ខេត្តព្រះសីហនុ ៖ សំណុំរឿងហិង្សាផ្តើមចេញពីគំនុំដោយសារភ្លើងប្រច័ណ្ឌប្រពន្ធរបស់ខ្លួន ធ្វើឱ្យជនបាតដៃប្រឡាក់ឈាមបានលបកាប់ប្រហារលើបុរសម្នាក់បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានស្លាប់ ខណៈបញ្ជូនទៅព្យាបាលនៅប្រទេសថៃ ។ រហូតមកដល់ពេលនេះ ជនជាឃាតករកំពុងស្ថិតនៅក្រៅសំណាញ់ច្បាប់នៅឡើយ ។
លោក ថន ចន្ទ័ថា ជាមន្ត្រីអគ្គិសនីខេត្តព្រះសីហនុ និងជាឪពុកជនរងគ្រោះ បានកាន់រូបថតកូនរបស់គាត់ចូលមកទីស្នាក់ការសាខាសារព័ត៌មានកោះសន្តិភាពប្រចាំខេត្តព្រះសីហនុ និងបានមានប្រសាសន៍ទាំងក្តុកក្តួលថា កូនរបស់គាត់ដែលត្រូវជនជាឃាតករបាតដៃប្រឡាក់ឈាមលបកាប់សម្លាប់ឈ្មោះ ថន ច័ន្ទរតនា ភេទប្រុស អាយុ២៥ឆ្នាំ ជាកម្មកររោងចក្រ មានទីលំនៅផ្លូវចូលរោងចក្រញូវស៊ីន ក្នុងក្រុម៨ ភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
លោកបានបន្តឱ្យដឹងទៀតថា ហេតុការណ៍កាប់សម្លាប់កូនរបស់គាត់ បានកើតឡើងនៅវេលាម៉ោង៣និង៣០នាទី រសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៥ ដែលបង្កឡើងដោយឃាតករឈ្មោះ សំ ចាន់ធួន ហៅអាកង ភេទប្រុស អាយុប្រមាណ៤០ឆ្នាំ ជាអ្នកនេសាទ មានទីលំនៅជិតគ្នាជាមួយជនរងគ្រោះ ។
តាមការរៀបរាប់របស់ឪពុកជនរងគ្រោះខាងលើបានឱ្យដឹងទៀតថា មុនពេលកើតហេតុជនល្មើសបានផឹកស្រាស្រវឹងជោគជាំ ហើយបានប្រើពាក្យសំដីឌឺដងក្នុងន័យប្រចណ្ឌប្រពន្ធរបស់ខ្លួនទៅនឹងជនរងគ្រោះ បានប្រើពាក្យសំដីបែបប្រមាថទៅលើជនរងគ្រោះ ដែលកំពុងតែអង្គុយលេងនៅផ្ទះអ្នកជិតខាងក្បែរគ្នា ពេលនោះទោះបីជាជនរងគ្រោះបានឮសំឡេងផ្លែផ្កាឌឺដងលើខ្លួនយ៉ាងណា ក៏ជនរងគ្រោះមិនតបតដែរ ។
មួយសន្ទុះក្រោយមក ព្រោះតែភ្លេចគិតថា នឹងឈានដល់ការកាប់សម្លាប់ ព្រោះជនរងគ្រោះបានគិតថា រូបគេមិនបានប្រព្រឹត្តិដូចការប្រើពាក្យលួចទាក់ទងជាមួយប្រពន្ធរបស់ជនដៃដល់ស្រាប់តែមួយប៉ព្រិចភ្នែកប៉ុណ្ណោះ ជនដៃដល់បានលបមកពីខាងក្រោយ ហើយបានប្រើពូថៅកាប់ប្រហារត្រង់កញ្ចឹងក បណ្តាលឱ្យជនរងគ្រោះដួលផ្កាប់មុខទៅលើដី ឈាមស្រោចខ្លួនសន្លប់បាត់ស្មារតី និងរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានក្រុមគ្រួសារ ដឹកយកទៅព្យាបាលនៅប្រទេសថៃ ។ ប៉ុន្តែដោយសារស្ថានភាពមុខរបួសធ្ងន់ធ្ងរពេក បណ្តាលឱ្យជនរងគ្រោះត្រូវបាត់បង់ជីវិតនៅឯប្រទេសថៃ ហើយត្រូវបានក្រុមគ្រួសារដឹកសពយកមកលំនៅឋានវិញ ដើម្បីធ្វើបុណ្យទៅតាមប្រពៃណី ។
