ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និយោជក​និង​សហជីព​ខ្វែងគ្នា ការ​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​សហជីព​ដ៏​ចម្រូងចម្រាស

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ស្នើ​ដល់​សមាជិក​ព្រឹទ្ធសភា និង​រដ្ឋសភា ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​​…

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ស្នើ​ដល់​សមាជិក​ព្រឹទ្ធសភា និង​រដ្ឋសភា ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​រាល់​មតិយោបល់​នានា ពាក់ព័ន្ធ​នឹង​សេចក្តីព្រាងច្បាប់​ស្តី​ពី​សហជីព ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម​ជាតិ​ទាំងមូល ។

សម្ដេច​ពញា​ចក្រី មាន​ប្រសាសន៍​បែប​នេះ ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​បើក​សិក្ខាសាលា​ថ្នាក់​ជាតិ ដើម្បី​ស្វែង​យល់​ពី​សេចក្តីព្រាងច្បាប់​ស្តី​ពី​សហជីព​នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែមីនា នា​វិមាន​រដ្ឋសភា ។ សម្តេច​ពញា​ចក្រី ហេង សំ​រិ​ន មាន​ប្រសាសន៍​ថា សេចក្តីព្រាងច្បាប់​នេះ ត្រូវ​បាន​រាជរដ្ឋាភិបាល​ដាក់​ឱ្យ​មានការ​ពិគ្រោះ​យោបល់​ជា​ហូរហែ​ច្រើន​លើក​ច្រើន​សា ជា​លក្ខណៈ​ទ្វេភាគី ត្រីភាគី ពហុភាគី និង​ជា​សាធារណៈ និង​ជាមួយ​អង្គការ​អន្តរជាតិ​ខាង​ការងារ​ជាដើម ។

សម្តេច​ពញា​ចក្រី​បន្ថែម​ថា ទោះបីជា​យ៉ាងនេះ​ក្តី វត្តមាន​នៃ​ការ​ចូលរួម​របស់​អ្នក​ទាំងអស់​គ្នា​នា​ពេល​កន្លង​មក ជា​ពិសេស​សហជីព និយោជក ព្រមទាំង​ដៃគូ​ពាក់ព័ន្ធ​ផ្សេង​ៗ​ទៀត នឹង​អាច​រួមចំណែក​ធ្វើ​ឱ្យ​សេចក្តីព្រាងច្បាប់​នេះ មាន​លក្ខណៈ​កាន់តែ​គ្រប់​ជ្រុងជ្រោយ និង​បន្ថយ​ជា​អប្បបរមា​នូវ​ភាព​ខ្វះចន្លោះ​នៃ​ច្បាប់ ។

សម្តេច​ប្រធានរដ្ឋសភា​បញ្ជាក់​ថា «​ខ្ញុំ​សូម​អំពាវនាវ​និង​លើកទឹកចិត្ត​ដល់​សមាជិក​សមាជិកា​ព្រឹទ្ធសភា រដ្ឋសភា ជា​ពិសេស​គណៈកម្មការ​ជំនាញ និង​ក្រុមការងារ​ចំពោះ​កិច្ច​របស់​រដ្ឋសភា​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​រាល់​មតិយោបល់ សំណូមពរ និង​អនុសាសន៍​នានា ដែល​អ្នកចូលរួម​ទាំងអស់​បាន​លើក​ឡើង ដើម្បី​យក​មក​ពិនិត្យ​និង​ពិចារណា សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​សេចក្តីព្រាងច្បាប់​ដ៏​មាន​សារសំខាន់​នេះ បម្រើ​ផលប្រយោជន៍​ជូន​សហជីព កម្មករ និង​និយោជក និយាយ​ដោយឡែក និង​និយាយ​រួម​ជូន​សង្គម​ជាតិ​ទាំងមូល​» ។

ចំណែក​លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​បាន​លើក​ឡើង​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​សហជីព​ថា ភាគី​សហជីព​បាន​ដាក់​សំណើ​ទៅ​កាន់​រដ្ឋសភា​ជា​ច្រើន​មក ហើយ និង​ជា​ចុង​ក្រោយ​ក៏​បាន​ដាក់​សំណើ​ចំនួន​២១​ចំណុច ដែល​ក្នុង​នោះ​សុទ្ធតែ​ជា​កង្វល់​របស់​សហជីព​ទាំងអស់ ។

