ខេត្តបាត់ដំបង ៖ បើតាមការផ្ដល់ព័ត៌មានពីសមត្ថកិច្ច នៅព្រឹកថ្ងៃទី១១ មីនា នេះថា សាកសពដែលគេប្រទះឃើញស្លាប់ក្នុងថ្លុកឈាមនៅតំបន់ទន្លេសាប ក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ កាលពីរសៀលថ្ងៃទី១០ ម្សិលមិញ ត្រូវគេស្គាល់អត្តសញ្ញាណពិតហើយ ។
សាកសពជនរងគ្រោះ គឺឈ្មោះលន់ សុឃា អាយុ៤៧ឆ្នាំ ជាមន្ត្រីយោធានៅការិយាល័យ «ក២» ផ្នែកស្រាវជ្រាវប្រចាំទិសទន្លេសាបក្នុងស្រុកឯកភ្នំ មានទីលំនៅភូមិគោកពន្លៃ សង្កាត់អូរម៉ាល់ ក្រុងបាត់់ដំបង ដោយកន្លែងកើតហេតុប្រទះឃើញពូថៅ, ស្រាបៀរ១០កំប៉ុង, មី៣កញ្ចប់ និងវិទ្យុទាក់ទង១ ។
បើតាមប្រភពដដែលបញ្ជាក់ថា មន្ត្រីយោធារូបនេះ ត្រូវក្រុមជនដៃដល់ស្ទាក់វាយសម្លាប់តាមផ្លូវ ក្រោយពីបែកវង់ផឹកស៊ីកាលពីយប់ថ្ងៃទី០៩ មីនា ដែលមានគ្នីគ្នាជិត១០នាក់ ។ ប៉ុន្តែក្រោយពីធ្វើការស្រាវជ្រាវ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស២នាក់ ជាបណ្ដោះអាសន្នយកទៅសាកសួរ ដែលជាប្ដី-ប្រពន្ធ និងជាម្ចាស់លក់ដូរ ។
បើតាមសមត្ថកិច្ចបញ្ជាក់ថា ប្ដី-ប្រពន្ធដែលត្រូវឃាត់ខ្លួនបណ្ដោះអាសន្ន បុរសជាប្ដីមន្ត្រីបរិស្ថាន ហើយករណីឃាតកម្មលើមន្ត្រីយោធាខាងលើនេះ អាចកើតចេញពីរឿងគំនុំ ក្នុងការប្រព្រឹត្តបទល្មើសនេសាទ ។ ពេលនេះ សមត្ថកិច្ចកំពុងសួរនាំប្ដី-ប្រពន្ធនោះ និងកំពុងស្រាវជ្រាវតាមប្រមាញ់រកមុខសញ្ញាមួយចំនួនទៀត ដែលបានកំណត់រួចហើយ។
ចែករំលែកព័តមាននេះ