រាជធានីភ្នំពេញ ៖ លោកជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមីញ ប្រទេសវៀតណាម សហការជាមួយមន្ទីរសង្គមកិច្ចទីក្រុងហូជីមីញ រៀបចំមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរចំនួន២៣នាក់ ក្នុងនោះមនុស្សចាស់៧នាក់ ស្ដ្រីមានផ្ទៃពោះគ្រប់ខែ១នាក់ និងកុមារ១៦នាក់ ដែលបានចូលទៅប្រកបរបបលក់ឆ្នោតខុសច្បាប់នៅទីក្រុងហូជីមីញ ។
លោកបន្តថា ពលរដ្ឋខ្មែរទាំង២៣នាក់នេះ មានស្រុកកំណើតនៅស្រុកចន្ទ្រា និងនៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នឹងត្រឡប់មកកម្ពុជាវិញ ក្នុងពេលឆាប់ៗខាងមុខនេះ នាសប្តាហ៍ទី៣ ខែមីនា ឆ្នាំ២០១៦ តាមច្រកអន្តរជាតិបាវិត ។
លោកជុំ សុន្ទរី បានរំលឹកថា ក្នុងកិច្ចប្រជុំជាមួយឯកអគ្គរាជទូត និងអគ្គកុងស៊ុលកម្ពុជាប្រចាំនៅបរទេសនៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី៣០ មករា ឆ្នាំ២០១៦ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានណែនាំជាថ្មីម្ដងទៀត ឱ្យស្ថានតំណាងកម្ពុជាទាំងអស់យកចិត្តទុកដាក់ឱ្យបានខ្លាំង ក្នុងការជួយដល់ពលករ-ពលការិនី និងពលរដ្ឋកម្ពុជា ដែលបានទៅធ្វើការនៅក្រៅប្រទេស ទាំងស្របច្បាប់ និងមិនស្របច្បាប់ ។
ចែករំលែកព័តមាននេះ