រាជធានីភ្នំពេញ ៖ យុវជនញៀនថ្នាំម្នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ច្រាំងចំរេះទី១ចាប់ខ្លួន បន្ទាប់ពីមានឥទ្ធិពលជាតិថ្នាំញៀនរើឡើងដើររករឿងអុកឡុកក្នុងផ្ទះ និងទាញកាំបិតប៉័ងតោដេញកាប់ម្តាយ និងបងប្រុស ព្រោះខឹងសុំប្រាក់១ម៉ឺនរៀល យកទៅទិញថ្នាំញៀនមិនបាន ។
ហេតុការណ៍នេះ បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៥ និង១៥នាទីព្រឹកថ្ងៃទី២ មីនា ២០១៦ ស្ថិតនៅចំណុចផ្ទះលេខ១០២៣ ក្រុមទី៦ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ ។
ជនសង្ស័យឈ្មោះស្រេន អារីហ្វីន អាយុ២៣ឆ្នាំ ជនជាតិអ៊ិស្លាម ស្នាក់នៅផ្ទះកើតហេតុខាងលើ ។ ចំណែកស្ត្រីជាម្តាយឈ្មោះឡិប ហ្វាក់ អាយុ៦៥ឆ្នាំ ជាស្ត្រីមេម៉ាយ ជាដើរលាងចានតាមហាងគុយទាវ ។
តាមនគរបាលប៉ុស្តិ៍ឱ្យដឹងថា យុវជនរូបនោះ ជាមនុស្សញៀនថ្នាំជាយូមកហើយ កាលពីថ្ងៃទី១ ជនសង្ស័យបានចេញពីផ្ទះបាត់មួយយប់ ដោយម្តាយសង្ស័យថា ទៅជួបមិត្តភក្តិដែលប្រើប្រាស់ថ្នាំញៀន ។ លុះនៅព្រឹកថ្ងៃទី២ មីនា វេលាម៉ោង៥ និង១៥នាទីព្រឹកព្រលឹម ក៏ត្រឡប់មកផ្ទះវិញ និងបានសុំប្រាក់ពីម្តាយចំនួន១ម៉ឺនរៀល តែត្រូវម្តាយមិនព្រម ថែមទាំងស្តីបន្ទោសថា គិតតែពីដើរលេង ។
ពេលនោះ ជនសង្ស័យក៏បានអុកឡុកក្នុងផ្ទះស្រែកឡូឡា ហើយបានទាញកាំបិតប៉័ងតោលដេញកាប់បងប្រុសរបស់ខ្លួនឈ្មោះស្រេន សឹកគ្រីយ៉ា និងម្តាយបង្កឱ្យរភ្ញាក់ផ្អើលទាំងព្រឹកតែម្តង ។ ភ្លាមៗ ត្រូវបានអ្នកជិតខាងបានទៅឃាត់ ត្រូវជននោះគំរាមរកកាប់ទៀត ហើយត្រូវបានម្តាយ និងអ្នកជិតខាងប្តឹងនគរបាលប៉ុស្តិ៍ឱ្យឃាត់ខ្លួនតែម្តង។
ចែករំលែកព័តមាននេះ