លោក អាត់ ធន់ បាន​លើក​ឡើង​ថា ក្នុង​សេចក្តីព្រាងច្បាប់​ស្តី​ពី​សហជីព មាន​ចំណុច​មួយ​ចំនួន​បាន​ធ្វើ​ឱ្យ​មានការ​រាំងស្ទះ​ដល់​សហជីព​ដូច​ជា ការ​បង្កើត​សហជីព ការ​ធ្វើ​កូដកម្ម ការ​កែប្រែ​លក្ខន្តិកៈ ឬ​សន្និបាត​សហជីព​ជាដើម ទាល់តែ​មាន​សំឡេង​៥០%​បូក​១ ទើប​អាច​ធ្វើ​បាន ។

លោក អាត់ ធន់ បញ្ជាក់​ថា «​អ្វី​ដែល​យើង​បារម្ភ គឺ​បារម្ភ​ពី​សិទ្ធិ​មូលដ្ឋាន​ក្នុង​ការ​រៀបចំ និង​ប្រព្រឹត្ត​ទៅ​របស់​សហជីព ហើយ​អ្វី​ដែល​យើង​មើលឃើញ គឺ​មានការ​ជ្រៀតជ្រែក​ពី​និយោជក និង​ពី​រាជរដ្ឋាភិបាល ។ គោលការណ៍​អន្តរជាតិ​គេ​មិន​អាច​ឱ្យ​រដ្ឋ​ជ្រៀតជ្រែក​ទៅ​ក្នុង​សហជីព​ទេ កុំឱ្យ​តែ​សហជីព​តាក់តែង​លក្ខន្តិកៈ​រំលោភ​លើ​ច្បាប់​រដ្ឋ​»​។

ជាមួយ​គ្នា​នេះ លោក អាត់ ធន់ ក៏​បាន​ស្នើ​ដល់​រាជរដ្ឋាភិបាល​និង​សភា ពិនិត្យ​លើ​សំណើ​ចំនួន​២១​ចំណុច ដែល​សហជីព​បាន​ដាក់​ទៅ​។ យ៉ាងណា​ក្តី សម្រាប់​ចំណុច​ដែល​សហជីព​បាន​ដាក់​ទៅ​កាន់​គណៈកម្មការ​ចំពោះ​កិច្ច គឺ​មិន​បាន​យក​ចំណុច​ទៅ​ដាក់​ក្នុង​សេចក្តីព្រាងច្បាប់​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ គណៈកម្មការ​នេះ​បាន​កែប្រែ​តែ​ចំណុច​បន្តិចបន្តួច​តែ​ប៉ុណ្ណោះ និង​បាន​ដាក់បន្ទុក​បន្ថែម​លើ​សេចក្តីព្រាងច្បាប់​ទៅ​វិញ ។

លោក អាត់ ធន់ សង្កត់ធ្ងន់​ថា ចំណុច​ដែល​បារម្ភ​នោះ​មាន​ចំនួន​បី​គឺ ៖

ទី​១-​សិទ្ធិ​ធ្វើ​កូដកម្ម​-​ប្រសិនបើ​សិទ្ធិ​ធ្វើ​កូដកម្ម​ចាំ​មាន​សមាជិក​៥០%​បូក​១​មែន​នោះ កម្មករ​លែង​មាន​សិទ្ធិ​ធ្វើ​កូដកម្ម ។

ទី​២-​ការ​រំលាយ​អង្គភាព​-​ប្រសិនបើ​និយោជក​មាន​សិទ្ធិ​ស្នើ​សុំ​រំលាយ​នោះ មាន​ន័យ​ថា​អង្គភាព​នោះ​មិន​និរន្តរ៍​ទេ ។

ទី​៣-​សហជីព​មិន​ទាន់​បាន​ចុះបញ្ជី ឬ​ពន្យារ​ការ​ចុះបញ្ជី ធ្វើការ​ងា​ខុសច្បាប់ ។ បញ្ហា​នេះ​យើង​បារម្ភ​សម្រាប់​សហជីព ។

