ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈើ​រាប់​ពាន់​កំណាត់​ក្នុង​ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន​សង្ស័យ​គេ​ដុត

8 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ ឈើ​រាប់​ពាន់​កំណាត់​ក្នុង​បរិវេណ​ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន នៅ​ស្រុក​កោះ​ញែក ត្រូវ​ព្រះ​អគ្គី​លេប​ត្របាក់​តាំងពី​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២ មីនា រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​៣ មីនា ក៏​នៅ​មិន​ទាន់​អស់​រងើកភ្លើង​នៅឡើយ

ខេត្តមណ្ឌលគិរី ៖ ភ្លើង​ឆេះឈើ​ក្នុងឃ្លាំង​ក្រុម​ហ៊ុន «យូនីហ្គ្រីន» ស្រុកកោះញែក សង្ស័យមានអ្នកលួចដុត ត្រូវ​ព្រះ​អគ្គី​លេប​ត្របាក់​តាំងពី​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២ មីនា រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​៣ មីនា ក៏​នៅ​មិន​ទាន់​អស់​រងើកភ្លើង​នៅឡើយ ខណៈ​ក្រុមហ៊ុន​មួយ​នេះ​កំពុង​ត្រូវ​បាន​គណៈកម្មការ​ចម្រុះ​ថ្នាក់​ជាតិ​ទប់​ស្តា​ត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ដាក់​ពាក្យបណ្តឹង​ទៅ​សាលាដំបូង ក្នុង​សំណុំរឿង​ស្តុក​ឈើ​ខុសច្បាប់ ។

ករណី​ភ្លើង​ឆេះ​ឈើ ក្នុង​ក្រុមហ៊ុន​ដែល​កំពុង​ជួប​រឿងអាស្រូវ មាន​ពាក្យបណ្តឹង​នៅ​តុលាការ​នេះ ត្រូវ​បាន​មជ្ឈដ្ឋាន​នានា​និយាយ​ថា វា​អាច​ជា​ចេតនា​ពី​ម្ចាស់​ក្រុមហ៊ុន ឬ​ជន​ណា​ម្នាក់​ដែល​ជាប់​ពាក់ព័ន្ធ នៅ​ក្នុង​បទ​ឧក្រឹដ្ឋ​កម្ម​ព្រៃឈើ​ខាងលើ ព្រោះ​ការ​ដុត​បំផ្លាញ​នេះ ប្រហែលជា​អ្នក​ប្រព្រឹត្តិ​យល់​ឃើញ​ថា អាច​ជួយ​កាត់​បន្ថយ​នូវ​ទោសទណ្ឌ​នានា ដែល​មាន​ចែង​ក្នុង​ច្បាប់​ព្រៃឈើ មិនសូវ​ធ្ងន់​.​ក​ពេក ។

តាម​សេចក្តី​រា​យា​ករ​ណ៍​បាន​និយាយ​ថា គេ​មិន​បានដឹង​ថា​ភ្លើង​បាន​ចាប់ផ្តើម​ឆេះ​ពី​ពេល​ណា​នោះ​ទេ លុះដល់​វេលា​ម៉ោង​ប្រហែលជា​៥​ល្ងាច ស្រាប់តែ​គេ​ប្រទះ​ឃើញ​មាន​ផ្សែងហុយ​ទ្រលោម​ពេញ​ផ្ទៃមេឃ និង​មាន​អណ្តាតភ្លើង​សន្ធោសន្ធៅ​ចេញពី​គំនរ​ឈើហុប និង​ឈើ​អារ​ដែល​មាន​ចំនួន​រាប់​ពាន់​កំណាត់ ។ ប្រភព​បន្ត​ថា បើ​ទោះជា​នៅ​ទីតាំង​ស្តុក​ឈើ​ក្នុង​ក្រុមហ៊ុន​ខាងលើ មាន​សមត្ថកិច្ច​ចម្រុះ​នៅ​យាមល្បាត​ពិតមែន តែ​ភ្លើង​បាន​វាយប្រហារ​គំនរ​ឈើ​ទាំងនោះ ពេញបន្ទុក​រហូត​មិន​អាច​រក​វិធី​សង្គ្រោះ​ឈើ​ដែល​មានមុខ​កាត់​ធំ​ៗ​ទាំងនោះ​វិញ​បាន​ទេ គឺ​បាន​ត្រឹម​ឈរ​មើល​នឹង​រត់គេច​ចេញពី​អណ្តាតភ្លើង​ដែល​កំពុង​ឆេះ​ពេញបន្ទុក​នោះ​ប៉ុណ្ណោះ ។

