ខេត្តកំពង់ឆ្នាំង ៖ ទីតាំងលួចបញ្ជល់មាន់ដុះស្លែមួយកន្លែង ត្រូវកម្លាំងសមត្ថកិច្ចកម្រិតព្រហ្មទណ្ឌស្រាលនៃស្នងការដ្ឋាននគរបាលខេត្ត ចុះបង្ក្រាបកាលពីវេលាម៉ោង៣ និង២០នាទីរសៀលថ្ងៃទី០៤ មីនា ២០១៦ ស្ថិតនៅចំណុចវាលឥន្ទ្រី ក្នុងភូមិឧកញ៉ាប៉ាង ឃុំលង្វែក ស្រុកកំពង់ត្រឡាច ជាប់ព្រំប្រទល់ភូមិប្រក់ក្តា ខេត្តកណ្តាល បន្ទាប់ពីមានក្រុមអ្នកសារព័ត៌មានមួយក្រុម បានទៅប្រទះឃើញ ហើយរាយការណ៍ជូនសមត្ថកិច្ច ។
ប្រភពពីអ្នកសារព័ត៌មានមួយក្រុមមានគ្នា៥នាក់ ក្នុងនោះមានអ្នកកាសែត និងទូរទស្សន៍ បានធ្វើដំណើរដោយរថយន្តមួយគ្រឿង ទៅយកព័ត៌មាននៅទីនោះបានប្រាប់ថា ពេលរថយន្តទៅជិតដល់សង្វៀនបញ្ជល់មាន់ខាងលើ ប្រមាណ៣០០ម៉ែត្រ ស្រាប់តែមានមេការ សង្វៀនរបស់មន្ត្រី ជាយោធាស័ក្តិ៥ម្នាក់ដែលនៅផ្នែកគីមីសាស្ត្រនៃក្រសួងការពារជាតិ មានទីតាំងនៅឃុំលង្វែក ស្រុកកំពង់ត្រឡាច បានជិះម៉ូតូមកស្ទាក់មុខ រថយន្តក្រុមអ្នកកាសែត ហើយបានសុំអង្វរកុំឱ្យចូល និងសុំឱ្យប្រាក់ចំនួន៥០ម៉ឺនរៀល តែក្រុមអ្នកសារព័ត៌មានមិនព្រម ដោយសុំត្រឹមតែចូលថតប៉ុណ្ណោះ ។
ខណៈដែលរថយន្តក្រុមអ្នកកាសែតព្យាយាមទៅមុខ ក៏ស្រាប់តែមានក្រុមអ្នកលេងល្បែងជល់មាន់ខាងលើ ជាច្រើនអ្នកបានមកព័ទ្ធរថយន្តក្រុមអ្នកសារព័ត៌មានខាងលើ ។ បន្ទាប់មក គេឃើញលោកស័ក្តិ៥ ដែលជាម្ចាស់សង្វៀនបានស្រែកឡូឡាថា សមត្ថកិច្ចណា ក៏គាត់មិនខ្លាចដែរ ព្រោះបានបង់លុយឱ្យអស់ហើយ ។ មិនត្រឹមតែប៉ុណ្ណឹង លោកស័ក្តិ៥ បានបើកទ្វាររថយន្តទាញដៃភ្នាក់ងារទូរទស្សន៍ម្នាក់ចេញពីក្នុងរថយន្ត និងបម្រុងចាប់យកម៉ាស៊ីនថតបោកចោលទៀត តែមិនបានសម្រេច ព្រមជាមួយការជេរប្រមាថដល់អាយុជីវិតទៀតផង ។ ក្រោយពីសភាពការមិនល្អ ក្រុមអ្នកកាសែតទាំងនោះ បានដកថយបន្តិចវិញ តែបានរាយការណ៍ទៅសមត្ថកិច្ចនគរបាល និងលោកព្រះរាជអាជ្ញា សុំការអន្តរាគមន៍ ។
លោកពេជ រ៉ី នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលបានបញ្ជាក់ថា ដោយទទួលបានព័ត៌មាននេះ លោកប្រាក់ វុឌ្ឍី បានបញ្ជាឱ្យលោកស្នងការរង និងមន្ត្រីព្រហ្មទណ្ឌចុះទៅបង្ក្រាបដល់ទីតាំងខាងលើ តែត្រូវក្រុមលេងល្បែងទាំងនោះ គេចខ្លួនអស់ទៅហើយ ។
ជាលទ្ធផលសមត្ថកិច្ចបង្ក្រាបបានជនសង្ស័យម្នាក់ និងរឹបអូសវត្ថុតាងមានម៉ូតូ១០គ្រឿង, ស៊ុមក្រុងមាន់១៥, កៅអីជ័រ៣៦, តុអាប៉ោង១, សង្វៀនមាន់១, មាន់ជល់១ក្បាល, តង់កៅស៊ូ៣ និងឧបរណ៍មួយចំនួនទៀត ។
ចែករំលែកព័តមាននេះ