មនុស្សទីក្រុងភ្នំពេញស្ទើរទាំងអស់ កាន់ស្មាតហ្វូនដោយធ្វើឱ្យវាក្លាយទៅជាមិត្តដ៏ជិតស្និទ្ធិរបស់មនុស្ស ។ តើស្មាតហ្វូត មានឥទ្ធិពលដល់កម្រិតណា ចំពោះជីវិតរស់នៅរបស់មនុស្សយើង?
សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា សម្តេចមានស្មាតហ្វូនរហូតដល់៥គ្រឿង ដើម្បីតាមដានព័ត៌មាន ដើម្បីទំនាក់ទំនងជាមួយមន្ត្រីរបស់សម្តេច ដើម្បីទំនាក់ទំនងជាមួយមហាជន តាមរយ:បណ្តាញសង្គមជាដើម ។ សម្តេចបានលើកទឹកចិត្តឱ្យ
មន្ត្រីទាំងអស់ ត្រូវតែទាញយកប្រយោជន៍អំពីការរីកចម្រើននៃបច្ចេកវិទ្យាព័ត៌មាន ដើម្បីធ្វើយ៉ាងណាឱ្យបានដឹងរហ័សអំពីបញ្ហារបស់ប្រជាជន និងរកដំណោះស្រាយជូនពួកគាត់ទាន់ពេលវេលា ។
ដោយសារតែសារសំខាន់នៃទូរស័ព្ទនៅក្នុងជីវិតប្រចាំថ្ងៃនោះ ការអង្កេតមួយរបស់មូលនិធិអាស៊ី (Asia Foundation) បានរកឃើញថា មនុស្សជាង៩៤% ដែលបានស្ទង់មតិបានឆ្លើយថា ពួកគេមានកាន់ទូរស័ព្ទ ។ ចំណែកចំនួន៣៩,៥ នៃអ្នកប្រើទូរស័ព្ទដៃ គឺមាន
ស្មាតហ្វូន ។ ការសិក្សាស្រាវជ្រាវដដែល ក៏បានរកឃើញផងដែរថា នៅឆ្នាំ២០១៥ មនុស្សស្ទើរតែម្នាក់ ក្នុងចំណោមប្រជាជនកម្ពុជា
បីនាក់ គឺមានលទ្ធភាពប្រើប្រាស់អ៊ីនធើរណេត និងហ្វេសប៊ុក ។ ដោយឡែក កាលពីឆ្នាំ២០១៤ អ្នកមានស្មាតហ្វូន មានត្រឹមតែ
២៦,១%ប៉ុណ្ណោះ ។
នៅក្នុងការរស់នៅប្រចាំថ្ងៃ គេឃើញមនុស្សគ្រប់វ័យប្រើប្រាស់ស្មាតហ្វូនក្នុងគោលបំណងផ្សេងៗគ្នា ។ ខ្លះប្រើវា ដើម្បីទំនាក់ទំនងតាមអ៊ីម៉ែលឱ្យបានលឿន ខ្លះប្រើវាមើលព័ត៌មាន ខ្លះប្រើវាមើលហ្វេសប៊ុក ខ្លះប្រើវាលេងហ្គេម ខ្លះប្រើវា ដើម្បីធ្វើជំនួញ។ល។ និង
។ល។ និយាយជារួម ស្មាតហ្វូនអាចនៅជិតមនុស្សច្រើនជាងគូស្នេហ៍ ឬក៏ប្តី-ប្រពន្ធទៅទៀត ក៏មាន ។ ទាំងនេះ ក៏ព្រោះតែម្នាក់ៗ
សុទ្ធតែយល់ថា វាមានប្រយោជន៍សម្រាប់ការងារ ការសិក្សា ទំនាក់ទំនង និងកម្សាន្តជាដើម ។
មានមនុស្សតិចណាស់ បាននាំគ្នានិយាយអំពីផលប៉ះពាល់អវិជ្ជមានរបស់វាចំពោះមនុស្ស ។ ប៉ុន្តែស្មាតហ្វូនប្រៀបបីដូចជាកាក់មួយដែលម្ខាងវិជ្ជមាន និងម្ខាងទៀតអវិជ្ជមាន ។ ដូច្នេះ តើអ្វីទៅជាផលអាក្រក់របស់ស្មាតហ្វូនចំពោះមនុស្ស?
