រាជជានីភ្នំពេញ ៖ តារាកំប្លែង និងជាតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក សេន សុបុណ្យ ហៅនាយក្រូច កំពុងមមាញឹកថតបទចម្រៀងសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។ តារាកំប្លែងរូបនេះរំពឹងខ្ពស់ចំពោះបទចម្រៀងថ្មីដែលនឹងចេញលក់ក្នុងពេល ឆាប់ៗខាងមុខ ។
បទចម្រៀង«ច្រៀងស្តាប់មិនកើត» របស់នាយក្រូចជាបទថ្មីដែលនាយរំពឹងថានឹងទទួលបានការគាំទ្រច្រើន ។ នាយក្រូចបញ្ជាក់ថាមានបទចម្រៀងមួយចំនួនត្រូវបានផលិតកម្មសាន់ដេផលិតយ៉ាងសម្រិតសម្រាំងមានដូចជាបទ «ឃើញស្រីស្លៀកខ្លី ខឹងៗៗ»ជាបទបែបប្រជាប្រិយបទ«សុំស្វាន» និងបទ«ច្រៀងស្តាប់មិនកើត» ជាបទ សប្បាយៗ ។ ក្នុងចំណោមទាំងបីបទនោះនាយក្រូចរំពឹងខ្ពស់ចំពោះបទ «ច្រៀងស្តាប់មិនកើត» ព្រោះទាំងទំនុកច្រៀង និងបទភ្លេងបានសម្រិតសម្រាំង ពិសេសទាក់ទងទៅនឹងការថតជាMVមានលក្ខណៈប្លែកភ្នែក ។

លោក Share ផលិតករវ័យក្មេងរបស់ផលិតកម្មសាន់ដេ បានបញ្ជាក់ថា បទ «ច្រៀងស្តាប់មិនកើត» របស់នាយក្រូចអាចនឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន ។ ក្រៅពីសាច់ភ្លេង និងទំនុកច្រៀងល្អ ការថតជ្រើសរើសប្លង់ ប្លែកៗមិនធ្លាប់មានជាច្រើនកន្លែង រួមបញ្ចូលគ្នា មានទាំងនៅផ្សារទំនើប តំបន់ភ្លើងស្តុប តាមដងផ្លូវ ទីកន្លែងហាត់ប្រាណ និងនៅក្នុងភូមិជនបទ ។
លោកឡាយ សុកចំរើន នាយកចាត់ការទូទៅរបស់ផលិតកម្មសាន់ដេ បញ្ជាក់ថា ឆ្នាំនេះផលិតកម្មផលិតបទចម្រៀងសម្រាប់ស្វាគមន៍ឆ្នាំថ្មីប្រមាណ៤០បទ ហើយក្នុងនោះបទចម្រៀងប្រហែលជាង១០បទ សង្ឃឹមថានឹងពេញនិយមខ្លាំង ។ បទទាំងនោះមានដូចជា បទ «ច្រៀងស្ដាប់មិនកើត», បទ «បែកស្លុយ», បទ«ហ៊ា», បទ «អូនរាំពីមុខបងរាំពីក្រោយ» និងបទ «ឌឹបៗអ៊ួយ»ជាដើម ។ តារាចម្រៀងប្រុស ស្រីល្បីឈ្មោះនៅក្នុងផលិតកម្មសាន់ដេ នឹងរួមគ្នាបម្រើការកម្សាន្តរបស់ទស្សនិកជនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ ។ ចំពោះការលក់CD និងVCD ក្នុងតម្លៃពិសេសជាងឆ្នាំមុន ៕
ចែករំលែកព័តមាននេះ