រាជធានីភ្នំពេញ ៖ សង្សារមួយគូកំពុងជិះម៉ូតូ ក៏ត្រូវជនសង្ស័យមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿង ប្រដាប់ដោយកាំភ្លើងខ្លីភ្ជង់ និងវាយនារីជាសង្សារបណ្តាលរបួស រួចប្លន់យកម៉ូតូស្គូពីពាក់ស្លាកលេខភ្នំពេញ 1CU-0010 ពណ៌ក្រហម ស៊េរីឆ្នាំ២០១៥មួយគ្រឿងទៅបាត់ ដែលហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១២ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២ មីនា ២០១៦ ស្ថិតនៅចំណុចខាងលិចស្តុបណានជីងជាង១០០ម៉ែត្រ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា ។
ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានប្រាប់ថា នៅវេលាខាងលើ គេបានឮសំឡេងស្រែកឱ្យជួយផង «មានចោរប្លន់» ពេលនោះប្រជាពលរដ្ឋបានបើកទ្វារចេញមកខាងក្រៅ ក៏ឃើញមនុស្សមួយក្រុមជិះម៉ូតូ២គ្រឿង មានម៉ាកឌ្រីម និងម៉ាក Zoomer X កំពុងតែវាយគូសង្សារមួយគូ ។ ភ្លាមនោះ គេឃើញក្រុមនោះយកកាំភ្លើងខ្លីវាយទៅលើនារីដែលជាសង្សារបណ្តាលឲ្យរងរបួសផងដែរ បន្ទាប់ពីវាយនារីជាសង្សារហើយ ក្រុមជនសង្ស័យទាំងអស់នោះបានយកម៉ូតូរបស់ជនរងគ្រោះជិះចេញទៅបាត់ដោយសុវត្ថិភាព ។
បន្ទាប់ពីនិយាយរួច ជនរងគ្រោះបានហៅម៉ូតូឌុបដឹកសង្សារដែលរងរបួសទៅមន្ទីរពេទ្យ ។ លុះជនរងគ្រោះទៅពេទ្យ ឃើញកម្លាំងសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ ដើម្បីសួរនាំអ្នកដែលឃើញហេតុការណ៍នេះ។
ចែករំលែកព័តមាននេះ