ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កញ្ញា​សា​សា ខូ​ល យក​គូស្នេហ៍​ជា​អ្នកសិល្បៈ​ដូច​គ្នា​ចង់​ជម្នះ​ពាក្យ​ថា ​«គូស្នេហ៍​សិល្បៈ​ងាយ​បែកបាក់»

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​លោក​ផែ សុ​ផា​ន់​ណា បាន​លើកទឹកចិត្ត​គូស្នេហ៍​វ័យក្មេង​ស្រស់​សោភា​ជា​តារា​សម្តែង​ដូច​គ្នា​ដោយ​រៀបចំ​ពិធី​ខួបកំណើត​ជូន​នាង​យ៉ាង​សប្បាយ​​រីករាយ​។ ពិធី​ខួបកំណើត​នេះ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​លោក​ផែ សុ​ផា​ន់​ណា បាន​លើកទឹកចិត្ត​គូស្នេហ៍​វ័យក្មេង​ស្រស់​សោភា​ជា​តារា​សម្តែង​ដូច​គ្នា​ដោយ​រៀបចំ​ពិធី​ខួបកំណើត​ជូន​នាង​យ៉ាង​សប្បាយ​​រីករាយ​។ ពិធី​ខួបកំណើត​នេះ​រៀបចំ​កាលពី​រាត្រី​ថ្ងៃ​ទី​៨ មីនា ឆ្នាំ​២០១៦ នៅ​ភោជនីយដ្ឋាន​វី​ហ្វ្រែ​ន​ជិត​ផ្សារ​ដេប៉ូ រាជធានី​ភ្នំពេញ​។

បញ្ជាក់​ប្រាប់​អ្នក​យក​ព័ត៌មាន​គ្រា​កំពុង​ទទួល​ស្វាគមន៍​ភ្ញៀវ និង​មិត្តភក្តិ​ក្នុង​ពិធី​ខួបកំណើត​នោះ លោក ផែ សុ​ផា​ន់​ណា ឱ្យ​ដឹង​ថា លោក​រៀបចំ​ធ្វើ​ពិធី​ខួបកំណើត​ជូន​គូ​ស្នេហ៍​​បណ្តូលចិត្ត​របស់​លោក​នេះ ព្រោះតែ​យល់​ថា​រវាង​លោក និង​ម្ចាស់​បេះដូង គឺ​កម្រ​មានកម្ម​វិធី​ជួបជុំ​មិត្តភក្តិ​ណាស់ គឺ​មាន​តែ​កម្មវិធី ធម្មតា​ៗ​។ ដោយ​គូស្នេហ៍​កើត​ចំ​ថ្ងៃ​៨ មីនា ជា​ទិវា​សិទ្ធិ​នារី ទើប​លោក​ផា​ន់​ណា រៀបចំ​ពិធី​ខួបកំណើត​ជូន​នាង ដើម្បី​លើកទឹកចិត្ត​ឲ្យ​សមតា​មការ​ចង់បាន​របស់​លោក​ផង ។ លោក​ផា​ន់​ណា ចង់​មានកម្ម​វិធី​ជុំ​គ្នា​ទាំង​មិត្តភក្តិ​សងខាង និង​ចាស់ទុំ​ទើប​បង្កើត​កម្មវិធី ម្យ៉ាង​ចំ​ទិវា​សិទ្ធិ​នារី​ជា​ថ្ងៃ​ពិសេស ។

លោក​ផែ សុ​ផា​ន់​ណា និង​គូស្នេហ៍​ស្គាល់គ្នា​រយៈពេល​៣​ឆ្នាំ​មក​ហើយ គ្រា​ដែល​លោក​ទៅ​ចូលរួម​ពិធី​សម្ពោធ​ភាពយន្ត ដែល​លោក​សម្តែង​។ គ្រានោះ​លោក​ផា​ន់​ណា សុំ​នាង​រាប់អាន ។ ក្រោយមក​ទៅ​ថត​ខារ៉ាអូខេ​ជួប​គ្នា ក៏​សុំ​ស្គាល់ឈ្មោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ទៀត ធ្វើ​ឱ្យ​កាន់តែ​ស្និទ្ធស្នាល​ឡើង ។ រយៈពេល​មួយ​ឆ្នាំ លោក​ផា​ន់​ណា ដាច់​ចិត្ត​សុំ​ស្រឡាញ់​នាង ព្រមទាំង​មានការ​ដឹង​ឮ​ពី​ចាស់ទុំ​សងខាង ។