លោក សុ​ន ឆ័​យ ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ប្រសាសន៍​ថា អ្វី​ដែល​មាន​បច្ចុប្បន្ន​ពុំ​ទាន់​មាន​លក្ខណៈ​ល្អ​សមរម្យ​នៅឡើយ​ទេ ទោះបីជា​ក្រុមការងារ​ចំពោះ​កិច្ច បាន​លើកយក​នូវ​រាល់​សំណូមពរ​ទាំង​២១​របស់​ក្រុម​សហជីព​កម្ពុជា មក​ពិនិត្យ ហើយ​កែ​លម្អ​បាន​មួយ​ចំនួន​ក៏​ដោយ ក៏​សេចក្តីព្រាងច្បាប់​នេះ ពុំ​ទាន់​មាន​ធានា​ភាព​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​អនុវត្ត​សិទ្ធិ​ចូលរួម​ជា​សមាជិក​សហជីព ។

លោក សុ​ន ឆ័​យ បញ្ជាក់​ថា​« សេចក្តីព្រាងច្បាប់​ស្តី​ពី​សហជីព​នេះ ពុំ​ទាន់​មានការ​ធានា​ភាព​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​អនុវត្ត​សិទ្ធិ​ចូលរួម​ជា​សមាជិក​សហជីព និង​បង្កើត​សហជីព រួម​ទាំង​មិន​ទាន់​បាន​គិតគូរ​ដល់​សិទ្ធិ​ទាំងនេះ ចំពោះ​កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​មន្ត្រីរាជការ  ហើយ​ប្រហែលជា​មិន​បាន​ជួយ​ទៅ​ដល់​ការ​បង្ក​ឱ្យ​មាន​សុខដុមរមនា​រវាង​និយោជក និង​កម្មករ​»​។

ដោយឡែក លោក ប៉ែន បញ្ញា ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ថ្លែង​ថា គណៈកម្មការ​ចំពោះ​កិច្ច​បាន​ពិនិត្យ​សេចក្តីព្រាងច្បាប់​ស្តី​ពី​សហជីព​អស់​ចំនួន​៣​លើក និង​បាន​ជួប​ពិភាក្សា​ជាមួយ​តំណាង​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចំនួន​២​លើក ជាមួយ​សហព័ន្ធ​និយោជក និង​សមាគម​ពាណិជ្ជកម្ម​១២​លើក  និង​តំណាង​សហជីព​ចំនួន​៣៤​លើក ដើម្បី​ប្រមូលផ្តុំ​នូវ​ការ​រួម​មតិយោបល់​បន្ថែម​លើ​សេចក្តីព្រាងច្បាប់​នេះ ។

លោក ប៉ែន បញ្ញា បញ្ជាក់​ថា សេចក្តីព្រាងច្បាប់​នេះ​មាន​គោលបំណង ៖

ទី​១-ផ្តល់​សិទ្ធិ និង​សេរីភាព ដល់​សហគ្រាស ឬ​គ្រឹះស្ថាន និង​ជន​ទាំងឡាយ​ដែល​ស្ថិត​នៅ​ក្រោម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តី​ពី​ការងារ និង​បុគ្គលិក​ធ្វើ​ការងារ​តាម​ផ្លូវអាកាស និង​ផ្លូវ​សមុទ្រ​។ កំណត់​អំពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​អង្គការ​វិជ្ជាជីវៈ​របស់​ស​កម្មករនិយោជិត និង​និយោជក​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

ទី​២-​ការពារ​សិទ្ធិ​និង​ផលប្រយោជន៍​ស្របច្បាប់​របស់​ជន​ទាំងឡាយ​ដែល​នៅ​ក្រោម​បទ​ប្ប​ញ្ញ​តិ្ត នៃ​ច្បាប់​ស្តី​ពី​ការងារ និង​បុគ្គលិក​ធ្វើការ​តាម​ផ្លូវអាកាស និង​ផ្លូវ​សមុទ្រ ។ ធានា​នូវ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ចរចា​ជា​សមូហភាព​រវាង​កម្មករ និយោជិត និង​និយោជក ព្រមទាំង​ជំរុញ​ឱ្យ​មាន​សុខដុមរ​នា​ក្នុង​ទំនាក់ទំនង​វិ​ជ្ជ​ជីវៈ និង​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​ការងារ​សមរម្យ ដើម្បី​បង្កើន ផលិតភាព និង​ការ​វិនិយោគ ។