ក្រោយ​ពី​មាន​ហេតុការណ៍​ភ្លើង​ឆេះ​គំនរ​ឈើ​រាប់​ពាន់​ម៉ែត្រគូប​រួច​មក នៅ​ព្រឹក​ថ្ងៃ​ទី​៣ មីនា  គេ​ឃើញ​លោកនាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌលគិរី បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ទៅ​ទីតាំង​កើតហេតុ ។ ប្រភព​ពី​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បាន​ឲ្យ​ដឹង​ថា តាម​ការ​ប៉ាន់ស្មាន​ជំហាន​ដំបូង ឈើ​ដែល​ឆេះ​ក្នុង​ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន​នោះ មាន​អត្រា​ពី​៦០​ទៅ​៧០% ។ ចំណែក​ឈើ​ដែល​ឆេះ​នោះ​ជា​ឈើ ប្រភេទ​ចម្រុះ ដូច​ជា ឈើទាល សុ​ក្រំ ផ្ចឹក គគីរ​… ។ ប្រភព​បន្ត​ថា ឈើ​ដែល​ឆេះ​នោះ​គឺជា ឈើ​ដែល​គណៈកម្មការ​ចម្រុះ​ថ្នាក់​ជាតិ​ទប់​ស្តា​ត់ នឹង​បង្ក្រាប​បទល្មើស​ព្រៃឈើ បាន​ធ្វើការ​វាស់វែង​រួច​អស់ហើយ ដែល​មាន​ចំនួន​ប្រមាណ​ជិត​២​ពាន់​ម៉ែត្រគូប នឹង​កំពុង​មាន​ចំណាត់ការ​នៅ​តុលាការខេត្ត ត្បិត​ឈើ​ទាំងនោះ​គេ​ស្តុក​ដោយ​ខុសច្បាប់ ឬ​ជា​ឈើ​ចោរ ។

លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី​បាន​មាន​ប្រសាសន៍​នៅ​ល្ងាច​នៅ​ថ្ងៃ​ទី​៣ មីនា​ថា បើ​តាម​ការ​រាយការណ៍​ភ្លើង​នោះ អាច​បណ្តាល​មក​ពី​ភ្លើង​ឆេះ​ព្រៃ ព្រោះ​រដូវ​នេះ ប្រជាពលរដ្ឋ​បាន​កាប់​ឆ្ការព្រៃ និង​ដុត ដើម្បី​យក​ដី​ទុក​ធ្វើស្រែ​ចម្ការ​នា​រដូវវស្សា ។ ចំណែក​ចំនួន​ឈើ​ដែល​គណៈកម្មការ​ជាតិ វាស់វែង​នោះ​គឺ​មាន​ចំនួន​ពិតប្រាកដ​ហើយ តែ​ដោយសារ​ភ្លើង​នៅ​មាន​កម្តៅ​ខ្លាំង ទើប​មន្ត្រី​ជំនាញ​មិន​ទាន់​អាច​ចូល​ទៅ​ធ្វើការ​ស្ទាបស្ទង់​ថា​ឆេះ​អស់​ប៉ុន្មាន​ទេ​… ចាំ​នៅ​ពេល​ដែល​មន្ត្រី​ពន្លត់ភ្លើង​អស់ មន្ត្រី​ជំនាញ​នឹង​ចូល​ទៅ​ធ្វើការ​វាស់វែង​បន្ត ។