ប្រភពខាងលើបានបង្ហើបឱ្យដឹងបន្តទៀតថា លោកបានដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីឱ្យសមត្ថកិច្ចតាមស្វែងរកជនល្មើស ជាឃាតករបាតដៃប្រឡាក់ឈាមយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ។ ប៉ុន្តែរហូតមកដល់ពេលនេះ មានរយៈពេលប្រមាណជាងកន្លះឆ្នាំទៅហើយ ហាក់បីដូចជាគ្មានពន្លឺស្ងប់ស្ងាត់យ៉ាងត្រជាក់ល្ហឹមតែម្តង ជាហេតុធ្វើឱ្យក្រុមគ្រួសារជនរងគ្រោះ ហាក់បីដូចជាអស់សង្ឃឹម និងលែងមានជំនឿទៅលើស្ថាប័នដែលជាអ្នកអនុវត្តច្បាប់ ។ ដោយហេតុថា ក្រោយពេលកើតហេតុប៉ុន្មានថ្ងៃប៉ុណ្ណោះ អយ្យការសាលាដំបូងខេត្តព្រះសីហនុ បានកោះហៅជនរងគ្រោះនិងគ្រួសារជនជាឃាតករ តំណាងដោយលោក សម សារឿន ភេទប្រុស អាយុ៥៣ឆ្នាំ ចូលទៅបំភ្លឺពាក់ព័ន្ធនឹងករណីខាងលើនេះ ហើយក៏ត្រូវស្ងប់ស្ងាត់ទៅវិញ រហូតមកដល់សព្វថ្ងៃនេះតែម្តង ។
លោក ថន ច័ន្ទថា ជាឪពុកជនរងគ្រោះបានមានប្រសាសន៍ជាចុងក្រោយថា លោកសុំសំណូមពរទាំងទទូច ដល់ស្ថាប័នអ្នកអនុវត្តច្បាប់ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ មេត្តាជួយពន្លឿនស្វែងរកដំណោះស្រាយជូនដល់គ្រួសារនៃសព ឱ្យបានឆាប់ៗផង ដើម្បីផ្តល់បានភាពយុត្តិធម៌មួយជូនដល់សពជនរងគ្រោះ ដើម្បីឱ្យដួងវិញ្ញាណក្ខន្ធនៃសព ទទួលបាននូវអារម្មណ៍ដ៏ស្ងប់ស្ងាត់នៅឋានសុគតិភព ។ ម្យ៉ាងវិញទៀតលោកសូមសំណូមពរដល់ស្ថាប័នសមត្ថកិច្ចទាំង២៥ រាជធានីខេត្ត ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ បើបានឃើញរូបថតឃាតករដែលបានចុះផ្សាយនៅក្នុងសារព័ត៌មានកោះសន្តិភាព សូមរាយការណ៍ជូនទៅសមត្ថកិច្ច ឬទំនាក់ទំនងមកទូរស័ព្ទដែលមានលេខ ០៩៧ ៧៥៦ ១១១១/០១៦ ០៧៦ ៥៥៣/០៩៧ ៩៣៤ ៧៤១៧ និងឈានដល់ការឃាត់ខ្លួនឃាតករ ប្រគល់ជូនសមត្ថកិច្ច លោកជាឪពុកនៃជនរងគ្រោះនឹងជូនជាសគុណនូវទឹកប្រាក់ចំនួន៥០០ដុល្លារអាមេរិក ។
ម្យ៉ាងវិញទៀត រូបលោកនិងក្រុមគ្រួសារនៃសព សូមអំពាវនាវដល់លោកជាប្រធានអគ្គិសនីខេត្តព្រះសីហនុ ក៏ដូចជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គិសនីកម្ពុជា មេត្តាជួយផ្តល់ការយកចិត្តទុកដាក់ខ្ពស់ ដល់មន្ត្រីនៅក្រោមឱវាទដូចជារូបលោកជាឪពុកនៃសព និងក្រុមគ្រួសារ ដែលកំពុងតែមានទុកយ៉ាងក្រៀមក្រំ និងកំពុងតែជួបប្រទះនូវការលំបាក ទទួលបានភាពយុត្តិធម៌សម្រាប់អ្នកដែលបានស្លាប់ទៅ ហើយក៏ដូចជាកំពុងជួបប្រទះ ការលំបាកនៅក្នុងជីវភាពរស់នៅ ៕
ចែករំលែកព័តមាននេះ