រាជធានីភ្នំពេញ ៖ នៅខែឧសភា ២០១៦ សមាគមសិល្បករខ្មែរនឹងរៀបចំកម្មវិធីប្រគំតន្ត្រីសប្បុរសធម៌មួយ ។ ការបង្ហាញពីគម្រោងផែនការនេះកាលពីរសៀលថ្ងៃទី២៩ កុម្ភៈ ។
ពិធីជជែកពិភាក្សាគ្នាមួយបានរៀបចំឡើង ដោយផ្តោតកម្មវិធីសំខាន់ៗមួយចំនួនដូចជាការចូលរួមកម្មវិធីអង្គរសង្ក្រាន្ត ការប្រគំតន្ត្រីរបស់សមាគមសិល្បករខ្មែរដែលគ្រោងធ្វើឡើងនៅអំឡុងដើមខែឧសភាខាងមុខ ។ ការជួបជុំនេះមានវត្តមានអ្នកសិល្បៈជើងចាស់ និងថ្មីមួយចំនួនដូចជាលោកសុះ ម៉ាច លោកទុំ សារុតហៅនាយឃ្លោក លោកកុយ ស៊ីឌឿន លោកហម ឈរ៉ា លោកជា ណូបូ អ្នកស្រីថុង ស៊ីវទៀង អ្នកនាងចាន់ តារាទី លោកអុឹម ជីវ៉ា កញ្ញាហេង ស្រីពេជ្រ លោកម៉ាដូណា អ្នកស្រីត្រឡុង កាណារ៉ូ លោកវេជ្ជបណ្ឌិតសេង ហាក់ស្រ៊ុន ជាម្ចាស់ក្លឹបខារ៉ាអូខេអ៊ីចអូ ដែលផ្តល់ទីតាំងសម្រាប់ការជួបជុំនោះ ។
លោកសុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរលើកឡើងថា អ្នកសិល្បៈជួបជុំគ្នានេះលើកយកផែនការមួយចំនួនមកពិភាក្សា ក្នុងនោះមានការចុះឈ្មោះរបស់សិល្បករណាចង់ចូលរួមកម្មវិធីអង្គរសង្ក្រាន្តឆ្នាំថ្មី ។ នៅខែឧសភានឹងមានកម្មវិធីប្រគំតន្ត្រីមួយ ក្រោមការចូលរួមពីបវរកញ្ញាអន្តរជាតិមួយចំនួន ក្នុងនោះមកពីអាមេរិកជាដើម ។
គោលបំណងដែលបវរកញ្ញាទាំងនោះមកស្រុកខ្មែរ ព្រោះពួកនាងជួយរកមូលនិធិផ្សេងៗជួយដល់ជនក្រីក្រ ក៏ដូចជាដើម្បីបានឈ្វេងយល់អំពីអរិយធម៌ វប្បធម៌ ប្រទេសយើង ពិសេសចង់ទស្សនាប្រាសាទអង្គរវត្ត ។
ប្រធានសមាគមរូបនេះនិយាយថា អ្វីដែលចង់បាននោះ គឺចង់ឲ្យបណ្តាអ្នកសិល្បៈទាំងអស់ជ្រាបព័ត៌មាននេះគួរតែចូលរួមទាំងអស់គ្នា ព្រោះថាកម្មវិធីប្រគំតន្ត្រីត្រូវការមនុស្សជួយច្រើន អាចនិយាយថា ត្រូវការអ្នកកាន់កិច្ចការ ផ្សេងៗដើម្បីរុញច្រានឲ្យពិធីទាំងមូលជោគជ័យ ។ នេះជាកិច្ចការមួយត្រូវជួយគ្នា ដូចជាការចូលរួមកម្មវិធីអង្គរសង្ក្រាន្តក៏ជាការជួយផ្សាយវប្បធម៌ទៅអន្តរជាតិផងដែរ ។
អតីតតារាកំប្លែងលោកទុំ សារុត ហៅនាយឃ្លោក ពេញចិត្តជួយក្នុងកម្មវិធីរបស់សមាគម ជាពិសេសការប្រគំតន្ត្រី ដោយតាមផែនការលោកសុខចិត្តយករថយន្តរបស់លោកផ្ទាល់សម្រាប់ដឹកជញ្ជូនបវរកញ្ញាទាំងនោះ ។ លោកសារុតចង់ឲ្យអ្នកសិល្បៈរួបរួមគ្នាកុំគិតពីបក្សពួក ឬគិតថា ខ្លួនល្បីមិនចូលរួម នោះមិនអាចជួយយឹតយោងសិល្បៈឱ្យទៅមុខបានទេ ។
លោកទុំ សារុត រំភើបចិត្តដ្បិតមិនទាន់ចាប់ផ្តើមផងមានទាំងអ្នកក្រៅសិល្បៈ និងអ្នកសិល្បៈមួយចំនួនជួយកិច្ចការប្រគំតន្ត្រី ដូចជាខ្លះធានារកម្ចាស់ឧបត្ថម្ភកម្មវិធី ខ្លះធានាចេញឧបករណ៍ភ្លេងប្រគំជូន ។
លោកវេជ្ជបណ្ឌិតសេង ហាក់ស្រ៊ុន ជាថៅកែក្លឹបខារ៉ាអូខេអិុចអូ បានថ្លែងថា លោករីករាយក្នុងការចូលរួមឲ្យអ្នកសិល្បៈមានជីវភាពធូរធារ ដោយមិនចង់ឲ្យអ្នកសិល្បៈចាស់ទៅអត់ការងារគ្មានទីពឹង ដោយរំពឹងលើជំនួយទេ ។ ដោយមើលឃើញសមាគមសិល្បករខ្មែរជួយគិតគូរដល់អ្នកសិល្បៈ ទើបលោកវេជ្ជបណ្ឌិតសហការជាមួយបណ្តាសប្បុរសជនជាច្រើនទៀតជួយអ្នកសិល្បៈ ។
លោកកុយ ស៊ីឌឿន ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអនុប្រធានផ្នែកហេរញ្ញិករបស់សមាគមសិល្បករខ្មែរនិយាយថា ឃើញសាសន៍គេមានចិត្តចង់ជួយស្រុកយើង ដូច្នេះលោកមិនជឿថាអ្នកសិល្បៈខ្មែរព្រងើយកន្តើយទេ គឺនឹងចូលរួមក្នុងកម្មវិធីជាមួយសមាគមសិល្បករខ្មែរមិនខាន ៕
ចែករំលែកព័តមាននេះ