ដោយ រ័ត្ន ធីយ៉ា
មានការត្អូញត្អែរយ៉ាងច្រើន អំពីការខុសក្រមសីលធម៌របស់គ្រូពេទ្យ ទាក់ទងនឹងការផ្តល់ថ្នាំបកសម្បកចេញ ដែលធ្វើឱ្យអ្នកជំងឺឆ្ងល់ថា តើខ្លួនឯងកំពុងតែប្រើថ្នាំអ្វី ។ ប៉ុន្តែខាងគ្រូពេទ្យវិញការពារខ្លួនថា នេះមកពីពួកគេបារម្ភថា អ្នកជំងឺអាចទិញថ្នាំប្រើប្រាស់ផ្តេសផ្តាស គ្មានវេជ្ជបញ្ជាត្រឹមត្រូវ ។
ម្រាមដៃត្រូវបានចង្អុលដាក់គ្នាទៅវិញទៅមក រវាងគ្រូពេទ្យ និងអ្នកជំងឺ ឬសាធារណជន ។ ជាទូទៅ ការបកសម្បកថ្នាំចេញបែបនេះមិនត្រឹមត្រូវទេ ពីព្រោះវាអាចធ្វើឱ្យអ្នកជំងឺឆ្ងល់ថា តើថ្នាំដែលគេប្រើនោះ គឺជាថ្នាំអ្វីពិតប្រាកដ ។ បើសិនជាមានរឿងប្រតិកម្មថ្នាំកើតមាន តើគ្រូពេទ្យនឹងត្រូវទទួលខុសត្រូវរបៀបណា ។ ម្យ៉ាងទៀត វាជាសិទ្ធិរបស់អ្នកជំងឺ ដែលត្រូវដឹងច្បាស់ថា តើជំងឺរបស់ពួកគេត្រូវបានព្យាបាលដោយរបៀបណា ។ ដូច្នេះហើយបានជាមានការរិះគន់ខ្លាំង ទៅលើគ្រូពេទ្យដែលបានបកសម្បកថ្នាំចេញបែបនេះ ។
ប៉ុន្តែនៅខាងគ្រូពេទ្យវិញ ពួកគេក៏មានហេតុផល សម្រាប់ការពារចំពោះការបកសម្បកថ្នាំនេះ ។ គ្រូពេទ្យជាច្រើននិយាយថា ពួកគេបកសម្បក ដោយសារតែមិនចង់ឱ្យអ្នកជំងឺប្រើប្រាស់ថ្នាំផ្តេសផ្តាស ដែលនាំដល់គ្រោះថ្នាក់ ។ ពួកគេនិយាយថា អ្នកជំងឺជាច្រើននៅពេលដែលបានថ្នាំពីគ្រូពេទ្យហើយ ពួកគេតែងតែយកសម្បកថ្នាំនោះទៅទិញថ្នាំ នៅតាមឱសថស្ថាននានា ក៏មានបញ្ហាដែរ ដោយមិនទាមទារវេជ្ជបញ្ជាពីអ្នកដែលមករកទិញថ្នាំដែរ ។ ដូច្នេះ ពួកគេបារម្ភថា អ្នកជំងឺចេះធ្វើពេទ្យខ្លួនឯង ដោយបង្កគ្រោះថ្នាក់សម្រាប់ខ្លួនឯងផង និងសម្រាប់អនាគតសុខភាពមនុស្សទូទៅ នៅពេលដែលថ្នាំបាត់ប្រសិទ្ធភាព (resistant) នៅក្នុងការព្យាបាលជំងឺ។ ដូច្នេះ គ្រូពេទ្យនិយាយថា អ្នកជំងឺត្រូវបោះបង់ទម្លាប់អាក្រក់នេះចោល ដើម្បីចូលរួមដោះស្រាយបញ្ហាបកសម្បកថ្នាំនេះ ។
ជាសរុបមក ទាំងគ្រូពេទ្យ និងសាធារណជន សុទ្ធតែមានចំណុចខ្សោយរៀងខ្លួន ។ ដូច្នេះ គ្រូពេទ្យត្រូវចាប់ផ្តើមកែទម្លាប់បកសម្បកថ្នាំនេះ ចំណែកសាធារណជន មិនត្រូវប្រើថ្នាំផ្តេសផ្តាសឡើយ ។ ពេលឈឺចាំបាច់ ត្រូវឱ្យគ្រូពេទ្យពិនិត្យឱ្យបានត្រឹមត្រូវ ដោយលើកលែងតែជំងឺផ្តាសាយបន្តិចបន្តួច ។ សាធារណជន ត្រូវបញ្ចប់ការប៉ុនប៉ងព្យាបាលជំងឺដោយខ្លួនឯង ។ ឱសថស្ថាននានាវិញ មិនត្រូវលក់ថ្នាំដល់អ្នកទិញថ្នាំណា ដែលគ្មានវេជ្ជបញ្ជាត្រឹមត្រូវឡើយ សម្រាប់ថ្នាំដែលត្រូវការមានវេជ្ជបញ្ជា។
នៅពេលដែលទាំងបីផ្នែកនេះ បំពេញការទទួលខុសត្រូវរៀងៗខ្លួន បញ្ហាបកសម្បកថ្នាំនេះ នឹងកាត់បន្ថយបានច្រើន។ ដូច្នេះ មនុស្សគ្រប់គ្នា មានកាតព្វកិច្ចចូលរួមកំណែទម្រង់វិស័យសុខាភិបាល ៕
ចែករំលែកព័តមាននេះ