ខេត្តស្វាយរៀង ៖ ស្ត្រីម្នាក់ឈឺក្បាលតែប៉ុន្មានម៉ោង ក៏បានស្លាប់ពេលក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ដែលហេតុការណ៍នេះធ្វើឱ្យអ្នកភូមិមានការភ្ញាក់ផ្អើល ដោយនិយាយតៗគ្នាថា មិនដឹងជាជំងឺអ្វី គ្រាន់តែឈឺក្បាលសោះស្លាប់ ហើយត្រូវគ្រូពេទ្យមិនអាចជួយសង្គ្រោះបាន ដែោលហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង០៦និង១៥នាទីព្រឹកថ្ងៃទី១០ មីនា ២០១៦ ស្ថិតនៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។
បើតាមបុរសជាប្តីឈ្មោះព្រំ សាភាត់ អាយុ៣២ឆ្នាំ ជាមន្ត្រីនគបាលក្រុងស្វាយរៀងបានឱ្យដឹងថា ប្រពន្ធរបស់គាត់ដែលស្លាប់មានឈ្មោះសំ សុធារី អាយុ៣៧ឆ្នាំ មានកូន២នាក់ មានអាការៈឈឺក្បាលស្ទុំៗរយៈពេល៦ថ្ងៃមកហើយ ក៏ប៉ុន្តែលោកបានយកប្រពន្ធទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យខេត្ត ត្រូវក្រុមគ្រូពេទ្យប្រាប់ថា គ្រាន់តែឈឺក្បាលធម្មតា គ្មានអ្វីធ្ងន់ធ្ងរនោះទេ ។
រួចគ្រូពេទ្យបានឱ្យថ្នាំបំបាត់ការឈឺចាប់មកលេប ក៏បានធូរស្រាលវិញ ។ ក៏ប៉ុន្តែពេលអស់ជាតិថ្នាំ គឺចាប់ផ្តើមឈឺក្បាលស្ទុំៗវិញ ក្រោយមក ក៏នាំប្រពន្ធទៅមន្ទីរពេទ្យខេត្តពិនិត្យទៀត ហើយក្រុមគ្រូពេទ្យប្រាប់ថា មានជំងឺរលាកក្រពះ គ្រូពេទ្យក៏បានឱ្យថ្នាំព្យាបាលក្រពះ ក៏ប៉ុន្តែលេបរួចដូចជាមិនមានបានធូរស្រាលទេ គ្រាន់តែបាត់ការឈឺក្បាលប៉ុណ្ណោះ ។
លុះនៅវេលាម៉ោង១០យប់ថ្ងៃទី៩ មីនា ២០១៦ មានអាការៈឈឺក្បាលទៀត គាត់ជាប្តីក៏បានដឹកប្រពន្ធទៅកាន់មន្ទីរពេទ្យខេត្តស្វាយរៀង ដើម្បីពិនិត្យព្យាបាល ក្រោយការពិនិត្យរបស់ក្រុមគ្រូពេទ្យក្រុមគ្រូពេទ្យប្រាប់ថា មិនអីទេ វាជាជំងឺឈឺក្បាលធម្មតា ដេកពេទ្យមួយយប់ ដើម្បីឱ្យគ្រូពេទ្យតាមដានជំងឺ រហូតដល់ម៉ោង៤ទៀបភ្លឺថ្ងៃទី១០ មីនា ស្រាប់តែប្រពន្ធរបស់គាត់ មានអាការៈឈឺក្បាលយ៉ាងខ្លាំង ទ្រាំស្ទើរលែងបាន ក៏តាមគ្រូពេទ្យឱ្យមកមើល ត្រូវគ្រូពេទ្យប្រាប់ថា សង្ស័យមានជំងឺផ្សិតក្នុងខួរក្បាល ឬជំងឺផ្សិតក្នុងខួរឆ្អឹងខ្នងទើបឈឺក្បាលខ្លាំងដូច្នេះ តែខាងមន្ទីរពេទ្យខេត្ត ពុំមានសម្ភារឧបករណ៍ពិនិត្យក្បាល និងខួរឆ្អឹងខ្នងបានទេ ត្រូវបញ្ជូនទៅមន្ទីរពេទ្យរាជធានីភ្នំពេញ ទើបមានឧបករណ៍ថត ឬស្កែនក្បាល ។
បន្ទាប់មក ក៏បានរៀបចំឯកសារបញ្ជូនរហូតដល់ម៉ោង០៦ និង១៥នាទីព្រឹក ប្រពន្ធរបស់គាត់ឈឺចុកចាប់ក្បាលខ្លាំង រហូតសន្លប់រូបគាត់ភ័យយ៉ាងខ្លាំង បានលើកប្រពន្ធបីរត់ទៅរកគ្រូពេទ្យឱ្យជួយ ក៏ប៉ុន្តែគ្រូពេទ្យបានប្រាប់ថា ប្រពន្ធគាត់បានស្លាប់បាត់ទៅហើយ ។
ចែករំលែកព័តមាននេះ