ចំណែក​លោក វង្ស សុក​សេរី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌលគិរី មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ ព្រោះ​លោក​ចូល​ទៅ​ពិនិត្យ​នៅ​ទីតាំង​ភ្លើង​ឆេះ​ឈើ​ក្នុង​ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន ដែល​តំបន់​នោះ​មិន​មាន​សេវា​ទូរស័ព្ទ​អាច​ទាក់ទង​បាន​ទេ ។

ប្រភព​ដែល​កោះសន្តិភាព​ទទួល​បាន​ចុង​ក្រោយ​នៅ​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​៣ មីនា​ថា ឈើ​ដែល​ឆេះ​ក្នុង​ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន អាច​នឹង​ឆេះ​អស់ទាំង​ស្រុង ព្រោះ​មាន​កត្តា​ពី​ដែល​មន្ត្រី​ជំនាញ​មិន​អាច ស្រោចស្រង់​ឈើ​ទាំងនោះ​វិញ​បាន ។ បញ្ហា​ទី​មួយ​ផ្លូវ​ធ្វើ​ដំណើរ​ចម្ងាយ​១៣០​គីឡូម៉ែត្រ​ពី​ទីរួមខេត្ត បើ​ត្រូវ​យក​រថយន្ត​ដឹក​ទឹក​ទៅ​ប្រើ ក៏​គ្មាន​ផ្លូវ​សម្រាប់​បើករថយន្ត​ដឹក​ទឹក​ចូល​ដែរ ។ ចំណែក​បញ្ហា​មួយទៀត​ត្រូវ​បាន​ប្រភព​បញ្ជាក់​ថា គឺ​គ្មាន​ប្រភព​ទឹក នៅ​ទីនោះ​សុទ្ធ​តែព្រៃ​ភ្នំ នឹង​ជា​រដូវប្រាំង អូរ​ត្រពាំង​នានា​រីង​ហួត​ទឹក​អស់ហើយ ។

យ៉ាងណា​ក៏​ដោយ​ប្រជាពលរដ្ឋ​បាន​ចោទសួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា នៅ​ក្នុង​ក្រុមហ៊ុន​ខាងលើ គឺ​មាន​មន្ត្រី​កម្លាំងប្រដាប់អាវុធ​ចម្រុះ​យាមកាម ចុះ​ហេតុ​ម៉េច​បានជា​ភ្លើង​ឆេះ​ឈើ​រាប់​ពាន់​ម៉ែត្រគូប មិនដឹង​ពី​មូលហេតុ ? ព្រោះ​បើ​មាន​ករណី​ភ្លើង​ឆេះ​ព្រៃ​រាលដាល​មែន ក៏​គេ​អាច​ដឹង​មុន​ដែរ ព្រោះ​ភ្លើង​មិនមែន​ចេះ​តែ​ឆេះ​ស្ងាត់​ៗ​ដូច​ចោរ​ទេ ។ ពលរដ្ឋ​បាន​លើក​ឡើង​ថា អ្នក​សង្ស័យ​ថា​បណ្តាល​មក​ពី​ភ្លើង​ឆេះ​ព្រៃ​អាច​ជា​ការ​ឃុបឃិត​គ្នា​ទេ ។