ដូចជាផលប្រយោជន៍ដែរ ស្មាតហ្វូន ក៏មានគុណវិបត្តិមួយចំនួន សម្រាប់ជីវិតរស់នៅ និងការងាររបស់មនុស្ស ។ ដូច្នេះវាចាំបាច់ណាស់ ដែលត្រូវចៀសវាងការប្រើប្រាស់ស្មាតហ្វូន ដែលនាំដល់ផលអាក្រក់សម្រាប់មនុស្ស ។
រឿងសំខាន់មួយនោះ គឺនៅពេលដែលវាបានភ្ជាប់ទំនាក់ទំនងមនុស្សដែលនៅឆ្ងាយពីគ្នា ស្មាតហ្វូនបានធ្វើឱ្យដាច់ទំនាក់ទំនងផ្ទាល់រវាងមនុស្ស និងមនុស្ស ។ តើអ្នកមានធ្លាប់ឃើញទេថា នៅតុបាយមួយ ឪពុកនិងម្តាយ អង្គុយឈ្ងោកចុចទូរសព្ទ័ ហើយកូនៗក៏នាំគ្នាចុចទូរស័ព្ទដូចគ្នា ដោយធ្វើឱ្យយើងមើលទៅ ហាក់ដូចគ្មានទំនាក់ទំនងនឹងគ្នាសោះ ។ ដូច្នេះ វាធ្វើឱ្យមនុស្សជំនាន់ថ្មី មិនសូវមានជំនាញ នៅក្នុងការទំនាក់ទំនងមនុស្សនៅក្នុងសង្គម ឬក៏វាធ្វើឱ្យទំនាក់ទំនងគ្រួសារមិនសូវរឹងមាំជាដើម ។
ចំណុចមួយទៀតនោះ គឺវាធ្វើឱ្យមនុស្សបាត់បង់ការផ្ចង់ស្មារតី ហើយអាចបង្កជាគ្រោះថ្នាក់ចរាចរណ៍ក៏មាន ។ អ្នកធ្លាប់ខឹងនឹងមនុស្សប្រើទូរស័ព្ទនៅពេលបើកបរ ដើម្បីទូរស័ព្ទក៏បញ្ជូនសារដែរឬទេ? រឿងនេះពិតជាបានកើតមាននៅក្នុងសង្គមរស់នៅរបស់យើង ។
មិនទាន់អស់ទេ ស្មានហ្វូនក៏ប៉ះពាល់ដល់សុខភាពរបស់មនុស្សផងដែរ នៅពេលដែលវាត្រូវបានប្រើយ៉ាងវក់វីនោះ ។ គ្រូពេទ្យឯកទេសរកឃើញថា ការប្រើប្រាស់ស្មាតហ្វូនច្រើនហួសហេតុ បង្កបញ្ហាសុខភាពជាច្រើនដល់មនុស្ស ។ ក្នុងចំណោមបញ្ហាទាំងនោះ មានដូចជាការដេកមិនលក់ ការធ្វើឱ្យប្រាជ្ញាចុះថយ ដោយសារខួរក្បាលកាន់តែស្ទក់ ការឈឺសាច់ដុំ.ក និងការប៉ះពាល់ភ្នែកជាដើម ។
ដូច្នេះ តើយើងគួរនាំគ្នាឈប់ប្រើស្មាតហ្វូនឬទេ? យើងត្រូវតែប្រើវា ប៉ុន្តែប្រើវាឱ្យបានត្រឹមត្រូវ និងកុំឱ្យហួសហេតុពេក ។
ចុះអ្នកអានកោះសន្តិភាពយល់ឃើញយ៉ាងណា អំពីផលប្រយោជន៍ និងគុណវិបត្តិរបស់ស្មាតហ្វូន? សូមជួយផ្តល់យោបល់ផ្ទាល់ខ្លួននិងជួយ Share អត្ថបទនេះ ទៅកាន់មិត្តរបស់អ្នក ដើម្បីផលប្រយោជន៍ទាំងអស់គ្នា ។
ដោយ ៖ រ័ត្ន ធីយ៉ា
ចែករំលែកព័តមាននេះ