ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅស្រី​អតីត​តារាភាពយន្ត កែវ ម​ន្ថា កំពុង​លូតលាស់​ក្នុង​អាជីព​ចម្រៀង

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រឡូក​អាជីព​សិល្បៈ​ត្រឹមតែ​មួយ​រយៈពេល​ខ្លី​ប៉ុណ្ណោះ កញ្ញា​វ័យ​២០​ឆ្នាំ ស៊ូ ស៊ី​រី​កា រីក​ចម្រើន​ជា​លំដាប់ ធ្វើ​ឱ្យ​នាង​រីករាយ និង​មាន​មោទនភាព ។ ជា​ពិសេស​ពេល​នេះ​ស៊ី​រី​កា បាន​ចូល​ជា​សមាជិក​ថ្មី​របស់​ផលិតកម្ម​ថោ​ន ។

រាជធានី​ភ្នំពេញ ៖ ប្រឡូក​អាជីព​សិល្បៈ​ត្រឹមតែ​មួយ​រយៈពេល​ខ្លី​ប៉ុណ្ណោះ កញ្ញា​វ័យ​២០​ឆ្នាំ ស៊ូ ស៊ី​រី​កា រីក​ចម្រើន​ជា​លំដាប់ ធ្វើ​ឱ្យ​នាង​រីករាយ និង​មាន​មោទនភាព ។ ជា​ពិសេស​ពេល​នេះ​ស៊ី​រី​កា បាន​ចូល​ជា​សមាជិក​ថ្មី​របស់​ផលិតកម្ម​ថោ​ន ។

កញ្ញា​ស៊ូ ស៊ី​រី​កា គឺជា​ចៅស្រី​របស់​អ្នកស្រី​កែវ ម​ន្ថា អតីត​តារាភាពយន្ត​មានឈ្មោះ​ល្បី​កាលពី​ជំនាន់​លោក​គង់ សំ​អឿ​ន ព្រមទាំង​ជា​ក្មួយ​របស់​អតីត​តារា​កំប្លែង​អ្នកស្រី​ជុំ រស្មី ហៅ​ស្រី​ទូច ។

តារាចម្រៀង​ស៊ូ ស៊ី​រី​កា អាច​ច្រៀង​បាន​ទាំង​បទ​ភាសា​ខ្មែរ ទាំង​បទ​ភាសា​អង់គ្លេស​យ៉ាង​ពីរោះ ។

កញ្ញា​ស៊ូ ស៊ី​រី​កា អតីត​បេ​ក្ខ​នារី​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង «​ឌឹ​វ៉​យ​ខេ​ម​បូ​ឌា​» រដូវ​កាល​ទី​១ ។ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​រី​កា​ឱ្យ​ដឹង​ថា នាង​បាន​ដាក់​ពាក្យ​ប្រឡង​ក្នុង​កម្មវិធី​នោះ ព្រោះ​ចង់​ដឹង​សមត្ថភាព​របស់​ខ្លួន​កម្រិត​ណា បន្ទាប់​ពី​បងប្អូន និង​មិត្តភក្តិ​ជំរុញ​លើកទឹកចិត្ត​។ ទោះជា​យ៉ាងណា​ក្តី រី​កា​បាន​ឈាន​ចូល​ត្រឹម​វគ្គ​ផ្សាយ​ផ្ទាល់​អាទិត្យ​ទី​២​ប៉ុណ្ណោះ​ក៏​បាត់បង់​ឱកាស​បន្ត​ទៅ​ទៀត ។ គ្រានោះ​រី​កា​យល់​ថា​ប្រឡូក​ក្នុង​ពិភព​សិល្បៈ​ពិបាក​ណាស់ មិន​ងាយ​ធ្វើ​បាន​សម​តាម​បំណង​ឡើយ ។

ឱកាស​ថ្មី​សម្រាប់​ស៊ូ ស៊ី​រី​កា គឺ​ក្រោយ​ពី​ប្រឡង​ធ្លាក់​មក​មាន​ស្ថានីយទូរទស្សន៍​នានា​ទាក់ទង​នាង​ឱ្យ​ឡើង​ច្រៀង​ជា​បន្តបន្ទាប់ ធ្វើ​ឱ្យ​នាង​មាន​ទឹកចិត្ត​ចង់​បន្ត​លើ​វិ​ថី​សិល្បៈ​ចម្រៀង​ទៅ​មុខ​ទៀត ។

