ខេត្តព្រៃវែង ៖ រឿងរ៉ាវស្នេហារបស់មនុស្សលោក មានច្រើនបែប ច្រើនសណ្ឋាន និងច្រើនរសជាតិខ្លាំងណាស់ ដោយអ្នកខ្លះស្រលាញ់មិត្តភក្តិឯង អ្នកខ្លះស្រលាញ់សង្សារគេ ឯអ្នកខ្លះទៀតស្រលាញ់បងថ្លៃឯង ឬប្អូនថ្លៃឯងជាដើម ។ ហើយជាលទ្ធផលនៃសេចក្តីស្នេហានោះ អ្នកខ្លះក៏ជួបគ្នា អ្នកខ្លះក៏បែកបាក់គ្នា អាស្រ័យទៅតាមកត្តាផ្សេងៗនៅជុំវិញពួកគេ ជាពិសេសគឺការសម្រេចចិត្តរបស់ពួកគេផ្ទាល់ ។
ជាក់ស្តែង ដូចជារឿងរ៉ាវស្នេហារបស់យុវជន១គូ ស្ថិតនៅភូមិសន្លុង ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង ឪពុកម្តាយបានទៅដណ្តឹងកូនក្រមុំឱ្យ និងជិតដល់ថ្ងៃចូលរោងការទៅហើយនោះ ស្រាប់តែសាមីខ្លួនខាងកូនប្រុស ដឹកដៃអនាគតប្អូនថ្លៃដែលជាគូសង្សាររត់ចោលរោងការ ទៅរួមរស់ជាមួយគ្នាតាមបំណងប្រាថ្នាយ៉ាងមានក្តីសុខ ដោយមិនខ្វល់ពីអារម្មណ៍អ្នកណាទាំងអស់។
ធ្វើឱ្យឪពុកម្តាយខាងស្រី ក្តៅក្រហាយទ្រាំមិនបាន នាំគ្នាទៅដាក់ពាក្យប្តឹងសុំឱ្យសមត្ថកិច្ចតាមរកចាប់កូនស្រី និងកូនប្រុសមកវិញ ព្រោះធៀបការអញ្ជើញភ្ញៀវអស់ហើយ ។
ប្រភពព័ត៌មានពីមន្ត្រីនគរបាលស្រុកពារាំងបានឱ្យដឹងថា កាលពីថ្ងៃទី០១ មីនា ២០១៦ ឱពុកម្ដាយខាងកូនស្រី បានមកដាក់ពាក្យប្តឹងសមត្ថកិច្ចថា កូនស្រីរបស់គាត់ឈ្មោះទូច វ៉ាន់ អាយុ១៤ឆ្នាំ បានបាត់ពីផ្ទះចំនួនមួយថ្ងៃមួយយប់ ដោយមិនដឹងថា បាត់ទៅណានោះទេ និងសំណូមពរឱ្យសមត្ថកិច្ចជួយតាមរកផង ។
ក្រោយពីទទួលបានពាក្យបណ្តឹងនេះ សមត្ថកិច្ចក៏ចាប់ផ្តើមចុះស្រាវជ្រាវតាមរកអស់រយៈពេល១ថ្ងៃ ១យប់ ទើបមានដំណឹងថា យុវតី ទូច វ៉ាន់ មិនបានបាត់ទៅណាទេ គឺគេបានរត់ទៅតាមគូស្នេហ៍ឈ្មោះរួន វណ្ណា អាយុ២២ឆ្នាំ ដែលត្រូវជាគូដណ្តឹងរបស់បងស្រីខ្លួន ហើយបច្ចុប្បន្នកំពុងរស់នៅ និងធ្វើការនៅទីក្រុងភ្នំពេញ ។
ជុំវិញរឿងរ៉ាវនៃការពង្រត់គ្នានេះ ត្រូវបានលោក ឃុន ថន មេឃុំរកាប្រាប់ឱ្យដឹងថា គូស្នេហ៍១គូនេះ បានលួចស្រលាញ់គ្នាយូរមកហើយ ប៉ុន្តែចាស់ៗទាំងសងខាងមិនបានដឹង ហើយពេលដែលដឹងថា ឪពុកម្តាយបានមកដណ្តឹងឈ្មោះ ទូច រ៉ាន់ ដែលត្រូវជាបងស្រីរបស់គូស្នេហ៍ខ្លួននោះ យុវជន រួន វណ្ណា ក៏មិនបានប្រាប់ពីរឿងស្នេហារបស់ខ្លួនទៀត គឺនាំគ្នាលាក់រៀងខ្លួន រហូតដល់ពេលដែលឪពុកម្តាយទាំងសងខាង ចាប់ផ្តើមដើរចែកធៀបការ ទើបយុវជន រួន វណ្ណា និងយុវតី ទូច វ៉ាន់ ជាគូស្នេហ៍សម្រេចចិត្តដឹកដៃគ្នារត់ទៅសាងទ្រនំស្នេហ៍ ដោយមិនខ្វល់ពីការសើចយំរបស់អ្នកស្រុកអ្វីទាំងអស់ ទោះបីដឹងថា ការធ្វើបែបនេះ វាខុសឆ្គងនឹងប្រពៃណី និងធ្វើឱ្យអាប់អោនកិត្តិយសគ្រួសារយ៉ាងណាក៏ដោយ ។
នៅថ្ងៃទី២ មីនា ខណៈពេលតាមទៅរកគូស្នេហ៍១គូនេះដល់រាជធានីភ្នំពេញ លោកមេឃុំបានជួបអ្នកទាំង២តាមទូរស័ព្ទ ហើយគេបានប្រាប់ថា ពួកគេបានរួមរស់ជាមួយគ្នាជាលក្ខណៈប្តីប្រពន្ធហើយ ព្រមទាំងមានការងារធ្វើទាំង២នាក់ហើយដែរ ដូច្នេះ សូមកុំបារម្ភចំពោះពួកគេអី ហើយក៏មិនបាច់តាមរកពួកគេដែរ ។
លោកនាយប៉ុស្តិ៍រដ្ឋបាលឃុំរកាបានបញ្ជាក់ថា ភ្លេងការដែលគ្រោងនឹងបន្លឺឡើង នៅថ្ងៃទី២០ មីនា ខាងមុខនេះ ត្រូវបានលុបចោលវិញហើយ ហើយឪពុកម្តាយសាមីខ្លួនទាំងសងខាង ក៏បានដើរសំពះសុំទោសភ្ញៀវពេញភូមិផងដែរ ព្រោះកម្មវិធីត្រូវលុបចោលវិញ។
ទោះជាយ៉ាងណាក៏ដោយ ឪពុកម្តាយរបស់អ្នកទាំង២ ពិសេសខាងកូនស្រីអះអាងថា មិនប្តឹងប្តល់ និងមិនប្រកាន់ទោសអូសដំណើរអ្នកទាំង២នោះទេ ធ្វើម៉េចបើកូនទាំង២សម្រេចចិត្តជ្រើសផ្លូវបែបនេះហើយ គឺទុកឱ្យវាទៅតាមដំណើរទៅចុះ ។
ចែករំលែកព័តមាននេះ