រាជធានីភ្នំពេញ ៖ នគរបាលការិយាល័យចរាចរណ៍ផ្លូវគោករាជធានី កាលពីរសៀលថ្ងៃទី១០ មីនា បានបង្ហាញមុខអ្នកកាសែតម្នាក់ ដែលជាប់ពាក់ព័ន្ធបើកបរក្នុងស្ថានភាពស្រវឹង ដោយជាតិអាល់កុលមានកម្រិតខ្ពស់លើ០,៦៤មីល្លីក្រាម និងចោទពីបទប្រើប្រាស់សង្គមហ្វេសប៊ុកជេរប្រមាថថ្នាក់ដឹកនាំកំពូល ។
អ្នកកាសែតរូបនោះគឺ លោក សាន ប៊ុនធឿន អាយុ៤៤ឆ្នាំ ដែលជាប្រធានក្រុមអ្នកយកព័ត៌មានឱ្យគេហទំព័រអាយញូវ ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ ការចាប់ខ្លួនលោក សាន ប៊ុនធឿន នេះសមត្ថកិច្ចក៏បានធ្វើសន្និសីទសារព័ត៌មានបង្ហាញមុខផងដែរ ។

ពេលបង្ហាញមុខលោកវរសេនីយ៍ឯក ចេវ ហាក់ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញបានថ្លែងថា សមត្ថកិច្ចរបស់លោកឃាត់ខ្លួនអ្នកកាសែតម្នាក់នេះ គឺសមត្ថកិច្ចរបស់លោកបានអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ។ មូលហេតុដែលនាំឲ្យមានការឃាត់ខ្លួនអ្នកកាសែតរូបនោះ គឺកាលពីយប់ថ្ងៃទី៩ មីនា លោក សាន ប៊ុនធឿន និងដៃគូម្នាក់ទៀតបានជិះម៉ូតូម៉ាក PCX មិនពាក់មួកសុវត្ថិភាព ម៉ូតូអត់ពាក់ស្លាកលេខ ហើយត្រូវបានសមត្ថកិច្ចដាក់ប៉ុស្តិ៍ត្រួតពិនិត្យជាតិអាល់កុល នៅតាមបណ្តោយផ្លូវជាតិលេខ៤ ម្តុំភូមិកំបូល ក្នុងខណ្ឌពោធិ៍សែនជ័យបានឃាត់ខ្លួន ។
ពេលសមត្ថកិច្ចឃាត់ដំណើរពិនិត្យជាតិអាល់កុលមានកម្រិត០,៦៤មីល្លីក្រាមក្នុងមួយលីត្រខ្យល់ ។ ដោយពិនិត្យឃើញលោក សាន ប៊ុន ធឿន បើកបរក្នុងស្ថាភាពមានជាតិអាល់កុលលើសច្បាប់កំណត់ សមត្ថកិច្ចក៏ឃាត់ខ្លួននាំទៅកាន់ការិយាល័យចរារចរណ៍ផ្លូវគោក ដើម្បីអនុវត្តតាមច្បាប់ស្តីពីចរាចរណ៍ជើងគោក ។ លោកថ្លែងថា ក្រោយពេលឃាត់ខ្លួន ស្រាប់តែទទួលបានព័ត៌មានថា លោក សាន ប៊ុនធឿន ជាចាងហ្វាងកាសែតស្នេហាជាតិ និងជាប្រធានក្រុមផ្នែកយកព័ត៌មានរបស់គេហទំព័រខ្មែរអាយញូវ ដែលត្រូវបានគេស្គាល់លើបណ្តាញសង្គមហ្វេសប៊ុក ហើយថាមានជាប់ពាក់ព័ន្ធ និងការប្រើពាក្យពេចន៍ជេរប្រមាថ អសីលធម៌លើថ្នាក់ដឹកនាំជាន់ខ្ពស់ទៀតផង ។
ក្រោយពីបង្ហាញមុខអ្នកកាសែតដែលបើកបរដោយមានជាតិអាល់កុលលើសកំណត់ចប់ទៅ នគរបាលចរាចរណ៍ផ្លូវគោកបានបញ្ជូនអ្នកកាសែតរូបនោះទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនតំណាងអយ្យការធ្វើការសាកសួរ ដែលសំណុំរឿងនេះស្ថិតនៅលើដៃលោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូង ហើយពេលវេលាសាកសួរកាលពីល្ងាចថ្ងៃទី១០ មីនា មិនទាន់ចប់នៅឡើយទេ ។
វាសនាលោក សាន ប៊ុនធឿន ក៏មិនទាន់ដឹងយ៉ាងណាដែរ គិតត្រឹមម៉ោង៧យប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦នេះ ៕
ចែករំលែកព័តមាននេះ