ខេត្តពោធិ៍សាត់ ៖ មានការភ្ញាក់ផ្អើលមួយ កាលពីវេលាម៉ោង០៦ និង៣០នាទីព្រឹកថ្ងៃទី១០ មីនា ២០១៦ បន្ទាប់ពីអាចារ្យប្រទះឃើញសាកសពមនុស្សប្រុស-ស្រី២នាក់ស្លាប់ក្បែរគ្នា ក្នុងសាលាឆាន់ព្រះវិហារអ៊ិស្លាមសំរោងអណ្តែត ស្ថិតក្នុងភូមិទួលទទឹង ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលពួកគេទាំង២នាក់ត្រូវគេដឹងថា ជាគូស្នេហ៍នឹងគ្នា ។
ប្រភពឱ្យដឹងថា ជនរងគ្រោះទាំង២នាក់ ខាងប្រុសមានឈ្មោះសុះ សល់លី អាយុ២០ឆ្នាំ ជនជាតិអ៊ិស្លាម មានទីលំនៅភូមិកំពង់ឡ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ចំណែកខាងស្រីឈ្មោះស្មាន ទីណូ អាយុ១៦ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។ ដោយកន្លងមក ពួកគេទាំង២នាក់ស្គាល់គ្នាតាមរយៈទូរស័ព្ទ ហើយក៏មានទំនាក់ទំនងស្នេហាជាមួយគ្នារហូតដល់សព្វថ្ងៃ ។
ទោះជាយ៉ាងណា ជំហានដំបូងសមត្ថកិច្ចមិនទាន់កំណត់ថា ជាករណីអ្វីនោះទេ តែសង្ស័យថា អាចពួកគេទាំង២នាក់សម្លាប់ខ្លួន ព្រោះតែរឿងអ្វីមួយ ព្រោះនៅកន្លែងកើតហេតុត្រូវគេប្រទះឃើញមានថ្នាំបំពុលសត្វកុក ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវយកចិត្តទុកដាក់បំផុត ។
ចែករំលែកព័តមាននេះ