនោះ មន្ត្រីជំនាញមិនបានឃាត់ខ្លួនភ្លាមៗទេ ព្រោះត្រូវធ្វើការស៊ើបអង្កេតជាបន្តដើម្បីវែកមុខរកជនប្រព្រឹត្តបទល្មើសជាក់ស្តែង ។
ប្រភពពីមន្ត្រីជំនាញបានបង្ហើបថា ចំពោះមន្ត្រីយោធាទាំង៣នាក់ដែលស្ថិតនៅចំណុចកើតហេតុ ទោះបីមិនទាន់មានភ័ស្តុតាងបញ្ជាក់ថាជាអ្នកប្រព្រឹត្តក៏ពិតមែន តែបើតាមសាក្សីបាននិយាយថា គឺពួកគេទាំង៣នាក់ជាអ្នកសមគំនិតជាមួយប្រជាពលរដ្ឋ២នាក់ទៀត បាញ់សត្វខ្ទីងមួយក្បាលនោះ ។

លោក យិន ចាន់ទី មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ១០៣ ថ្លែងថា លោកបានកោះហៅមន្ត្រីយោធាទាំង៣នាក់នោះ មកសាកសួរនៅទីបញ្ជាការហើយ ប៉ុន្តែនៅរសៀលថ្ងៃទី១០ ខែមីនា ពួកគេមិនទាន់មកដល់ព្រោះផ្លូវធ្វើដំណើរឆ្ងាយពេក ។
លោក ឃិន ម៉េងស្រេង មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី បានថ្លែងយ៉ាងខ្លីថា បើសិនមន្ត្រីតុលាការពិតជារកឃើញថា មន្ត្រីយោធាទាំង៣នាក់នោះ ពិតជាមានកំហុសមែន សូមឱ្យតុលាការចាត់ការតាមផ្លូវច្បាប់។
ប្រភពក្រៅផ្លូវការដាច់ដោយឡែកមួយបានឱ្យដឹងថា កាំភ្លើងអាកា២ដើម ដែលអាចគេប្រើប្រាស់បាញ់សត្វខ្ចីង គឺជារបស់ឈ្មោះ សុខ មករា មន្ត្រីយោធាកងអនុសេនាធំលេខ៣ឱ្យទៅឈ្មោះ យ៉ើល ចេក យកទៅបាញ់ដើម្បីចែកសាច់គ្នា ។ យ៉ាងណាក៏ដោយ រហូតមកដល់ល្ងាចថ្ងៃទី១០ ខែមីនា មន្ត្រីជំនាញដែលចុះទៅពិនិត្យករណីខាងលើ មិនទាន់ចាកចេញពីកន្លែងកើតហេតុនៅឡើយទេ ដោយរង់ចាំប្រមូលរបាយការណ៍បន្ថែម ដើម្បីចាត់ការតាមច្បាប់ ។

សត្វព្រៃនៅខេត្តមណ្ឌលគិរីមានច្រើនអម្បូរនិងច្រើនប្រភេទ ហើយប្រភេទសត្វព្រៃធំៗមានដូចជា គោព្រៃ ទន្សោង ខ្ទីង ប្រើស ដំរីជាដើម ដែលប្រជាជនខ្មែរប្រហែលជាមិនសូវបានស្គាល់ ឬបានឃើញរូបរាងរបស់អម្បូរសត្វទាំងនោះទេ ។
ខ្ទីង ជាសត្វព្រៃធំមួយប្រភេទដែលមានតម្លៃកាត់ថ្លៃមិនបាន ហើយអ្វីដែលជាការព្រួយបារម្ភនោះ គឺការរស់នៅក្នុងធម្មជាតិកំពុងប្រឈមនឹងបញ្ហាជាច្រើន ពិសេសគឺការរេចរឹលនៃតំបន់ព្រៃភ្នំដែលចេះតែរួញតូចទៅៗ ។ មួយវិញទៀត ដោយសារសត្វនេះមានតម្លៃ ពួកព្រានព្រៃតែងតាមប្រមាញ់ដោយប្រើប្រាស់កាំភ្លើង ដែលសល់ពីសម័យសង្គ្រាម ខុសពីព្រានព្រៃសម័យមុនសង្គ្រាម ដែលមានតែស្នាមិនអាចប្រមាញ់បានសត្វធំៗបែបនេះទេ ។
