រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម (Facebook) មានខ្លឹមសារខ្លីទំាងស្រុងថា ”ថ្ងៃសៅរ៍ និងថ្ងៃ អាទិត្យខាងមុខ ខ្ញុំនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទស្សនកិច្ចការងារនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ទស្សនកិច្ចនេះនឹងផ្តោតសំខាន់ពិភាក្សាលើការពង្រឹងទំនាក់ទំនងទ្វេភាគីដែលនឹងផ្តល់ផលប្រយោជន៌សំរាប់ប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ឡាវ។”
គួរបញ្ជាក់ថា បើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានឲ្យដឹងថា តាមការអញ្ជើញរបស់លោក ថងស៊ីង ថំាម៉ាវង្ស នាយករដ្ឋមន្រ្តីឡាវ សម្តេចតេជោ ហ៊ុន សែន នឹងដឹកនំាគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលអញ្ជើញទៅទស្សនកិច្ចការងារនៅប្រទេសឡាវពីថ្ងៃទី១២ដល់ថ្ងៃទី១៣ មីនា ២០១៦ ។
សេចក្តីជូនព័ត៌មានដដែលបានបញ្ជាក់ទៀតថា គណៈប្រតិភូអមដំណើររួមមាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ឋសភា លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ លោកឧបនាយករដ្ឋមន្រ្តី សុខ អាន រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ និងសមាជិកដទៃទៀតនៃរាជរដ្ឋាភិបាល ។ អំឡុងពេលទស្សនកិច្ច សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងជួបពិភាក្សាទ្វេភាគីជាមួយលោកនាយករដ្ឋមន្រ្តីឡាវ ថងស៊ីង ថំាម៉ាវង្ស ៕
ចែករំលែកព័តមាននេះ