រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីជូនព័ត៌មានស្តីពីសមិទ្ធិផលសុខាភិបាលគិតត្រឹមឆ្នាំ២០១៥ ដែលបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃទី០៨ មីនាម្សិលមិញបានបង្ហាញថា អាយុកាលនៃការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាមានកំណើនជាបន្តបន្ទាប់រហូតមកដល់ឆ្នាំ២០១៥ គឺ ប្រភព ពីអង្គការសុខភាពពិភពលោក (WHO) បានចុះផ្សាយនៅក្នុងវែបសាយរបស់ខ្លួននូវតួលេខ ដែលក្រសួងធ្លាប់បាន Quote ចុះផ្សាយលើកមុនៗ គឺ ស្ត្រី បានដល់ ៧៥ ឆ្នាំ បុរស បានដល់ ៧០ ឆ្នាំ នៅឆ្នាំ២០១៥ តែ ប្រភពធនាគារពិភពលោក (WB) នៅឆ្នាំ ២០១៣ គឺ ស្ត្រី បានដល់ប្រហែលជា ៧២ ឆ្នាំ និងបុរស បានដល់ប្រហែលជា៦៨ ឆ្នាំ រីឯ អង្គការ UN/ESCAP វិញនៅឆ្នាំ២០១៥ បង្ហាញថា ស្ត្រីបានដល់ប្រហែលជា ៧១ឆ្នាំ និងបុរស ប្រហែលជា ៦៧ ឆ្នាំ ។ បើតាម UN/ESCAP គឺប្រជាជនកម្ពុជាមានកំណើនសម្រាប់ស្ត្រីពីប្រហែលជា ៥៦ ឆ្នាំ នៅឆ្នាំ១៩៩០ ដល់ ៧១ ឆ្នាំនៅឆ្នាំ២០១៥ រីឯបុរស កើនពី៥១ឆ្នាំនៅឆ្នាំ១៩៩០ ដល់ ៦៧ ឆ្នាំ នៅឆ្នាំ២០១៥។
សម្រាប់តួលេខប្រភពពីធនាគារពិភពលោក គឺ នៅឆ្នាំ១៩៦០ អាយុកាលរស់នៅសរុបទាំងស្ត្រីនិងបុរស មានត្រឹម ៤១ ឆ្នាំ ហើយបានធ្លាក់ចុះជាបន្តបន្ទាប់ក្នុងកំឡុងឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៨។ នៅឆ្នាំ១៩៧៩ អាយុកាលរស់នៅនេះ មានត្រឹមតែ ២៤ ឆ្នាំ ប៉ុណ្ណោះ ។ ក្រោយពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល តាំងពីបាតដៃទទេមក ឃើញថាមានកំណើនជាបណ្តើរៗ ពី ២៤ ឆ្នាំ នៅឆ្នាំ១៩៧៩ ឡើងដល់ ៦៨ ឆ្នាំ គិតត្រឹមឆ្នាំ២០១៣ ។
យ៉ាងណាក៍ដោយ ក្រសួងសុខាភិបាលបានបញ្ជាក់ដែរថា សុំកុំឲ្យមានការភ័ន្តច្រឡំលើតួលេខទាំងនេះ ដែលការបង្ហាញខាងលើនេះ មិនមែនជាការថយចុះនូវអាយុកាលនៃការរស់នៅរបស់ប្រជាជនកម្ពុជានោះទេ តែវាគ្រាន់តែមានការប៉ាន់ប្រមាណខុសៗគ្នាតែប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