ខ្ទីងមានមាឌធំ ខ្លួនខ្មៅ បូកក្រាស់លាតសន្ធឹងរហូតដល់ស្ទើរពាក់កណ្តាលខ្នង ចំណែកកខ្លីបន្តិចរាងមាំ ដោយមានបូកនៅផ្នែកខាងក្រោម ។ ជើងទាំងបួន ចាប់ពីជង្គង់ចុះក្រោម ពណ៌ប្រផេះ។ នៅលើថ្ងាសមានរោមវែង ពណ៌ប្រផេះ ឬពណ៌លឿងមាសស្រាល កូនរបស់វាមានពណ៌ត្នោត រហូតដល់វាអាយុពី៤ទៅ៥ខែ ទើបក្លាយទៅជាពណ៌ខ្មៅ ។ ខ្ទីងញី មានមាឌនិងស្នែងតូចជាងខ្ទីងឈ្មោល ហើយពុំសូវមានបូក និងបួរដូចខ្ទីងឈ្មោលទេ ។
ប្រជាជនដែលរស់នៅតាមតំបន់ព្រៃភ្នំ ច្រើនហៅឈ្មោះសត្វនេះថា «ខ្ទីងភ្នំ» ។ ស្នែងខ្ទីង មានរាងសំប៉ែតជាងស្នែងទន្សោង ហើយដុះមកមានពណ៌ប្រផេះខៀវ ផ្នែកគល់ដុះចេញក្រៅរួចកោងឡើងទៅលើ ដូចទន្សោងដែរ ។
ខ្ទីងមានទម្ងន់ពី៥០០ទៅ១.០០០គីឡូក្រាម។ ខ្ទីងឈ្មោលពេញវ័យមានកម្ពស់១,៨៥ម៉ែត្រនិងញីកម្ពស់១,៦០ម៉ែត្រ និងខ្ពស់បំផុតរហូតដល់២ម៉ែត្រ ។
សត្វខ្ទីង អាចរស់នៅបានតាំងពីតំបន់ទំនាបរហូតដល់រយៈកម្ពស់២.០០០ម៉ែត្រ(តំបន់ខ្ពង់រាប និងជួរភ្នំក្រវាញ) ។ ខ្ទីងរស់នៅក្នុងព្រៃស្រោង ព្រៃល្បោះ វាលស្មៅ និងអាចរស់នៅរយៈកម្ពស់ខ្ពស់ជាងទន្សោង ។ ជាធម្មតា ខ្ទីងចេញរកស៊ីនៅពេលព្រឹកនិងពេលល្ងាច ។ វាចូលចិត្តរស់នៅជាហ្វូង ។ អាហាររបស់វា គឺល្បាស់ខ្ចី ទំពាំង ស្មៅ និងវល្លិជាដើម ។ ខ្ទីងញីអាចបង្កើតកូនបាន១ក្បាលបន្ទាប់ពីពពោះរយៈពេល៩ខែ ។
ខ្ទីង ជាសត្វមួយប្រភេទដែលទទួលរងនូវការគំរាមកំហែងយ៉ាងខ្លាំង ហើយចំនួនរបស់វាមានការថយចុះគួរឱ្យព្រួយបារម្ភ ។ ខ្ទីងរស់នៅក្នុងតំបន់មួយចំនួនដូចជា ភូមិភាគឦសាន ភូមិភាគខាងជើង ខេត្តកោះកុង ខេត្តពោធិ៍សាត់ (ជួរភ្នំក្រវាញ) និងខេត្តកំពង់ស្ពឺជាដើម ។
បច្ចុប្បន្ន ខ្ទីងស្ថិតក្នុងក្រុមប្រភេទសត្វមានដោយកម្រ មានដង់ស៊ីតេរស់នៅកម្រិតទាប ។ គេកម្រឃើញវារស់នៅតាមវាលទំនាបណាស់ ព្រោះសត្វនេះ មិនចូលចិត្តកម្តៅថ្ងៃយូរពេកទេ ។
សត្វខ្ទីងកំពុងប្រឈមមុខនឹងការរងគ្រោះថ្នាក់ ដោយសារការបាត់បង់ទីជម្រករស់នៅ ការបរបាញ់ដើម្បីយកសាច់ ស្នែង ឆ្អឹង និងការជួញដូរ។ ខ្ទីងប្រភេទនេះ ត្រូវបានចុះក្នុងបញ្ជីក្រហម IUCN (VU)ថា ជាប្រភេទងាយរងគ្រោះថ្នាក់ជាសាកល។ សត្វខ្ទីងស្ថិតនៅក្នុងឧបសម្ព័ន្ធទី១ នៃអនុសញ្ញាសាយតេស ៕
ចែករំលែកព័តមាននេះ