លោក សោម អូន ប្រធាន​សហភាព​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា បាន​គាំទ្រ​សេចក្តីព្រាងច្បាប់​ស្តី​ពី​សហជីព​និង​បាន​បញ្ជាក់​ថា លោក​ស្វាគមន៍​សេចក្តីព្រាងច្បាប់​ស្តី​ពី​សហជីព ហើយ​ជំរុញ​ឱ្យ​សភាជាតិ​អនុម័ត​សេចក្តីព្រាងច្បាប់​នេះ​ឱ្យ​បាន​លឿន ។ លោក​គាំទ្រ​លទ្ធផល​នៃ​ការ​ប្រជុំ​របស់ គណកម្មការ​ចំពោះ​កិច្ច​នៃ​គណបក្ស​ទាំង​ពីរ​ដែល​មាន​អាសនៈ​នៅ​រដ្ឋសភា ដែល​ច្បាប់​នេះ​ការពារ​ផលប្រយោជន៍​កម្មករ ថៅកែ​រោងចក្រ និង​ការពារ​ផលប្រយោជន៍​អ្នក​វិនិយោគទុន​បរទេស​នៅ​កម្ពុជា និង​បន្ត​ទាក់ទាញ​អ្នក​វិនិយោគទុន​ថ្មី​ៗ​នៅ​កម្ពុជា ។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​សិក្ខាសាលា​មានការ​លើក​ឡើង​យ៉ាង​ផុសផុល ហើយ​ក្រុម​សហជីព​បាន​លើក​សំណើ​ទៅ​កាន់​តំណាង​រាជរដ្ឋាភិបាល​និង​គណៈកម្មការ​ជំនាញ​រដ្ឋសភា ដើម្បី​ពិនិត្យ​កែសម្រួល​នូវ​ចំណុច​មួយ​ចំនួន ដែល​មាន​លក្ខណៈ​រឹតត្បិត​ដល់​សហជីព​ផង​ដែរ ។ នៅ​ចុងបញ្ចប់​នៃ​អង្គ​សិក្ខាសាលា បាន​សម្រេច​ដាក់​សេចក្តីព្រាងច្បាប់​ស្តី​ពី​សហជីព និង​ចំណុច​ដែល​សហជីព​ស្នើ​សុំ​ទៅ​គណៈកម្មការ​ជំនាញ​រដ្ឋសភា​ពិនិត្យ និង​កែសម្រួល ។

សេចក្តីព្រាងច្បាប់​ស្តី​ពី​សហជីព មាន​១៧​ជំពូក និង​១០០​មាត្រា ហើយ​សេចក្តីព្រាងច្បាប់​នេះ ក៏​មានការ​ចូលរួម​ជជែក​ពិភាក្សា​ដោះស្រាយ​ជា​ច្រើន​លើក​ពី​សំណាក់​តំណាង​សមាជិក​សភា​សំឡេង​ភាគច្រើន និង​តំណាង​សមាជិក​សភា​សំឡេង​ភាគតិច​ផង​ដែរ ។

មុន​កិច្ច​ពិភាក្សា​ចាប់ផ្ដើម សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បន្ត​ជំរុញ​ឲ្យ​ពិចារណា​លើ​ទិដ្ឋភាព​ជាក់ស្ដែង ក្នុង​ដំណើរការ​បង្កើត​ច្បាប់​ស្តី​ពី​សហជីព ដើម្បី​ធានា​ថា​ច្បាប់​នេះ​ផ្ដល់​ផលប្រយោជន៍​ដល់​ទាំង​កម្មករនិយោជិត និង​និយោជក នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​ដ៏​ធំ​បំផុត​របស់​កម្ពុជា​នេះ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​GMAC និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា (CAMFEBA) បាន​ជំរុញ​ឲ្យ​មានការ​កែសម្រួល​មាត្រា​មួយ​ចំនួន​នៃ​សេចក្តីព្រាងច្បាប់​នេះ ដែល​ចែង​ពី​លក្ខខណ្ឌ​ក្នុង​ការ​បង្កើត​សហជីព ប្រភព​ថវិកា និង​ដំណើរការ​របស់​សហជីព ។