សូម​បញ្ជាក់​ថា គណៈកម្មការ​ចម្រុះ​ថ្នាក់​ជាតិ​ដែល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ឯក វង្ស ពិ​សេន បាន​ចុះ​ត្រួតពិនិត្យ​ក្រុមហ៊ុន យូ​នី​ហ្គ្រី​ន ដែល​មា​នទី​តាំងនៅ​ស្រុក​កោះ​ញែក កាលពី​រសៀល​ថ្ងៃ​ទី​២៧ មក​រា ២០១៦ ហើយ​បាន​រក​ឃើញ​ឈើ​មានច្បាប់​នឹង​មិន​ទាន់​បង់ពន្ធ​ជាង​១.០០០​ម៉ែត្រគូប ក្នុង​បរិវេណ​ដី​ក្រុមហ៊ុន និង​ឈើ​គ្មាន​ម្ចាស់​ចំនួន​ជាង​៧០​កំណាត់ ដែល​លាក់​ទុក​ក្បែរ​ស្នាក់​ការ​ក្រុមហ៊ុន ឬ​ដឹក​ចូល​មិន​ទាន់ ។

មន្ត្រី​ព្រៃឈើ​ម្នាក់​បាន​ឲ្យ​ដឹង​ថា គណៈកម្មការ​ចម្រុះ​ថ្នាក់​ជាតិ​បាន​រក​ឃើញ​ថា ឈើ​ក្នុង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​យូ​នី​ហ្គ្រី​ន ស្ថិត​នៅ​ភូមិសាស្ត្រ​ឃុំរ​យ៉ មាន​ចំនួន​៥០០​ម៉ែត្រគូប បាន​វាយ​ត្រា​បង់​ព​ន្ឋ​ចូល​រដ្ឋ​រួច​ហើយ ។ ចំណែក​ឈើ​នៅ​ក្នុង​ឃ្លាំង​ដែល​មា​នទី​តាំងនៅ​ភូមិ​ក្រោល ឃុំ​ស្រែ​សង្គម មាន​ចម្ងាយ​ពី​ដី​ក្រុមហ៊ុន​ប្រមាណ​ជាង​៣០​គីឡូម៉ែត្រ សម្រាប់​ស្តុ​ប​ឈើ​មាន​ចំនួន​២០០​ម៉ែត្រគូប​(​អារច្រៀក​រួច​)​ក៏​បាន​បង់ពន្ធ​រួចរាល់​ដែរ ។ មន្ត្រី​ព្រៃឈើ​ដដែល​បាន​បន្ត​ថា ក្រៅពី​ឈើ​ដែល​មានច្បាប់ ក្រុម​មន្ត្រី​ជំនាញ​បាន​រក​ឃើញ​ឈើ​ប្រភេទ​សុ​ក្រំ ចំនួន​៧០​កំណាត់ (​អាច​មាន​ចំនួន​២០​ទៅ​៣០​ម៉ែត្រគូប​) ដែល​ក្រុម​ឈ្មួញ​ដឹក​យក​ទៅ​លាក់​ទុក​នៅ​ក្រោយ​ក​ម្ពោ​ត​ព្រៃ​ក្បែរ​ស្នាក់​ការ​ក្រុមហ៊ុន ។

ប្រភព​ពី​មន្ត្រី​ដែល​បាន​ចូលរួម​ក្នុង​សកម្មភាព​ត្រួតពិនិត្យ​ឈើ​ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន​បាន​និយាយ​ថា ក្នុង​ដី​ក្រុមហ៊ុន​ក្រៅពី​ឈើ​ដែល​មានច្បាប់ គេ​នៅ​ឃើញ​មាន​ឈើ​ដែល​មិន​ទាន់ បង់ពន្ធ​ចំនួន​៥០០​ម៉ែត្រគូប​ទៀត សុទ្ធ​សឹង​ប្រភេទ​ឈើហុប​ធំ​ៗ ដែល​បាន​ដាក់​បន្លំ​ជាមួយ​ឈើ​មានច្បាប់ ។ ចំណែក​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា កន្លង​មក​ឈើ​ប្រណីត ធ្នង់ បេង នាង​នួ​ង ត្រូវ​បាន​ក្រុម​ឈ្មួញ​ប្រមូល​ដឹក​ចេញពី​ព្រៃ​ការពារ និង​ដែន​បរិស្ថាន រាប់​ពាន់​ម៉ែត្រគូប មក​លក់​ឲ្យ​ឧកញ៉ា តុ​ប ច័ន្ទ​វី​យា​ដា ដែល​ទទួល​សិទ្ធិ​ប្រមូល​ឈើ​ក្នុង​ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន ដែល​អាច​ថា «​កន្ទេល​ធំ​បន្លំ​ដេក​» ក៏​បាន ព្រោះ​ឈើ​ក្នុង​ដី​ក្រុមហ៊ុន​ស្ទើរ​លែង​មាន​ទៅ​ហើយ​(​កាប់​អស់​) ។ ចំណែក​ឈើ​ដែល​គេ​គរ​ទុក​នោះ ភាគច្រើន​ជា​ឈើ​ថ្មី ដែល​ទើប​អារ​មិន​ទាន់​ស្រក់​ជ័រ​អស់​ផង ។

