រាជធានីភ្នំពេញ ៖ ក្រុមស្ត្រីអ្នកទោសប្រមាណ៥៥០នាក់ ដែលកំពុងជាប់ឃុំឃាំងនៅក្នុងពន្ធនាគារព្រៃស(ម២) នាល្ងាចថ្ងៃទី៧ មីនា បានទទួលការឧបត្ថម្ភជាសម្ភារ
ប្រើប្រាស់ម្នាក់មួយកញ្ចប់ ក្នុងពិធីប្រារព្ធខួបលើកទី១០៥ នៃទិវាសិទ្ធិនារីអន្តរជាតិថ្ងៃទី៨ មីនា ។ ស្ត្រីជាប់ចោទនិងទណ្ឌិតក្នុងនោះមានទាំងនីតិជន និងអនីតិជន បានទទួលសម្ភារមនុស្សធម៌ដែលតែងតែរៀបចំឡើងរៀងរាល់ឆ្នាំពីសប្បុរសជននានា ។
យោងតាមរបាយការណ៍របស់មន្ត្រីពន្ធនាគារបានលើកឡើងថា ស្ត្រីអ្នកទោសត្រូវបានឃុំឃាំងដាច់ដោយឡែកពីអ្នកទោសបុរស គឺនៅក្នុងមណ្ឌលកែប្រែ(ម២) មានចំនួន៥៥០នាក់ក្នុងចំនួនជនជាប់ចោទសរុប៨២០នាក់ ។ ស្ត្រីមានផ្ទៃពោះចំនួន៩នាក់ និងកូនតាមម្តាយមានចំនួន៧នាក់ស្រី២នាក់ ។
ក្នុងរបាយការណ៍ដដែលបានលើកឡើងដោយមន្ត្រីពន្ធនាគារ(ម២)ថា ការងារគ្រប់គ្រងមណ្ឌលម២ មានក្របខណ្ឌមន្ត្រីចំនួន១២៥នាក់ស្រី៣៥នាក់ ។ ថ្នាក់ដឹកនាំមណ្ឌលមានចំនួន៧នាក់(ស្រីម្នាក់) ការិយាល័យមធ្យោបាយមាន២៣នាក់ (ស្ត្រី៦នាក់) ការិយាល័យអប់រំកែប្រែមានចំនួន២៣នាក់ (ស្ត្រី៧នាក់) និងការិយាល័យប្រតិបត្តិមានចំនួន៧២នាក់ (ស្ត្រី២១នាក់) ។
ចំពោះការងារឃុំឃាំង និងគ្រប់គ្រងជនជាប់ឃុំឃាំងមណ្ឌលកែប្រែទី២(ម២) ជាមណ្ឌលកែប្រែ ដែលគ្រប់គ្រងដោយផ្ទាល់ពីអគ្គនាយកដ្ឋានពន្ធនាគារ និងគ្រប់គ្រងជនជាប់ឃុំជា២ប្រភេទ គឺជាប់ឃុំជាអនីតិជន និងជាប់ឃុំជាស្ត្រី ។ មានអគារឃុំឃាំងទាំងអស់ចំនួន៣ស្មើនឹង១៥បន្ទប់ ។ អគារ(ក) មាន៦បន្ទប់ អគារ(ខ)មាន៤បន្ទប់ និងអគារ(គ)មានចំនួន៥បន្ទប់ ។ បច្ចុប្បន្ន ជនកំពុងជាប់ឃុំជាក់ស្តែងមានអ្នកទោសចំនួន៨២០នាក់ ស្ត្រី៥៥០នាក់ ។
ទាក់ទងនឹងការអប់រំកែប្រែ និងបណ្តុះបណ្តាលវិជ្ជាជីវៈពន្ធនាគារបានលើកឡើងថាមណ្ឌលបានសហការជាមួយអង្គការសហព័ន្ធមេត្រីភាពពន្ធនាគារ និងអង្គការមិត្តសំឡាញ់បើកថ្នាក់បណ្តុះបណ្តាលចំនួន៩ថ្នាក់រួមមាន ៖
១-ថ្នាក់សីលធម៌ព្រះគម្ពី មានសិស្សចំនួន២៤នាក់(ស្រី) ២-ថ្នាក់អនុវិទ្យាល័យ ថ្នាក់ទី៨មានសិស្ស៧នាក់(ប្រុស) ៣-ថ្នាក់ទី៩ មានសិស្សចំនួន១១នាក់(ប្រុស) ៤-ថ្នាក់សំអាងការ មានសិស្ស១៦នាក់(ស្រី) ៥-ថ្នាក់ជួសជុលម៉ូតូ មានសិស្ស១២នាក់(ប្រុស) ៦-ថ្នាក់កីឡាបាល់បោះមានសិស្ស២៤នាក់(ស្រី១២នាក់) ៧-ថ្នាក់កុំព្យូទ័រ មានសិស្ស១៥នាក់(ប្រុស) ៨-ថ្នាក់កសិកម្ម មានសិស្ស២៤នាក់(ប្រុស) និងថ្នាក់កាត់សក់មានសិស្ស១០នាក់(ប្រុស) ។
មន្ត្រីពន្ធនាគារបានលើកឡើងថា ពន្ធនាគារបានបញ្ចេញទណ្ឌិតស្ត្រីចេញធ្វើសិប្បកម្មដេរកម្ទេចក្រណាត់(សម្រាប់ជូតរថយន្ត)ពី១០០ទៅ១៣០នាក់ក្នុងមួយថ្ងៃ (លើកលែងតែថ្ងៃអាទិត្យនិងថ្ងៃបុណ្យ) ។ បញ្ចេញទណ្ឌិតដាំដំណាំចំនួន៤០ទៅ៥០នាក់ក្នុងមួយថ្ងៃ ។ បញ្ចេញទណ្ឌិតទៅធ្វើការងារសំណង់ចំនួន១៥ទៅ២០នាក់ក្នុងមួយថ្ងៃ និងបានបញ្ចេញទណ្ឌិតទៅចិញ្ចឹមត្រី១០នាក់ក្នុងមួយថ្ងៃ ។
ចំណែកការងារសេវាកម្មសុខភាពក្នុងពន្ធនាគារមន្ត្រីពន្ធនាគារបានបញ្ជាក់ថា មណ្ឌលបានពិនិត្យសុខភាពដល់ជនជាប់ឃុំឃាំងបានចំនួន៣៥០នាក់ ស្រី២៥០នាក់ក្នុងមួយខែ។ ពិនិត្យសុខភាពជនចាប់ចូលថ្មីបាន៤២នាក់(ស្រី) ។ ជនជាប់ឃុំបានសម្រាកនៅក្នុងប៉ុស្តិ៍សុខភាពចំនួន៤២នាក់ ។ ជនជាប់ឃុំឃាំងកំពុងសម្រាកនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតម្នាក់(ស្រី)។ ប៉ុស្តិ៍សុខភាពអគារចំនួន២ស្មើនឹង៤បន្ទប់សម្រាប់ស្ត្រីមានផ្ទៃពោះ និងកូនតាមម្តាយនៅក្នុងពន្ធនាគារ ៕
ចែករំលែកព័តមាននេះ