រាជធានីភ្នំពេញ ៖ លោកអ៊ាម វន្នី ត្រូវគេទាក់ទងឱ្យទៅសម្តែងនៅសហរដ្ឋអាមេរិកនាពាក់កណ្តាលខែមីនា ២០១៦ នេះ គឺជាដំណើរចេញទៅបរទេសជាលើកដំបូងក្នុងអាជីព ។
បទ «ខ្ញុំជាអ្នកបាត់ដំបង» និងបទ «ស្អប់ស្នេហ៍ដំបូង» នឹងត្រូវលោកអ៊ាម វន្នី លើកយកទៅច្រៀងនៅសហរដ្ឋអាមេរិក ។ ក្រៅពីបទចម្រៀងទាំងនោះ លោកអ៊ាម វន្នី នឹងច្រៀងបទចម្រៀង ថ្មីៗផ្ទាល់ខ្លួនមួយចំនួនទៀត ព្រមទាំងបទមរតកដើមរបស់លោកស៊ីន ស៊ីសាមុត ផងដែរ ។ លោកអ៊ាម វន្នី កំពុងនិពន្ធបទចម្រៀងស្តីពីក្តីនឹករលឹករបស់ជនជាតិខ្មែរចំពោះទឹកដីកំណើតរបស់ខ្លួន ។
លោកអ៊ាម វន្នី នឹងចេញដំណើរពីកម្ពុជានៅថ្ងៃទី១៥ មីនា ឆ្នាំ២០១៦ រួមដំណើរជាមួយលោកយឹង យន កញ្ញារស់ ម៉ូនីកា និងវិចិត្រករម្នាក់ទៀត ។
គោលបំណងសំខាន់គឺចូលរួមសម្ពោធសារមន្ទីរមួយឈ្មោះថា «សារមន្ទីរសិល្បៈមរតកខ្មែរ» និងមានកម្មវិធីប្រគំតន្ត្រីដើម្បីស្វែងរកប្រាក់ជួយដល់កុមារកំព្រា សិស្សក្រីក្រនៅកម្ពុជាដែលជាការរៀបចំឡើងរបស់អង្គការអាយឃែរ ។
តារាចម្រៀងវ័យ២៩ឆ្នាំអ៊ាម វន្នី បញ្ជាក់ថា មានរដ្ឋ ធំៗមួយចំនួនដែលមានប្រជាជនខ្មែររស់នៅ លោកនឹងទៅចូលរួមសម្តែង ។ តាមគម្រោងលោកវន្នី នឹងទៅរយៈពេល៦សប្តាហ៍ ប៉ុន្តែដោយមានការគាំទ្រច្រើន អ្នករៀបចំកម្មវិធីស្នើឲ្យលោកបន្តច្រៀងឲ្យយូរជាងនេះ ហើយលោកកំពុងតែពិចារណាថានឹងបន្តឬយ៉ាងណា ខណៈដែលលោកមានការងារច្រើនត្រូវបំពេញបន្តនៅកម្ពុជា ។ «ខ្ញុំសប្បាយចិត្តគឺបានជួបអ្នកគាំទ្រជាច្រើនដែលមិនធ្លាប់បានជួបមុខគ្នា ។ ពួកគាត់តែងផ្តល់ដំបូន្មាន ការណែនាំជាច្រើនកន្លងមកចាប់តាំងពីខ្ញុំនៅជាបេក្ខជនCambodian Idol ម្ល៉េះ ។ មានអ្នកខ្លះជួយជាប្រាក់សម្រាប់ជួយដល់ខ្ញុំក្នុងពេលប្រឡង» ។
លោកអ៊ាម វន្នី មិនបានបញ្ជាក់ពីតម្លៃខ្លួននៃការចេញទៅច្រៀងនៅសហរដ្ឋអាមេរិកនោះទេ ប៉ុន្តែលោកលើកឡើងថា ពិតជាមានតម្លៃមួយប្រសើរជាងការច្រៀងក្នុងស្រុក ជាតម្លៃមួយស្ថិតក្រោមការពេញចិត្តទាំងសងខាង ។
ក្រៅពីគម្រោងចេញច្រៀងនៅសហរដ្ឋអាមេរិកនេះ លោកអ៊ាម វន្នី មានបំណងចេញទៅជួបអ្នកគាំទ្រនៅបណ្តាប្រទេសមួយចំនួនទៀត ។ ក្នុងនាមជាអ្នកចម្រៀង និងជាអ្នកនិពន្ធបទចម្រៀងម្នាក់ លោកវន្នី ចង់បង្ហាញអ្វីដែលថ្មីប្លែកពិសេសដល់អ្នកទស្សនា និងអ្នកស្តាប់ ។ លោកអ៊ាម វន្នី ចង់ធ្វើជាអ្នកចម្រៀងបង្ហាញស្នាដៃថ្មីរបស់ខ្លួនឯង ។ ចេញទៅច្រៀងនៅបរទេស គឺលោកអ៊ាម វន្នី ចង់ជួបអ្នកគាំទ្រ ស្វែងរកបទពិសោធន៍ថ្មីៗ ល្អៗមកអភិវឌ្ឍខ្លួនឯងបន្តទៀត ហើយលោករំពឹងថា នឹងទទួលបានការគាំទ្រពីជនរួមជាតិខ្មែររស់នៅក្រៅប្រទេស ៕
ចែករំលែកព័តមាននេះ