ប្រភព​បាន​ខ្សឹប​ថា កន្លង​មក​លោក​ឧកញ៉ា វី​យា​ដា បាន​ឲ្យ​ប្អូនប្រុស​ពីរ​នាក់​ចេញ​មុខ​រត់ការ​ខ្វែង​ដៃ ខ្វែង​ជើង គ្រប់​ស្ថាប័ន​សមត្ថកិច្ច​ក្នុង​ខេត្ត ដើម្បី​ជួយ​សម្រួល​ដល់​ការ​រត់ពន្ធ​ឈើ​ខុសច្បាប់​របស់​ខ្លួន ។ ច្បាប់​ដែល​ប្អូនប្រុស​របស់​លោក​ឧកញ៉ា វី​យា​ដា ឈ្មោះ ផា​ន់​ណា តែង​អួត​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា លោក​មាន​សិទ្ធិ​ក្នុង​ការ​នាំ​ឈើ​ចេញ និង​ឈើ​ដែល​មាន​ក្នុង​ក្រុមហ៊ុន​សុទ្ធតែ​មានច្បាប់ គឺ​គ្រាន់តែ​ជា​របាំងមុខ​មួយ​សម្រាប់​ការពារ​មុខរបរ​ទុច្ចរិត​ប៉ុណ្ណោះ ព្រោះ​មុន​ពេល​មាន​យុទ្ធនាការ​ចុះ​បង្ក្រាប​របស់​គណៈ កម្មការ​ចម្រុះ​ថ្នាក់​ជាតិ គេ​ឃើញ​ទាំង​ឧកញ៉ា វី​យា​ដា និង​មេការ​ទាំង​ពីរ​របស់​ខ្លួន​ដែល​មានឈ្មោះ ផា​ន់​ណា និង​ឈ្មោះ ម៉ៅ បាន​ព្យាយាម​រត់ការ​សុំ​សមត្ថកិច្ច និង​ជំនាញ ដើម្បី​ដឹកឈើ​ដែល​ទិញ​ពី​ក្រៅ​ដែនដី​ក្រុមហ៊ុន​ទៅ​លក់​នៅ​ឯ​ខេត្ត​ត្បួ​ង​ឃ្មុំ ។ ប្រភព​បន្ត​ថា បើ​កុំ​តែ​មាន​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ឲ្យ​ទប់​ស្តា​ត់​ការ​រត់ពន្ធ​ឈើ​ខុសច្បាប់ ម្ល៉េះ​ឈើ​ដែល​ក្រុម​មន្ត្រី​ជំនាញ​ចូល​ទៅ​ឃើញ​នោះ ត្រូវ​បាន​ដឹក​យក​ទៅ​លក់​ឲ្យ​ថៅកែ​យួន​បាត់​អស់​ទៅ​ហើយ ។

