រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីស្ត្រីម្នាក់បានសម្រេច តែជួបគ្រោះថ្នាក់ចរចរាណ៍ ត្រូវកម្លាំងកងរាជអាវុធហត្ថខណ្ឌឬស្សីកែវចាប់បាន ដែលហេតុការនេះកើតឡើង កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី០៤ មីនា ២០១៦ ស្ថិតនៅចំណុចក្នុងផ្សារច្រាំងចំរេះ២ ក្នុងភូមិខ១ ក្រុមទី២ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ ។
ជនសង្ស័យទាំង២នាក់ ម្នាក់ឈ្មោះហ៊ូ សុធា អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ និងម្នាក់ទៀតឈ្មោះអឿន មករា អាយុ១៩ឆ្នាំ ស្នាក់នៅភូមិព្រែកតាពេន ស្រុកពញាឮ ខេត្តកណ្តាល ។ ចំណែកវត្ថុតាងដកហូតមាន ម៉ូតូមួយគ្រឿង ម៉ាក Let’s ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1DE-0443 និងទូរស័ព្ទដៃរបស់ជនរងគ្រោះម៉ាកIphone 6 Plus មួយគ្រឿង ពណ៌ទឹកមាស ។ ស្ត្រីរងគ្រោះឈ្មោះម៉េង សុភា ភេទស្រី អាយុ៤៤ឆ្នាំ ជាលក់ដូរ ស្នាក់នៅផ្ទះកើតហេតុខាងលើ ត្រូវកម្លាំងកងរាជអាវុធប្រគល់ទូរស័ព្ទឱ្យទៅជនរងគ្រោះវិញ ។
ប្រភពពីសាក្សីប្រាប់ថា មុនដំបូង ស្ត្រីរងគ្រោះកំពុងតែឈរនិយាយទូស័ព្ទនៅមុខផ្ទះ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូមកជិត ហើយធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីស្ត្រីរងគ្រោះទៅបាត់ ។ ក្រោយពីជនសង្ស័យឆក់រួច បានជិះគេចខ្លួន ខណៈនោះក៏មានកម្លាំងអាវុធហត្ថដេញតាមពីក្រោយ ធ្វើឱ្យក្រុមចោរនោះជិះទៅបុកគូទរថយន្តមួយគ្រឿង បណ្តាលឱ្យដួល ក៏ត្រូវកម្លាំងឃាត់ខ្លួនតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថខណ្ឌឬស្សីកែវកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមនីតិវិធីច្បាប់ ។
ចែករំលែកព័តមាននេះ