ខេត្តស្ទឹងត្រែង ៖ ស្ត្រីចំណាស់ម្នាក់បាត់ខ្លួនអស់ជាច្រើនថ្ងៃ ស្រាប់តែត្រូវគេប្រទះឃើញសពនៅក្នុងចំការកៅស៊ូក្រុមហ៊ុនមួយកន្លែងស្ថិតនៅចំណុចត្រពាំងល្អក់ ឃុំអូរឬស្សីកណ្តាល ស្រុកសៀមបូក ជាប់ព្រំប្រទល់ស្រុកសេសាន ខណៈកម្មករដកកំឡូងម្នាក់ដើរទៅរកឃ្មុំ បង្កឱ្យភ្ញាក់ផ្អើលនៅវេលាម៉ោង០១ និង៣៥នាទីរសៀលថ្ងៃទី៤ មីនា ២០១៦ ។
សពស្ត្រីខាងលើ មានសភាពក្រៀមស្វិតទៅហើយ ព្រោះត្រូវក្រុមគ្រួសារថា បានបាត់ខ្លួនចាប់តាំងពីថ្ងៃទី៨ កុម្ភៈ មកម្ល៉េះ ក្រោយថ្ងៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម ។
បើតាមការអះអាងពីកូនស្រីរបស់សពបានរៀបរាប់ថា ម្តាយរបស់ខ្លួនជាអ្នកហូបស្រា មានថ្ងៃខ្លះហូបច្រើន និងថ្ងៃខ្លះគាត់ក៏មិនហូបនោះដែរ ។ ម្តាយខ្លួនមានឈ្មោះលន់ យី អាយុ៦២ឆ្នាំ មានស្រុកកំណើតនៅភូមិសាក្តី ឃុំព្រែកភ្នៅ ស្រុកស៊ីន្ធកណ្តាល ខេត្តព្រៃវែង គាត់ជាកម្មករថែទាំចំការតាស្រ៊ាង នៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែង ។
នាងបន្តថា ក្រោយចូលឆ្នាំចិនមួយថ្ងៃគឺថ្ងៃទី៨ កុម្ភៈ ២០១៦ អ្នកគ្រប់គ្រងចំការបានប្រាប់ថា ម្តាយបាត់ខ្លួនមិនដឹងទៅទីណាទេ អ្នកតំណាចំការនោះ រួមជានាងក៏ទៅរាយការណ៍ប្រាប់អាវុធហត្ថស្នាក់ការសន្តិសុខ៧២២ភ្នំក្រហម និងអធិការដ្ឋាននគរបាលស្រុកសៀមបូកផងដែរ រហូតដល់ថ្ងៃទី៤ មីនា ២០១៦ ទើបទទួលដំណឹងថា ត្រូវគេប្រទះឃើញសពស្ត្រីម្នាក់នៅក្នុងចំការកៅស៊ូរបស់ក្រុមហ៊ុនមួយកន្លែង ជាប់ព្រំប្រទល់ស្រុកសៀមបូក និងស្រុកសេសាន ។ ពេលនោះខ្លួនបានទៅមើល ទើបដឹងជា ជាសពម្តាយដែលបានបាត់ខ្លួននោះ ។
ចែករំលែកព័តមាននេះ