ខេត្តត្បូងឃ្មុំ ៖ លោកជា លីហ៊ាង អាយុ៤៣ឆ្នាំ ជាចាងហ្វាង «កាសែតរស្មីកូនខ្មែរ» មានទីលំនៅភូមិមេមត់កណ្តាល ឃុំមេមត់ ស្រុកមេមត់ បានរងការជេប្រមាថនូវពាក្យអសុរោះពីបុរសម្នាក់ដោយផ្ទួនៗ២លើក ដោយទ្រាំមិនបាននោះ ក៏ដាក់ពាក្យបណ្តឹង ទៅស្ថាប័នសាលាដំបូងខេត្ត ដើម្បីឱ្យជួយអន្តរាគមន៍ផ្នែកច្បាប់ផងដែរ ។
យោងតាមពាក្យបណ្តឹងមួយច្បាប់ចុះថ្ងៃទី២៩ ធ្នូ ២០១៦ ទៅលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានបញ្ជាក់ពីខ្លឹមសារថា សុំប្តឹងពីឈ្មោះលន់ សុភ័ក្ត្រ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ រស់នៅភូមិរោងចក្រស្ករ ឃុំត្រមូង ស្រុកមេមត់ មានមុខរបរនៅក្នុងអង្គភាពរដ្ឋមួយក្នុងស្រុកពញាក្រែក ដោយបានប្តឹងពីបទគំរាមកំហែង និងជេរប្រមាថ និងបំបិទសិទ្ធិអ្នកសារព័ត៌មាន ។
ដំណើររឿង កាលពីថ្ងៃទី១៥ ធ្នូ ២០១៥ នៅពេលដែលរូបលោកបានចុះយកព័ត៌មាន ត្រង់ចំណុចតំបន់សេដ្ឋកិច្ចពិសេស ថារីកំពង់ចាម ច្រកទ្វារព្រំដែនទ្វេរភាគីដា (ដូង៧ដើម ) ដោយបានថតពីសកម្មភាពរថយន្តដឹកឈើធំៗបើកឆ្លងកាត់ចូលទៅប្រទេសវៀតណាម មានជាច្រើនគ្រឿងរាល់ថ្ងៃ ។
រហូតដល់ថ្ងៃទី២២ ធ្នូ ២០១៥ វេលាម៉ោងប្រហែល០៣ និង៣៦នាទីរសៀល ក្នុងពេលដែលរូបលោកកំពុងតែអង្គុយហូបកាហ្វេនៅ
ហាងលក់កាហ្វេមួយកន្លែង ក្នុងស្រុកមេមត់ ស្រាប់តែឈ្មោះលន់ សុភ័ក្ត្រ បានទូរស័ព្ទចូលមកទូរស័ព្ទរបស់លោក ដោយបាននិយាយថា «អ្ហែង! ពូកែថតយករូបភាពដឹកឈើ បានជេរប្រមាថមកលើរូបលោក អាថោកទាប! ថែមទាំងគំរាមវាយរថយន្ត របស់លោកបន្ថែមទៀត ។ ដោយស្នើសុំឱ្យសមត្ថកិច្ចជួយស្រាវជ្រាវ និងរកយុត្តិធម៌ជូនរូបលោក ព្រមទាំងប្តឹងទាមទារសំណង
ជំងឺចិត្តចំនួន១០លានរៀលផងដែរ ។
លោកជា លីហ៊ាង បញ្ជាក់ថា ក្នុងពេលដែលថតយករូបភាពរថយន្តដឹកឈើទាំងនោះ ត្រូវបានយកមកផ្សព្វផ្សាយតាមបណ្តាញសង្គម Facebook និងអង្គភាពទូរទស្សន៍ ។ រហូតមកដល់ព្រឹកថ្ងៃទី២ មីនា ២០១៦ ស្ថាប័នសាលាដំបូងខេត្ត បានកោះហៅរូបលោកមកផ្សះផ្សាដោយមានទាំងភាគីឈ្មោះសុភ័ក្ត្រ ជាអ្នកមើលការខុសត្រូវឲ្យឧកញ៉ាម្នាក់ ។ ក្រោយពីបានទទួលកំហុសរបស់ខ្លួននិងមានការសម្របសម្រួលពីមន្ត្រីសលាដំបូងខេត្តនោះ ភាគីចុងចោទបានយល់ព្រមបង់លុយឱ្យមករូបលោកចំនួន២លានរៀល ដើម្បីបញ្ចប់ការប្តឹងប្តល់នោះ ។
ចែករំលែកព័តមាននេះ