រាជធានីភ្នំពេញ ៖ បុរសម្នាក់បន្ទាប់ពីផឹកស៊ីស្រវឹងលួចយករ៉ឺម៉កម៉ូតូរបស់បងប្រុសមករៀនបើក រេចង្កូតទៅបុកចូលផ្ទះលក់គ្រឿងទេស បណ្តាលឲ្យស្ត្រីជាអ្នកលក់ម្នាក់រងរបួសជើង និងបុកបែកកូនជ្រូកដីឥដ្ឋអស់មួយធ្នើរ ចំណែករ៉ឺម៉កម៉ូតូក្រឡាប់ផ្ងារជើងនៅមុខផ្ទះលេខ១៧ ផ្លូវលេខ៣៣៦ កាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី៩ មីនា ស្ថិតនៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
ក្រោយពេលកើតហេតុ ខាងម្ចាស់រ៉ឺម៉កម៉ូតូដែលជាបងប្រុសរបស់អ្នកបើករ៉ឺម៉កបង្កបានមកសុំទោសម្ចាស់ផ្ទះលក់គ្រឿងទេស ដោយបានប្រាប់ថា អ្នកបើករ៉ឺម៉កនោះគឺជាប្អូនប្រុសរបស់គាត់ គេមិនសូវចេះបើកទេ ពេលផឹកស៊ីស្រវឹងលួចរ៉ឺម៉កម៉ូតូរបស់គាត់យកមករៀនបើក បើគាត់ដឹងមុនក៏មិនឲ្យដែរ ។
បន្ទាប់មកភាគីទាំងពីរបានចរចាគ្នាដោយខាងម្ចាស់ផ្ទះទារសំណង៥០០ដុល្លារ ទាំងថ្លៃបែកកូនជ្រូកនិងរបួសជើង ប៉ុន្តែខាងរ៉ឺម៉កសុំចុះមកនៅត្រឹម៣៨០ដុល្លារដើម្បីបញ្ចប់រឿង ៕
ចែករំលែកព័តមាននេះ