ពេល​នេះ​កញ្ញា​ស៊ូ ស៊ី​រី​កា ត្រូវ​ផលិតកម្ម​ថោ​ន​បញ្ចូល​ជា​តារាចម្រៀង​ពេញ​សិទ្ធិ​ស្រប​តាម​បំណងប្រាថ្នា​ដ៏​សំខាន់​ក្នុង​ជីវិត​របស់​នាង ។ «​យើង​មាន​ទីតាំង​ឈរជើង មាន​កន្លែង​ការងារ​បំពេញ​សម​តាម​ចំណូលចិត្ត ។ នាង​ខ្ញុំ​មិន​នឹក​ស្មានថា​ខ្សែជីវិត​សិល្បៈ​របស់​នាង​ខ្ញុំ​បាន​ឈាន​មក​ដល់​កម្រិត​គេ​ចាប់អារម្មណ៍​ទេ ដោយសារ​ទៅ​ណា​មក​ណា​គេ​ស្គាល់​ខុស​ពី​មុន ហើយ​ហ៊្វ្រែន​ក្នុង​ហ្វេ​ស​ប៊ុ​ក​ក៏​កាន់តែ​ឱ្យ​កម្លាំងចិត្ត ។ បើ​និយាយ​ពី​ការងារ​វិញ​គឺ​នាង​ខ្ញុំ​មមាញឹក​ច្រើន​ដាច់​ឆ្ងាយ​ពី​ដំបូង​ទាំង​ច្រៀង​តាម​ខេត្ត​ក៏​ដូច​ជា​ការ​បង្ហាញ​វត្ត​មាននៅ​តាម​បណ្តា​កញ្ចក់​ទូរទស្សន៍​នានា » ។  ស៊ូ ស៊ី​រី​កា និយាយ​បែប​នេះ ។

ចូល​ផលិតកម្ម​ថោ​ន​កញ្ញា​ស៊ូ ស៊ី​រី​កា មាន​បទ​ចម្រៀង​ផ្ទាល់ខ្លួន​៦​បទ​ទាំង​បទ​ញាក់ និង​បទ​មនោសញ្ចេតនា ។ ក្នុង​ចំណោម​៦​បទ​នោះ បទ​មនោសញ្ចេតនា​១​បទ​មានការ​ចាប់អារម្មណ៍ ពី​ប្រិ​យ​មិត្ត​អ្នក​ស្តាប់ ។ យុវវ័យ​បាន​សរសើរ​ថា​ស៊ី​រី​កា​មាន​ទេព​កោសល្យ​ល្អ​គួរ​ឱ្យ​ចាប់អារម្មណ៍​លើ​ការ​បញ្ចេញ​ក្បាច់​រាំ ។ លទ្ធផល​នេះ​មក​ពី​រី​កា​ខំ​ហ្វឹកហាត់ ដើម្បី​អភិវឌ្ឍ​ខ្លួន​ឱ្យ​រីក​ចម្រើន ។

ស៊ូ ស៊ី​រី​កា ឱ្យ​ដឹង​ថា អ្នកស្រី​កែវ ម​ន្ថា និង​អ្នកស្រី​ជុំ រស្មី ជា​អ្នក​ជួយ​បណ្តុះបណ្តាល និង​ផ្តល់​ដំបូន្មាន​ចំពោះ​បញ្ចេ​ក​ទេស​ច្រៀង​ដល់​នាង  ទើប​ធ្វើ​ឱ្យ​នាង​រីក​ចម្រើន​ជា​លំដាប់ ។ បច្ចុប្បន្ន​កញ្ញា​ស៊ូ ស៊ី​រី​កា ជា​និស្សិត​ឆ្នាំ​ទី​២​នៃ​សាកលវិទ្យាល័យ​មួយ​ផង​ដែរ ៕