ប្រភព​ពី​សាលាដំបូង​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៤ កុម្ភៈ ២០១៦​ថា ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច​ចំនួន​ពីរ​កំពុង​ប្រឈម​មុខ​តាម​ផ្លូវ​តុលាការ​ពាក់ព័ន្ធ​ពាក្យ បណ្ដឹង​របស់ គណៈកម្មការ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ថ្នាក់​ជាតិ បន្ទាប់​ពី​ការ​ស៊ើបអង្កេត​ចប់ ។ ករណី​ភ្លើង​ឆេះ​ឈើ ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ការ​តាមដាន និង​រក្សា​ទុក​របស់​គណៈកម្មការ​ថ្នាក់​ជាតិ ក៏​មិនមែន​មាន​តែ​នៅ​ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន​ទេ នៅ​ក្រុមហ៊ុន​ប៊ិ​ញ​ភ្វឿ​ក​១ នៅ​ក្រុមហ៊ុន​កសិកម្ម​ខ្មែរ​អង្គរ ក៏​មាន​ឆេះ​ដែរ ។ ការ​ឆ្លើយ​បែប​យករួចខ្លួន​ពី​អាជ្ញាធរ​ខេត្ត ក៏​មិន​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ស្ងប់ចិត្ត​ដែរ ព្រោះថា កាលពីរ​បី​ឆ្នាំ​មុន ជំនួញ​ឈើ​គ្រប់​ប្រភេទ​ក្នុង​ខេត្តមណ្ឌលគិរី បាន​កើត​មាន​ភ្លូកទឹកភ្លូកដី ដាក់​ឈើ​រាយ​ប៉ាយ​ពេញ​ព្រៃ គ្រប់​ខែ​គ្រប់​រដូវ​មិន​ដែល​ឃើញ​មាន​ភ្លើង​ឆេះ​ម្តងណា​ទេ ។ ចម្លែក​អី​តែ​ពេល​នេះ នៅ​ពេល​មាន​បទបញ្ជា ពី​ប្រមុខ​រាជរដ្ឋាភិបាល​ឲ្យ​បញ្ឈប់​ការ​ជួញដូរ និង​រត់ពន្ធ​ឈើ​ខុសច្បាប់ ស្រាប់តែ​មាន​ករណី​ភ្លើង​ឆេះ​ឈើ គ្រប់​ទីកន្លែង ដែល​មាន​ស្តុក​ឈើ ទាំង​ដែល​កន្លែង​ស្តុក​ឈើ​ទាំងនោះ ត្រូវ​បាន​ក្រុម​ឈ្មួញ​ត្រាយព្រៃ​ស្អា​តទៅ​ហើយ នៅ​តែ​មាន​ភ្លើង​ឆេះ​ព្រៃ តាម​ទៅ​ឆេះ​ឈើ​ដែល​គរ​ទុក​មួយ​កន្លែង​ដែល​មាន​សុវត្ថិភាព​ទៀត​ដូច​ជា​រក​ជឿ​មិន​បាន​ឡើយ ។

ព័ត៌មាន​ចុង​ក្រោយ
តាម​សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ករណី​ភ្លើង ឆេះ​ឈើ​តាម​ក្រុមហ៊ុន ដែល​កោះសន្តិភាព​ទើប បាន​នា​វេលា​ម៉ោង​៦​ល្ងាច គឺ​ក្រៅពី​ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន ក៏​នៅ​មាន​ក្រុមហ៊ុន​កសិកម្ម​ខ្មែរ​អង្គរ កើត មានការ​ឆេះ​ឈើ​យ៉ាង​សន្ធឹកសន្ធាប់​ផង​ដែរ នា​ថ្ងៃ​ទី​៣ មីនា ហើយ​ឈើ​ក្រុមហ៊ុន​កសិកម្ម​ខ្មែរ អង្គរ គណៈកម្មការ​ជាតិ​កំពុងធ្វើការ​វាស់វែង​មិន​ទាន់​បញ្ចប់​នៅឡើយ​ទេ ព្រោះ​ឈើ​មាន​ចំនួន ច្រើន ៕