រាជធានីភ្នំពេញ ៖ ទោះបីជាការបង្ហោះអាត់សម្លេងជាច្រើនវគ្គថា លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិបានលួចទាក់ទងជាមួយស្រីក្មេងយ៉ាងណាក្តី ក៏គណបក្សសង្គ្រោះជាតិបានប្រកាសថា មិនអើពើនឹងរឿងនោះឡើយ ។
ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំគណបក្សទាំង២៥រាជធានី-ខេត្តនៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ នាព្រឹកថ្ងៃ ទី០៣ ខែមីនា ឆ្នាំ២០១៦ លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិបានបញ្ជាក់ថា «ដូចដែលខ្ញុំធ្លាប់បានជម្រាបជូនថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិយើងជាច្រើនដងមកហើយ។ យើងបានឆ្លងកាត់នូវឧបសគ្គជាច្រើន ហើយយើងក៏ដឹងហើយថា ដរាបណាយើងនៅតែរក្សាគោលជំហររឹងមាំរបស់យើង តាមឆន្ទៈរបស់ប្រជាពលរដ្ឋ គឺយើងនៅតែជួបឧបសគ្គជាច្រើនតទៅមុខទៀត» ។
ប្រធានស្តីទីគណបក្សប្រឆាំងរូបនេះលើកឡើងទៀតថា យើងមានកិច្ចការច្រើនណាស់ដែលត្រូវធ្វើ ! យើងកំពុងដើរតាមផ្លូវត្រូវហើយ យើងកំពុងតែរួបរួមគ្នាយ៉ាងរឹងមាំហើយ នេះហើយជាចំណុចខ្លាំងរបស់យើង ! ដូច្នេះ អ្វីដែលយើងត្រូវធ្វើតទៅមុខទៀតនោះ គឺយើងត្រូវតែធ្វើទៅតាមគោលដៅ តាមផែនការយុទ្ធសាស្ដ្ររបស់យើងតែប៉ុណ្ណោះ ។ យើងមិនត្រូវធ្វើតាមអារម្មណ៍ ឬធ្វើអ្វីតាមតែគេចាក់ឲ្យយើងលោតនោះទេ ត្រូវរក្សានូវការអត់ធ្មត់តទៅទៀត ដូចដែលខ្ញុំបានជម្រាបហើយថា «យើងកុំឈ្លោះ កុំឆ្លើយ និងកុំឆ្លង» ។
ចំណែក លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិមិនដែលអើពើនឹងការបង្ហោះខ្សែអាត់សម្លេងដែលគេអះអាងថាជាសម្លេងរបស់លោក កឹម សុខា ជាមួយស្រីក្មេងនោះទេ ។ លោកបញ្ជាក់ថា «ខ្ញុំមិនដឹងដែរ អ្វីដែលសំខាន់នោះទាល់តែសួរទៅអ្នកដែលរៀបចំរឿងនេះ ។ សម្លេងនឹងជារឿងដដែល យើងមិនដឹងយ៉ាងម៉េច ជាយុទ្ធសាស្ត្រនយោបាយ បើធម្មតាគណបក្សសង្គ្រោះជាតិខ្លាំង អ៊ីចឹងបើខ្លាំងយើងមិនដែលទុកក្នុងចិត្ត និងឆ្លើយឆ្លង និងតបតនោះទេ» ។
លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ក៏បានអះអាងថា ឯកសារដែលលើកឡើង ឬសម្លេងនោះគ្មានមូលដ្ឋានច្បាស់លាស់នោះទេ គណបក្សមិនដែលគិតនោះទេ ។ ជាមួយគ្នានោះដែរលោកថា គណបក្សគ្មានគម្រោងចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងអាត់សម្លេងដែលគេអះអាងថាជាសម្លេងលោក កឹម សុខា នោះទេ ។ លោកបញ្ជាក់ថា «សម្លេងនោះគ្មានមូលដ្ឋានច្បាប់លាស់នោះទេ ដូច្នេះរឿងពិត ឬមិនពិតក្តី យើងមិនដែលគិតរឿងនឹងទេ ជាងនេះគឺមិនសិក្សាអ្វីដែលគ្មានមូលដ្ឋានគតិច្បាប់នោះទេ» ។
ទោះបីជាគ្មានការអើពើយ៉ាងណាក្តី ម្ចាស់ Account Facebook ឈ្មោះ «រឿងពិត CNRP» នៅតែបន្តបង្ហោះអាត់សម្លេងដែលអះអាងថាជាសម្លេងរបស់លោក កឹម សុខា ទាក់ទងស្នេហាជាស្រីក្មេងរហូតដល់វគ្គទី៨ហើយ ៕
ចែករំលែកព័តមាននេះ