ប្រភព​ដដែល​ចង់​ឲ្យ​មានការ​កែសម្រួល​សំខាន់​គឺ​នៅ​មាត្រា​១០ ដែល​កំណត់​ពី​ការ​បង្កើត​សហជីព ។ សេចក្តីព្រាងច្បាប់​បច្ចុប្បន្ន បាន​ចែង​ថា សហជីព​មូលដ្ឋាន​មួយ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កម្មករនិយោជិត​នៅ​ក្នុង​សហគ្រាស ឬ​គ្រឹះស្ថាន​មូលដ្ឋាន​នោះ​ចំនួន​ត្រឹមតែ​១០​នាក់ ។

អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា លោក ខេន លូ បាន​បញ្ជាក់​ថា «​សម្រាប់​កន្លែងធ្វើការ​មួយ​កន្លែង ដូច​ជា​រោងចក្រ​កាត់ដេរ​ជាដើម ដែល​មាន​កម្មករនិយោជិត​រាប់​ពាន់​នាក់ អ្នក​អាច​នឹង​មើលឃើញ​សហជីព​រាប់​សិប​ត្រូវ​បាន​បង្កើត​ឡើង ដូច្នេះ​វា​នឹង​បង្ក​ជា​ភាព​រញ៉េរញ៉ៃ ហើយ​ប្រហែលជា​មិន​អាច​តម្កល់​ផលប្រយោជន៍​ជា​ធំ​សម្រាប់​កម្មករនិយោជិត​ទាំងអស់​ក្នុង​រោងចក្រ​បាន​ឡើយ​» ។

លោក ខេន លូ សង្កត់ធ្ងន់​ថា យើង​បាន​ស្នើ​ថា ដើម្បី​បង្កើត​សហជីព​មួយ​បាន លុះត្រាតែ​មាន​កម្មករនិយោជិត​ចំនួន​២០%​នៃ​កម្លាំង​ពលកម្ម​សរុប​ក្នុង​សហគ្រាស​មួយ​ៗ ដើម្បី​ធានា​ថា កម្មករ​មាន​តំណាង​ត្រឹមត្រូវ ហើយ​និយោជក អាច​ជួប​ចរចា​ជាមួយនឹង​តំណាង​ដែល​ពិតប្រាកដ​។

ជាមួយ​គ្នា​នេះ សមាគម​រោងចក្រ​កាត់ដេរ​ក៏​ជំរុញ​ឲ្យ​មានការ​កែសម្រួល​មាត្រា​១៩ នៃ​សេចក្តីព្រាងច្បាប់​នោះ ដែល​ចែង​ថា មាន​តែ​តុលាការ​ការងារ​ប៉ុណ្ណោះ ដែល​អាច​ព្យួរ​បញ្ជិកា​សហជីព​មិន​ឲ្យ​ប្រតិបត្តិការ ប្រសិនបើ​សហជីព​ត្រូវ​បាន​រក​ឃើញ​ថា​បាន​អនុវត្ត​ការងារ​ដោយ​រំលោភ​លើ​ច្បាប់ ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​GMAC បាន​ឲ្យ​ដឹង​ថា មាត្រា​២០​នៃ​សេចក្តីព្រាងច្បាប់​នេះ ក៏​បង្កក្តី​ព្រួយបារម្ភ​សម្រាប់​និយោជក​ផង​ដែរ ដោយសារ​តែ​ច្បាប់​នេះ​បាន​កំណត់​លក្ខណសម្បត្តិ​ក្នុង​កម្រិត​ទាប​ពេក សម្រាប់​មេដឹកនាំ​សហជីព​ដែល​ត្រូវ​កាន់​តួនាទី​គ្រប់គ្រង ក្នុង​សហជីព​មួយ​ៗ ។

សេចក្តីព្រាងច្បាប់ គ្រាន់តែ​តម្រូវ​ឲ្យ​ថ្នាក់ដឹកនាំ​សហជីព​ចេះ​អាន និង​សរសេរ​ភាសា​ខ្មែរ និង​ការ​ធ្វើ​សេចក្តី​ប្រកាស​ផ្ទាល់ខ្លួន​ថា មិន​ធ្លាប់​ទទួលទោស​ពី​បទឧក្រិដ្ឋ ឬ​បទមជ្ឈិម ។