តារា​សម្តែង​ឧស្សាហ៍​បាន​តំណែង​តួ​កាច និង​ឧស្សាហ៍​ឃើញ​ក្នុង​វ៉ុល​ខារ៉ាអូខេ​របស់​ផលិតកម្ម​ហង្ស​មាស ថោ​ន និង​សាន់​ដេ លោក​ផា​ន់​ណា ឲ្យ​ដឹង​ថា ខាង​ស្រី​ចង់​ចូល​រោងការ ឆាប់​ៗ ប៉ុន្តែ​លោក​ស្តាយ​ការងារ​សិល្បៈ​ដែល​ចេះ​តែ​រីក​ចម្រើន​ទៅ​មុខ ដោយ​មាន​គេ​ហៅ​ថត​រហូត ទើប​ពន្យារពេល​រៀប​អាពាហ៍ពិពាហ៍ ។ ទោះ​ជាយា​៉​ង​ណា​ក្តី លោក​គ្រោង​រៀប​ការ​នៅ​អំឡុង​ឆ្នាំ​២០១៧ ទុក​ពេល​រក​ប្រាក់​សិន ។

ក្រោយ​រៀប​ការ​រួច លោក​ផែ សុ​ផា​ន់​ណា នឹង​បន្ថយ​ការងារ​សិល្បៈ ចំណែក​អនាគត​ភរិយា​របស់​លោក​ប្រហែលជា​ឱ្យ​ឈប់​ពី​អាជីព​សិល្បៈ​ព្រោះ​នាង​មានមុខ​របរ​លក់​គ្រឿងសំអាង​យ៉ាង​មមាញឹក​តាម​អន​ឡាញ ។

ចំណែក​កញ្ញា​សា​សា ខូ​ល ដែល​មានឈ្មោះ​ពិត​លី ស៊ី​ម៉ា ជា​គូស្នេហ៍​បញ្ជាក់​ថា មាន​អ្នក​ស្រលាញ់​នាង​ច្រើន តែ​នាង​សម្រេច​ជ្រើសរើស​អ្នកសិល្បៈ​ដូច​គ្នា​ធ្វើ​ជា​គូ​អនាគត ។ «​វា​ជា​និស្ស័យ​ដែល​យើង​បាន​យល់ចិត្ត​គ្នា​ស្រឡាញ់​គ្នា​។ ម្យ៉ាងទៀត​នាង​ខ្ញុំ​ក៏​ចង់​តស៊ូ​នឹង​ពាក្យ​ថា «​យក​អ្នកសិល្បៈ​ងាយ​បែក​គ្នា​» នាង​ខ្ញុំ​នឹង​ប្រឹង​ជម្នះ​មិន​ឲ្យ​ពាក្យ​នេះ​ធ្លាក់​មក​លើ​រូប​នាង​ខ្ញុំ​ឡើយ ។

គាត់​ជា​មនុស្ស​ល្អ​ហ៊ាន​តស៊ូ​ជាមួយ​ការងារ​ធ្វើការ​ដោយ​ចិត្ត​អំណត់​ទោះជា​ហត់​ក៏​ស៊ូ ទោះ​គាត់​ជាតា​រា​ត្រូវការ​ភាព​ស្អាត​ក៏​ដោយ​ក៏​មិន​ខ្វល់​។ អ្វី​ដែល​សំខាន់​នោះ​សង្សារ​របស់​នាង​ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​មិន​ឲ្យ​តម្លៃ​នារី​ឡើយ គឺ​តែងតែ​ឲ្យ​ចាស់ទុំ​ដឹង​ឮ នេះ​ជា​ចំណុច​សំខាន់​មួយ​ដែល​នាង​ខ្ញុំ​បាន​មើលឃើញ​» ។ កញ្ញា​លី ស៊ី​ម៉ា ថ្លែងអំណរគុណ​លោក​ផែ សុផា​ន់​ណា ដែល​ចាត់ចែង​ពិធី​ខួបកំណើត​ដល់​នាង​បាន​ជួបជុំ​មិត្តភក្តិ​ទាំង​សងខាង ខណៈ​ឆ្នាំ​នេះ​នាង​មាន​អាយុ​២៣​ឆ្នាំ​គត់ ។

លោក​ផែ សុ​ផា​ន់​ណា មាន​អាយុ​២៧​ឆ្នាំ​ធ្លាប់​បង្ហាញ​ស្នាដៃ​សម្តែង​ក្នុង​ខ្សែភាពយន្ត​រឿង​«​ចម្រៀង​ស្នេហ៍​រលក​ជីវិត​» កាលពី​៥​ឆ្នាំ​មុន​បញ្ចាំង​នៅ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ ។ ក្រៅពី​នោះ លោក​ផា​ន់​ណា ថត​ខារ៉ាអូខេ​ឱ្យ​ផលិតកម្ម​ហង្ស​មាស ថោ​ន និង​សាន់​ដេ ព្រមទាំង​សម្តែង​រឿង​ភាគ​ជា​ច្រើន​ឱ្យ​បណ្តា​ស្ថានីយទូរទស្សន៍​នានា​។ រឿង​ភាគ​ដែល​លោក​ផែ សុ​ផា​ន់​ណា ចូលរួម​សម្តែង ហើយ​ទើប​បញ្ចាំង​ចប់​មាន​ចំណងជើង​ថា «​ស្នេហ៍​ឆ្លង​ភព​» ៕