ចាក់សាំងដុតឈើប្រណីតចោលខណៈផ្ទុះជម្លោះជាមួយមេព្រៃ
ខេត្តស្ទឹងត្រែង ៖ ក្រុមអ្នកដឹកឈើប្រណីតទៅចែកចាយនៅតាមសិប្បកម្មកែច្នៃឈើបានផ្ទុះជម្លោះជាមួយមេព្រៃរហូតឈានដល់ការចាក់សាំងដុតឈើកម្ទេចចោល …
ខេត្តស្ទឹងត្រែង ៖ ក្រុមអ្នកដឹកឈើប្រណីតទៅចែកចាយនៅតាមសិប្បកម្មកែច្នៃឈើបានផ្ទុះជម្លោះជាមួយមេព្រៃរហូតឈានដល់ការចាក់សាំងដុតឈើកម្ទេចចោល …
ខេត្តស្ទឹងត្រែង ៖ ក្រុមអ្នកដឹកឈើប្រណីតទៅចែកចាយនៅតាមសិប្បកម្មកែច្នៃឈើបានផ្ទុះជម្លោះជាមួយមេព្រៃរហូតឈានដល់ការចាក់សាំងដុតឈើកម្ទេចចោលនៅខាងកើតស្ពានសេកុង ក្បែរសណ្ឋាគាររស្មីពេជ្រ កាលពីវេលាម៉ោង១២ និង៥១នាទីថ្ងៃត្រង់ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦ ។
ប្រភពព័ត៌មានឲ្យដឹងថា ក្រុមអ្នកដឹកឈើប្រណីតតាមម៉ូតូបានឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃកជាមួយសមត្ថកិច្ចរដ្ឋបាលព្រៃឈើបន្ទាប់ពីពួកគេដឹកឈើតាមម៉ូតូចេញពីសង្កាត់សាមគ្គីបម្រុងចូលទៅចែកចាយតាមសិប្បកម្មកែច្នៃឈើធ្វើគ្រឿងសង្ហារឹមនៅក្រុងស្ទឹងត្រែង តែត្រូវក្រុមជំនាញឃាត់ជាប់ខណៈដឹកមកដល់ខាងកើតស្ពានសេកុង ក្បែរសណ្ឋាគាររស្មីពេជ្រ ។ ដោយសារតែការសម្រុះសម្រួលជាមួយសមត្ថកិច្ចមិនបាន ក្រុមអ្នកដឹកឈើប្រណីតក៏បានចាក់សាំងដុតឈើចោលនៅចំពោះមុខមេព្រៃតែម្តង តែការឆាបឆេះនោះបានត្រឹមមួយចំហួលសាំងប៉ុណ្ណោះក៏រលត់ទៅវិញ និងមិនបង្កឲ្យខូចខាតទ្រង់ទ្រាយឈើប្រណីតឡើយ ។
ក្រុមអ្នកដឹកឈើប្រណីតទាំងនោះបានប្រាប់«កោះសន្តិភាព»ក្រោយកើតហេតុថា ពួកគេបានដឹកឈើចេញពីសង្កាត់សាមគ្គីបម្រុងទៅកាន់ក្រុងស្ទឹងត្រែងដើម្បីចែកចាយតាមសិប្បកម្មកែច្នៃឈើ តែខណៈមកដល់ចំណុចកើតហេតុក៏ត្រូវក្រុមមេព្រៃឃាត់ ពួកគេសុំសម្រុះសម្រួលតែមេព្រៃមិនព្រម ថាត្រូវតែចាប់ ។ ដោយការអង្វរកមិនត្រូវគ្នា ទើបពួកខ្លួនទម្លាក់ឈើចុះពីម៉ូតូចាក់សាំងដុតចោលតែម្តង ។
លោក អឿ គឹមហេង មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែងបានប្រាប់«កោះសន្តិភាព»ដែរថា ដោយមានការទប់ស្កាត់បទល្មើសព្រៃឈើ លោកក៏បានឃាត់ក្រុមម៉ូតូដឹកឈើទាំងនោះដើម្បីធ្វើកិច្ចសន្យាបញ្ឈប់ការដឹកជញ្ជូនឈើប្រណីតតទៅទៀត ហើយនឹងដោះលែងម៉ូតូឲ្យត្រឡប់ទៅវិញ តែពួកគាត់មិនព្រមឲ្យធ្វើការរឹបអូសទេ ថែមទាំងចាក់សាំងដុតបំផ្លាញវត្ថុតាងទៀត តែវត្ថុតាងទាំងនោះបានត្រឹមតែឆេះមួយចំហួលសាំងក៏រលត់ទៅវិញទៅ ទើបត្រូវដឹកជញ្ជូនមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើតែម្តង ។
លោក អឿ គឹមហេង បន្តថា ក្រោយការដឹកជញ្ជូនមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ ជំនាញធ្វើការវាស់វែងមានចំនួន០,៦១៣ម៉ែត្រគូប ជាប្រភេទឈើបេង ។ លោកបញ្ជាក់ថា បច្ចុប្បន្នបើទោះបីជាពួកគេមានចេតនាដុតបំផ្លាញវត្ថុតាងក៏ដោយ ក៏មន្ត្រីជំនាញនឹងធ្វើកំណត់ហេតុទៅតាមនីតិវិធីដែរ ៕
ចែករំលែកព័តមាននេះ