ព្រហ្មចារី គឺជាអ្វី? តើព្រហ្មចារី គឺជាកត្តាកំណត់ភាពស្មោះត្រង់របស់ស្ត្រីចំពោះគូរស្នេហ៍ ឬក៏អនាគតស្វាមី ឬយ៉ាងណា? អនាគត
ប្រពន្ធទាំងអស់ ដាច់ខាតត្រូវតែនៅព្រហ្មចារីឬយ៉ាងណា មុនពេលរៀបការ?
បុរស ៗជាច្រើន មានការយល់ខុសគ្នាអំពីនិយមន័យនៃពាក្យព្រហ្មចារីនេះ? បុរសខ្លះបានគិតថា ស្ត្រីម្នាក់មានព្រហ្មចារី កាលណានាងមានការហូរឈាមនៅពេលរួមភេទ ជាមួយស្វាមី ដែលរៀបការដំបូង ។ បុរសខ្លះទៀតនិយាយថា ព្រហ្មចារី គឺមានន័យថា នាងមិនធ្លាប់ឆ្លងកាត់ការរួមភេទឡើយ មុនពេលដែលនាងរៀបការជាមួយបុរសម្នាក់ ។ បុរសកម្ពុជាជាច្រើនគិតថា ពួកគេចង់រៀបការជាមួយស្ត្រីមួយរូប ដែលនៅក្រមុំព្រហ្មចារី ដោយមិនធ្លាប់ឆ្លងកាត់ការរួមភេទពីមុនមក ហើយពួកគេរំពឹងថា ដើម្បីមានភាពស្មោះត្រង់ ស្ត្រីម្នាក់ ត្រូវរក្សាព្រហ្មចារី សម្រាប់ស្វាមីរបស់ខ្លួន ។ ពួកគេសម្គាល់ថា ភរិយាយថ្មីថ្មោងនៅព្រហ្មចារី នៅពេលដែលការរួមភេទដំបូងមានការប្រឡាក់ឈាមនៅលើកម្រាលពូក ។
ប៉ុន្តែ តាមលក្ខណ:វេជ្ជសាស្ត្រ សន្ទះព្រហ្មចារី គឺស្បែកស្តើងនៅជាប់នឹងរន្ឋយោនី ដែលអាចលាតសន្ឋឹងបាន ។ សន្ទះព្រហ្មចារីនេះមានលក្ខណ:ខុសគ្នា ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត ។ ទន្ទឹមនោះ សន្ទះព្រហ្មចារីនេះ អាចដាច់ដោចដោយសារសកម្មភាពមួយចំនួន ដូចជាការលេងកីឡា ឬសកម្មភាពមួយចំនួន ។ ដូច្នេះ គេពិបាកនឹងកំណត់ណាស់ថា ស្ត្រីម្នាក់នៅក្រមុំព្រហ្មចារីដែរឬអត់ ពីព្រោះ សន្ទះព្រហ្មចារីមិនអាចនាំដល់ការសន្និដ្ឋានថា ស្ត្រីម្នាក់បានធ្លាប់ឆ្លងកាត់ការរួមភេទ ឬអត់នោះឡើយ?
ដោយ ផ្អែកលើភាពមិនច្បាស់លាស់នៃនិយមន័យនៃពាក្យព្រហ្មចារី និងស្ថានភាពខុសគ្នាពីស្ត្រីម្នាក់ ទៅស្ត្រីម្នាក់ទៀតនោះ វាអាចនឹងអយុត្តិធម៌ចំពោះស្ត្រី បើសិនជាបុរសៗគិតថា ពួកគេត្រូវតែរៀបការជាមួយស្ត្រី ដែលមានការហូរឈាមនៅថ្ងៃដំបូងនៃការរួមភេទក្រោយពីការរៀបមង្គល ការហើយ ពីព្រោះស្ត្រីខ្លះអាចរហែកសន្ទះព្រហ្មចារីនៅក្នុងដំណាក់កាលណាមួយ នៃជីវិតរបស់ពួកគេ ដោយមិនដឹងខ្លួន ។
ដូច្នេះ វាជាការចាំបាច់ណាស់ ដែលបុរសៗយល់ដឹងឱ្យច្បាស់លាស់ អំពីកត្តាទាក់ទងនឹងភាពងាយរហែកនៃសន្ទះព្រហ្មចារីនេះ ។ ភាពស្មោះត្រង់របស់ស្ត្រីចំពោះស្វាមី មិនគួរត្រូវបានកំណត់ដោយការសម្គាល់ការចេញឈាម នៅពេលរួមភេទលើកដំបូងឡើយ ។
ការសម្គាល់ភាពស្មោះត្រង់របស់ ស្ត្រីម្នាក់ចំពោះស្វាមីរបស់ខ្លួន ដោយសារតែការសម្គាល់អំពីការចេញឈាម នៅពេលការរួមភេទ នឹងក្លាយជារឿងអយុត្តិធម៌មួយសម្រាប់ស្ត្រី ។
ដោយឈរលើភាព យុត្តិធម៌រវាងមនុស្សប្រុស និងមនុស្សស្រីនោះ វាក៏មិនសមទំនងដែរ ដែលបុរសទាំងអស់ ត្រូវតែទាមទារឱ្យស្ត្រីជាប្រពន្ធ ត្រូវតែនៅព្រហ្មចារី ឬក៏មិនធ្លាប់រួមភេទសោះ ខណ:ដែលស្ត្រីមិនដែលបានខ្វាយខ្វល់នឹងសំណួរថា តើបុរសជាប្តី ធ្លាប់រួមភេទឬក៏មិនធ្លាប់រួមភេទសោះពីមុនឡើយ ។
សេចក្តី ស្មោះត្រង់រវាងប្តី និងប្រពន្ធ គួរតែជាសេចក្តីស្មោះត្រង់ ដែលមានពិតៗនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ ហើយវានឹងគ្រប់គ្រាន់ហើយ បើសិនជាបុរសនិងស្ត្រីពីរនាក់ ជាគូស្នេហ៍អាចរស់នៅជាមួយគ្នា ដោយសេចក្តីរីករាយ នៅពេលបច្ចុប្បន្ននិងអនាគត ដោយមិនខ្វល់អំពីប្រវត្តិខាងផ្លូវភេទរបស់ដៃគូស្នេហា ។
តើ អ្នកអានកោះសន្តិភាពយល់យ៉ាងណា អំពីបញ្ហាព្រហ្មចារីនេះ? តើអ្នកយល់ស្របដែរឬទេ ជាមួយនឹងការវិភាគខាងលើ? សូមរួមគ្នាផ្តល់យោបល់ និង Share អត្ថបទនេះ ទៅកាន់មិត្តរបស់អ្នក ។
ចែករំលែកព័តមាននេះ