បវរកញ្ញាកូឡុំប៊ីនាង Ariadna Gutierrez ដែលគ្រងមកុដច្រឡំក្នុងព្រឹតិ្តការណ៍បវរកញ្ញាចក្កវាឡ២០១៥ នឹងចូលរួមសម្តែងដំបូងក្នុងខ្សែភាគយន្តហូលីវូដជាមួយ Vin Diesel និងកុំកុំក្នុងរឿង xxx: The Return of Xander Cage ។
យោងតាមគេហទំព័រ TMZ ឱ្យដឹងថា នាងនឹងធ្វើដំណើរទៅកាន់សាធារណរដ្ឋដូមីនីក ដើម្បីថតរឿងនោះ ហើយវាជារឿងដំបូងគេរបស់នាងក្រោយពីពិភពលោកភ្ញាក់ផ្អើលរឿងគេបំពាក់មកុដបវរកញ្ញាចក្កវាឡច្រឡំ ។
បវរកញ្ញាតំណាងប្រទេសកូឡុំប៊ីវ័យ ២២ ឆ្នាំនាង Ariadna Gutierrez នឹងសម្តែងជាតួមិត្តស្រីរបស់លោក Vin Diesel ។ ប្រភពព័ត៌មានមិនបានបញ្ជាក់ពីតម្លៃខ្លួនរបស់នាងទេ ខណៈនាងធ្លាប់មានព័ត៌មានលេចឡើងថា មានឧស្សាហកម្មសិចអាមេរិកទាក់ទងឱ្យនាងថតក្នុងតម្លៃខ្លួន ១លានដុល្លារ តែនាងមិនបានទទួលសំណើនេះទេ ។
រឿង xxx: The Return of Xander Cage នឹងត្រូវចេញបញ្ចាំងនៅឆ្នាំ ២០១៧ ដោយរួមមានតួអង្គល្បីដូចជា លោក Vin Diesel, កុំកុំ (Donnie Yen), និងតារាស្រីឥណ្ឌានាង Deeika Padukone ជាដើម ៕
ចែករំលែកព័តមាននេះ