រាជធានីភ្នំពេញ ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ មីនា បានសម្រេចចេញដីកាឃុំខ្លួនជនសង្ស័យជួញដូរគ្រឿងញៀន២នាក់់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ត ក្រោមការចោទប្រកាន់ពីបទជួញដូរសារធាតុញៀន ។
យុវជនសង្ស័យទាំង២នាក់ខាងលើនេះ ម្នាក់ ឈ្មោះ សុខ លីន អាយុ២៥ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ និងម្នាក់ទៀត ឈ្មោះ គឹម សុងហៃ អាយុ២៣ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី៧ មីនា ២០១៦ សមត្ថកិច្ចនគរបាលខណ្ឌទួលគោក បានបើកប្រតិបត្តិការបង្ក្រាបក្រុមជួញដូរគ្រឿងញៀន១ករណី ដែលបានធ្វើឡើងនៅផ្ទះសំណាក់ខាំហ្វតហោស ស្ថិតនៅផ្ទះលេខ២២A ផ្លូវលេខ១១២ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យ២នាក់ និងដកហូតថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៦កញ្ចប់ ស្មើនឹងកន្លះគីឡូក្រាម និងជញ្ជីង២ ព្រមទាំងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត ។
នៅសាលាដំបូងរាជធានីភ្នំពេញ ជនសង្ស័យទាំង២នាក់ បានរៀបរាប់ឲ្យដឹងថា គ្រឿងញៀនដែលសមត្ថកិច្ចដកហូតប្រមាណកន្លះគីឡូក្រាម និងជញ្ជីង២នោះ មិនមែនជារបស់ពួកគេទេ ។ ជនសង្ស័យបានបដិសេធថា ពួកគេពិតជាបានទៅជួលបន្ទប់ផ្ទះសំណាក់ខាងលើនោះស្នាក់នៅមែន គឺនៅជាន់ទី៣ តែមិនបានដឹងថា នៅក្នុងបន្ទប់នោះមានថ្នាំញៀននោះទេ ។
ទោះបីជាចម្លើយសារភាពរបស់ជនសង្ស័យទាំង២នាក់នៅសាលាដំបូងថា ថ្នាំញៀនពិតជានៅក្នុងបន្ទប់របស់ខ្លួន ខណៈពេលសមត្ថកិច្ចទៅឆែកឆេររកឃើញនៅទីនោះ ដែលខាងលើនេះគ្រាន់តែជាចម្លើយដោះសារប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