លោក ខេន លូ បាន​លើក​ឡើង​ទៀត​ថា​សមាគម​និយោជក រាប់​បញ្ចូល​ទាំង GMAC មានការ​ប្រុង​ប្រយ័ត្ន ក្នុងអំឡុងពេល​កិច្ច​ពិគ្រោះ​យោបល់ ដើម្បី​ធានា​ថា​ច្បាប់​នេះ​នៅ​ពេល​អនុម័ត​រួច នឹង​ផ្ដល់​ផលប្រយោជន៍​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​នៅ​ក្នុង​គ្រប់​វិស័យ ជា​ពិសេស​ឧស្សាហកម្ម​កាត់ដេរ ពីព្រោះ​មាន​ប្រជាជន​រាប់​លាន​នាក់​ដែល​កំពុង​រស់នៅ​ដោយ​ពឹងផ្អែក​លើ​វិស័យ​នេះ ។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៦ ខែមីនា កន្លង​មកនេះ ក្រុម​សហជីព​និង​អង្គការ​សង្គម​ស៊ី​វិល​ដែល​តស៊ូ​មតិ​លើ​សេចក្ដីព្រាងច្បាប់​ស្ដី​ពី​សហជីព ស្នើ​ឲ្យ​រដ្ឋសភា​ផ្ដល់​ពេលវេលា​ឲ្យ​បាន​គ្រប់គ្រាន់​សម្រាប់​ការពិគ្រោះ​យោបល់​លើ​សេចក្ដីព្រាងច្បាប់​ដ៏​ចម្រូងចម្រាស​នោះ បន្ទាប់​ពី​រដ្ឋសភា គ្រោង​នឹង​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​រយៈពេល​មួយ​ព្រឹក​នៅ​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០១៦ ។ ប៉ុន្តែ​សំណើ​នេះ ត្រូវ​បាន​សមាជិក​ក្រុមការងារ​ចំពោះ​កិច្ច​នៃ​គណបក្សកាន់អំណាច បដិសេធ​ភ្លាម​ៗ ។

សេចក្ដីថ្លែងការណ៍​រួម​របស់​ក្រុម​សហជីព និង​អង្គការ​សង្គម​ស៊ី​វិល​ចំនួន​២១ លើក​ឡើង​ថា សិក្ខាសាលា​រយៈពេល​មួយ​ព្រឹក​ដែល​រដ្ឋសភា​គ្រោង​រៀបចំ​នៅ​ថ្ងៃ​ទី​៩ ខែមីនា  ដើម្បី​ពិភាក្សា​លើ​សេចក្ដីព្រាងច្បាប់​ស្ដី​ពី​សហជីព​នោះ មិន​គ្រប់គ្រាន់​សម្រាប់​ការ​ពិភាក្សា​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​លើ​មាត្រា​មួយ​ចំនួន ដែល​ជា​កង្វល់​របស់​ក្រុម​សហជីព​នោះ​ទេ ។

សហជីព និង​អង្គការ​សង្គម​ស៊ី​វិល ដែល​ធ្វើការ​ក្នុង​វិស័យ​ការងារ​ទាំងនោះ លើក​ឡើង​ថា សេចក្ដីព្រាងច្បាប់​ស្ដី​ពី​សហជីព បើសិន​មិន​មានការ​កែប្រែ​ទេ នឹង​ប៉ះពាល់​ដល់​សិទ្ធិ​របស់​កម្មករនិយោជិត សេរីភាព​ខាង​ការ​បង្កើត​សមាគម ការ​ចរចា​ជា​សមូហភាព ការ​ប្រមូលផ្ដុំ និង​ការ​បញ្ចេញមតិ ដែល​ផ្ទុយ​ពី​ច្បាប់​ជាតិ និង​អន្តរជាតិ ។

សួ​ម​បញ្ជាក់​ថា រដ្ឋសភា​ធ្វើ​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្ដី​ពី​សហជីព​ដែល​កំពុង​មាន​ភាព​ចម្រូងចម្រាស​នា​ព្រឹក​ថ្ងៃ​ទី​៩​ខែមីនា នៅ​សាលសន្និសីទ​២-៣​នៃ​វិមាន​រដ្ឋសភា ។ សិក្ខាសាលា​នេះ​ត្រូវ​បាន​រំពឹង​ថា នឹង​មានការ​ចូលរួម​ពី​តំណាង​មក​ពី​រាជរដ្ឋាភិបាល ដៃគូ​អភិវឌ្ឍន៍ សមាគម និង​ថ្នាក់ដឹកនាំ​សហជីព​ផង​ដែរ ៕