ខេត្តស្វាយរៀង ៖ អគ្គិភ័យបានបំផ្លាញផ្ទះប្រជាពលរដ្នអស់មួយខ្នងដោយសារតែម្ចាស់ផ្ទះធ្វេសប្រហែសដាំទឹកផឹកហើយចូលទៅដេកពុំបានពន្លត់រងើកភ្លើងដែលនៅសល់បណ្តាលឲ្យឆេះផ្ទះទើបភ្ញាក់ដឹងខ្លួន ក៏ស្រែកឆោឡោហៅអ្នកជិតខាងឲ្យជួយពន្លត់ អ្នកភូមិក៏បាននាំគ្នាមកជួយពន្លត់ ក៍នៅតែមិនអាចជួយពន្លត់បាន ដោយសារតែភ្លើងឆេះពេញក្រមុំទៅហើយ កាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិអន្សោង ឃុំជ្រៃធំ ស្រុករមាសហែក ។
មន្ត្រីសមត្ថកិច្ចកងរាជអាវុធហត្ថស្រុករមាសហែកបានឱ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ វ៉ាន់ នី ភេទស្រី អាយុ៥២ឆ្នាំ រស់នៅក្នុងភូមិឃុំខាងលើ ។ ហើយផ្ទះដែលភ្លើងឆេះអស់នេះមានទំហំ៣ម៉ែត្រគុណ៥ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី ជញ្ជាំងស្លឹក ។ រីឯសម្ភារខូចខាត រួមមាន អង្ករ៩តៅ មាសទម្ងន់១ជី ប្រាក់ខ្មែរ១លានរៀល និងខោអាវមួយចំនួន អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសំបុត្រកំណើត ។
សមត្ថកិច្ចបានបន្តថា សំណាងហើយដែលភ្លើងមិនឆេះរាលដាលដល់ផ្ទះអ្នកជិតខាង ជាពិសេសមិនបណ្តាលមានមនុស្សស្លាប់ ឬរងរបួស ៕
ចែករំលែកព័តមាននេះ