ខេត្តបន្ទាយមានជ័យ ៖ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលប៉ោយប៉ែត បានចាប់គោចំនួន៤ក្បាល កាលពីម៉ោងជាង៥ល្ងាចថ្ងៃទី៣ មីនា បន្ទាប់ពីឃើញដើរដេកយ៉ាងអនាធិបតេយ្យដើម្បីរកម្ចាស់មកអប់រំ ។
មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា ដោយសារមួយរយៈចុងក្រោយនេះ មានអ្នកស្រុករអ៊ូរទាំពីហ្វូងគោដែលគេលែងយ៉ាងអនាធិបតេយ្យដើរដេកតាមមុខផ្ទះ តាមដងផ្លូវ ដែលអាចបង្កទៅជាគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃណាមួយ និងជួនកាលស៊ីដំណាំគេ ទើបសម្រេចចាប់គោទាំងនេះដើម្បីរកម្ចាស់អប់រំ ។
លោក អ៊ុំ សុផល អធិការនគរបាលក្រុងប៉ោយប៉ែតបានឱ្យដឹងថា រាល់ហ្វូងគោទាំងឡាយណា ដែលលែងយ៉ាងអនាធិបតេយ្យគ្មានអ្នកឃ្វាលត្រឹមត្រូវ លោកនឹងឲ្យកម្លាំងក្រោមឱវាទតាមប៉ុស្តិ៍ក្នុងសង្កាត់ទាំង៣ចាប់យកមករក្សាទុក ដើម្បីរកមុខម្ចាស់ឲ្យមកទទួលការអប់រំ ព្រោះអាចបង្កឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃណាមួយ ។
លោកអធិការបានបន្តថា ក្រោយការអប់រំបើម្ចាស់គោក្របីណានៅតែបន្តលែងយ៉ាងអនាធិបតេយ្យ គ្មានអ្នកឃ្វាលទៀត លោកនឹងចាត់ការតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